ភ្នំពេញ៖រថយន្តកូរូឡាមួយគ្រឿងបើកឆ្លងផ្លូវរថយន្តតាក់ស៊ីម៉ាក់ស៊ាំយ៉ុងបើកលឿនជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្តាលអោយជ្រុលទៅមុខឡើងសួនច្បារពុះចែកទ្រូងផ្លូវទៅលែងរួច សំណាងល្អអ្នកជិះក្នុងរថយន្តទាំង២គ្រឿងមិនមានរងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងជាង១រសៀលថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះស្ពានលេខ២និងលេខ៣ នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកសាំងយ៉ុងពណ៌លឿងអត់ស្លាកលេខរងការខូចខាតបែកកាងស្តុបខាងម្ខាងផ្នែកខាងឆ្វេង ចំណែករថយន្តរងគ្រោះម៉ាកតូយ៉ូតាកូរូឡាពណ៌ឈាមជ្រូកពាក់ស្លាលេខភ្នំពេញ2W-9921រងការខូចខាតកំពិតក្រោយផ្នែកខាងឆ្វេង រីឯអ្នកបើកបររថយន្តទាំង២គ្រឿងមិនត្រូវបានអត្តសញ្ញាណ្ណនោះឡើយ។
តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉ូឡាធ្វើដំណើតចេញពីផ្លូវបេតុងក្នុងភូមិឆ្លងផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិច ខណៈឆ្លងផ្លូវជិតផុតស្រាប់តែមានរថយន្តតាក់ស៊ីមួយគ្រឿងបើកតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនមកបុកពីក្រោយផ្នែកខាងឆ្វេងបណ្តាលឲ្យរថយន្តកូរ៉ូឡាជ្រុលទៅមុខឡើងសួនច្បារពុះចែកទ្រូងផ្លូវទៅលែងរួច។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សារទុកនៅអធិរដ្ឋាននគរបាលខណ្ឌជ្រោយចង្វារងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ