ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះបានចេញ សេចក្តីជូនដំណឹង ស្តីពីការហក់ឡើងខ្លាំង នៃទឹកជំនន់ទន្លេមេគង្គលើ ដោយបានបញ្ជាក់ថា ៖ ដោយសារ មានភ្លៀងធ្លាក់បន្តបន្ទាប់ ក្នុងកម្រិតពីធម្យមទៅច្រើន នៅក្នុងតំបន់អាងទន្លេមេគង្គក្នុងផប្រទេសថៃ និង ឡាវ បាន បង្កឲ្យទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជាបន្កកើនឡើង ២-៣ថ្ងៃបន្ថែមទៀត ។
សេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថា ៖ យោងតាមការព្យាករ កម្ពស់ទឹកទន្លេមេគង្គលើកម្ពុជាអាចនឹងកើន ឡើងដល់ ៖
-នៅថ្ងៃទី៣ សីហា ឆ្នាំ២០១៨ ទន្លេមេគង្គខេត្តស្ទឹងត្រែង ទឹកអាចកើនឡើងដល់កម្ពស់ ១១,៤០ម៉ែត្រ ដែលកម្ពស់ ត្រូវប្រកាសអាសន្នមានកម្រិត ១០,៧០ម៉ែត្រ ។
-នៅថ្ងៃទី៤ សីហា ឆ្នាំ២០១៨ ទន្លេមេគង្គខេត្តក្រចេះ ទឹកអាចកើនឡើងដល់កម្ពស់២២,១៥ម៉ែត្រ ដែល កម្ពស់ ត្រូវប្រកាសអាសន្នមានកម្រិត២២,០០ម៉ែត្រ ។
-ថ្ងៃទី៥ សីហា ឆ្នាំ២០១៨ ទន្លេមេគង្គខេត្តកំពង់ចាម ទឹកអាចកើនឡើងដល់កម្ពស់ ១៥,២៥ម៉ែត្រ ដែល កម្ពស់ ត្រូវប្រកាសអាសន្នមានកម្រិត ១៥,២០ម៉ែត្រ ។
ក្នុងស្ថានភាពបែបនេះ មន្ត្រីក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនសូមជ្រាប និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងបញ្ហាគ្រោះថ្នាក់ជាយថាហេតុ ៕ សុខខេមរា