ខេត្តកណ្តាល៖ នារីម្នាក់ត្រូវពលរដ្ឋប្រទះឃើញស្លាប់ក្នុងថ្លុកឈាម ដោយនៅលើខ្លួនប្រាណមានស្នាមកាំបិតកាប់ ចាក់រហូតដល់២៨កន្លែង ស្ថិតនៅលើផ្លូវលំដីចម្ការមួយកន្លែង ភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយពលរដ្ឋដែលប្រទះឃើញសាកសពនេះបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីចុះទៅពិនិត្យជាក់ស្តែង ។
របាយការណ៍របស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា នារីរងគ្រោះ ឈ្មោះផែន សុភាវី អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរ ជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាប៊ែលធីតាខ្មៅ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
របាយការណ៍បញ្ជាក់ថា ក្រោយធ្វើកោសល្យវិច័យលើសាកសព សមត្ថកិច្ចជំនាញបានរកឃើញស្នាមមុតកាំបិត២៨កន្លែង ។
ករណីនេះ សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណជនសង្ស័យនៅឡើយទេ ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញវត្ថុតាង កាបូបស្ពាយខ្នងចំនួន០១ ទូរសព្ទ័ដៃម៉ាកសាំសុងចំនួន០១ មួកសុវត្ថិភាពចំនួន០១បញ្ជីជាតិ និងឯកសារមួយចំនួន ។
នៅមុនពេលមានការភ្ញាក់ផ្អើលកើតឡើង គឺនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង៦និង៨នាទីព្រឹក ប្រជាពលរដ្ឋទៅចំការ ក៏ប្រទះឃើញសាកសព ហើយរាយការណ៍ឱ្យសមត្ថកិច្ច ក៏បានពិនិត្យសពមានស្នាមមុតជាច្រើនកន្លែង។ សមត្ថកិច្ចអះអាងថា ករណីឃាតកម្មនេះកើតឡើងអំឡុងម៉ោង២០ដល់ម៉ោង២៣ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ