អាជ្ញាធរខេត្តស្ទឹងត្រែងកំពុងជម្លៀសពលរដ្ឋបណ្តើរៗទៅកាន់ទីទួល សុវត្ថិ ភាព ចាកចេញពីតំបន់រងគ្រោះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ មកដល់ម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្ត​កើនឡើងដល់កម្ពស់១១,៩០ម៉ែត្រ ដែលកម្រិតត្រូវប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់១១,៥០ម៉ែត្រ ។ នេះបើតាមការ​បញ្ជាក់ឲ្យដឹងពីគេហទំព័ររបស់ក្រសួងធនធានទឹក និង ឧតុនិយម ។

ដោយឡែក រដ្ឋបាលខេត្តស្ទឹងត្រែងបានសេចក្តីជូនដំណឹងបញ្ជាក់ថា «គិតត្រឹមម៉ោង១០និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ កក្កដានេះ ទឹកទន្លេសេកុងបន្តហក់ឡើងកម្ពស់១២.០០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន» ។

ក្នុងស្ថានភាពប្រកាសអាសន្នបែបនេះឃើញថា សកម្មភាពកងទ័ព កំពុងជម្លៀសប្រជាពលរដ្ឋ ចេញពីលំនៅ​ឋានទៅកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីទឹកជំនន់ ដោយ​សារការបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ។

លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងកំពុងដឹកនាំក្រុមការងារប្រចាំការនៅមូលដ្ឋានផ្ទាល់ក្នុងស្រុកសៀមប៉ាង ដើម្បីតាមដានសភាពការណ៍ទឹកជំនន់ដែលកំពុងកើនឡើងជាលំដាប់ និងចុះជួយសង្គ្រោះ ជម្លៀស និងដឹកជញ្ជូនសម្ភាររបស់ប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពចេញពីតំបន់រងគ្រោះដោយសារទឹកជំនន់ ព្រមទាំងសាងសង់រោងប្រក់តង់ជូនពួកគាត់ស្នាក់នៅជាបណ្តោះអាសន្ន ។

រដ្ឋបាលខេត្តស្ទឹងត្រែងបញ្ជាក់ថា «គិតត្រឹមម៉ោង១០និង៣០នាទីព្រឹកនេះ ទឹកទន្លេសេកុងបានបន្តហក់ឡើងកម្ពស់ ១២.០០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន (កម្រិតប្រកាសអាសន្ន១១.៥០ម៉ែត្រ) ។ នេះគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ៕​ មាស​សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print