ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលក្រុងបាវិតស្រាវជ្រាវ និងឃាត់ខ្លួនមកសាកសួរបន្ទាប់ពីបង្ហោះfacebook បំភ្លៃឯកសារសាធារណៈ សំបុត្របញ្ជាក់កំណើតខេត្តស្វាយរៀង ប្រទេសវៀតណាម នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
សមត្ថកិច្ចនគបាលក្រុងបាវិតបានអោយដឹងថា ជនសង្ស័យទាំង២នាក់ នោះមាន ឈ្មោះ សុខ សំអ៊ាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាអ្នកបង្ហោះដាក់facebook និងម្នាក់ទៀត ឈ្មោះ នង សារិទ្ធ ដែលសមាជិកក្រុមប្រឹក្សាក្រុងបាវិត ជាអ្នកសរសេរ បន្ទាប់ពីស្រាវជ្រាវរកឃើញថា ជនសង្ស័យទាំង២នេះ បានបំភ្លៃឯកសារសាធារណៈ សំបុត្របញ្ជាក់កំណើត ដោយដាក់ថា ខេត្តស្វាយរៀង ស្ថិតក្នុងប្រទេសវៀតណាម ហើយបង្ហោះក្នុង Facebook នាំឲ្យបំពុលបរិយាកាស ។
សូមបញ្ជាក់ដែរថា នៅរសៀលថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៥ ឈ្មោះសុខ សំអ៊ាន បង្ហោះសំបុត្របញ្ជាក់កំណើតតាមទំពរ័ហ្វេស្សប៊ុកធ្វើឲ្យមហាជនប្រតិកម្មយ៉ាងខ្លាំងចំពោះសំបុត្របញ្ជាក់កំណើតរបស់ឈ្មោះញ៉ែម ឈឿន ដោយសរសេរថា កើតនៅថ្ងៃទី១៧ មេសា ១៩៥៨ នៅភូមិតាពៅ ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្រទេសវៀតណាម ធ្វើនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៤ ចុះហត្ថលេខាដោយលោកសាញ់ សាខុន មេឃុំបាវិត បច្ចុប្បន្នចៅសង្កាត់បាវិត គឺមានអ្នកក្លែងឯកសារ ។
ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចនគបាលក្រុងបាវិតកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់ ៕
ដោយ៖ យឹម សុថាន