ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ វីដេងូឃ្លីបមួយមានចំនួន១នាទីនិង៨វិនាទី ត្រូវបានគេបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម រួមទាំងគ្រុបវ៉សអាប់របស់សមត្ថកិច្ច អ្នកសារព័ត៌មាន មន្ត្រីរាជការបានបង្ហាញពីសកម្មភាពដ៏កាចសាហាវឃោរឃៅមួយដែលគេសង្ស័យបង្កឡើងដោយឧកញ៉ា សុខ ប៊ុន បានវាយយ៉ាងចាស់ដៃមកលើកញ្ញាសាសា អតីតពិធីការិនីស្ថានីយទូរទស្សន៍ស៊ីធីអិន ដោយវាយចាប់សក់អូស និងមានអង្គរក្សម្នាក់ទៀតបានកាន់កាំភ្លើងជាប់នឹងដៃ ដើម្បីគំរាមជនរងគ្រោះ អ្នកជួយអន្តរាគមន៍ ទើបធ្វើឲ្យសកម្មភាពរបស់ឧកញ៉ា សុខ ប៊ុនមានឱកាសធ្វើបាបទៅលើកញ្ញារូបនេះ វាយអូសពីកន្លែងសាឡុងអង្គុយរួមគ្នា ចេញមកពីទីតាំងនោះបន្ថែមទៀត បណ្តាលឲ្យរបូតសម្លៀកបំពាក់ នៅសល់តែខោខ្លីមួយ ។
នៅក្នុងវីដេអូឃ្លីបនេះផងដែរ គេក៏បានឃើញបុរសម្នាក់អាចជាបុគ្គលិករបស់ក្លឹបនៅទីនោះ ពិតជាបានជួយអន្តរាគមន៍ដើម្បីឲ្យកញ្ញាសាសា គេចផុតពីកណ្តាប់ដៃជនបង្ក ទើបក្រោយមក សកម្មភាពរបស់ឧកញ៉ា សុខ ប៊ុន រួមទាំងអង្គរក្សបានគេចចាកចេញពីទីតាំងប្រើអំពើហិង្សា បន្សល់ទុកតែ កញ្ញា សាសា ឈរទាំងពុំដឹងខ្លួន នៅសល់តែខោខ្លី ទើបបុរសម្នាក់ សង្ស័យថា ជាបុគ្គលិកនៅទីនោះ បានយកសម្លៀកបំពាក់ជូននាង ។
បើទោះជាវីដេអូឃ្លីបនេះ ត្រូវបានគេបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម រួមទាំងគ្រុបវ៉សអាប់ជាច្រើន ចាត់ទុកថា ជាសកម្មភាពរបស់ឧកញ៉ា សុខ ប៊ុននិងអង្គរក្សវាយមកលើកញ្ញា សាសា ក៏ដោយ ប៉ុន្តែនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ នគរវត្តមិនអាចទាក់ទងបានទេពីឧកញ៉ា សុខ ប៊ុន ដោយទូរស័ព្ទត្រូវបានបិទ។ ដោយឡែក កញ្ញា សាសា អតីតពិធីការិនីស្ថានីយទូរទស្សន៍ស៊ីធីអិន ក៏មិនបានធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះតាមទូរស័ព្ទ កញ្ញាគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា បច្ចុប្បន្ន កំពុងជាប់រវល់ជាមួយសមត្ថកិច្ច ។
ហេតុការណ៍ខាងលើនេះ ត្រូវបានគេដឹងថា កើតឡើងកាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ ប៉ុន្តែរឿងនេះត្រូវបានបែកធ្លាយនៅព្រឹកថ្ងៃទី៨ ខែកក្កដា តាមរយវីដេអូឃ្លីបកាមរ៉ាសុវត្ថិភាព ។ គួររំលឹកថា ឧកញ៉ា សុខ ប៊ុន គឺជាប្រធានក្រុមហ៊ុន TEHO Development និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា គឺជាអ្នកមានទ្រព្យសម្បតិ្តដ៏ស្តុកស្តម្ភ និងជាអ្នកជំនួញមួយរូបដែលបានបណ្តាក់ទុនលើទឹកប្រាក់៥០០លានដុល្លារលើគម្រោងសាងសង់នៅជ្រោយចង្វា ។
គ្មានប្រភពជាក់លាក់ណាមួយបញ្ជាក់ថា ករណីនេះជាសកម្មភាពឧកញ៉ា សុខ ប៊ុន វាយដោយអំពើហិង្សាទៅលើកញ្ញា សាសា នោះទេ ខណៈជនរងគ្រោះមិនទាន់បង្ហាញពីរឿងនេះ ឬក៏ដាក់ពាក្យបណ្តឹងណាមួយនោះ ដូច្នេះអាចជាចំណាប់អារម្មណ៍មួយរបស់ទស្សនិកជនដើម្បីតាមដានក្នុងហេតុការណ៍នេះថា តើអ្នកមានទ្រព្យសម្បតិ្តស្តុកស្តម្ភប្រកបដោយកិត្តិយសថ្លៃថ្នូរដាច់ចិត្តលើកដៃវាយទៅលើកញ្ញា សាសា ដែលជាស្ត្រីទន់ខ្សោយ អាចជាការផ្តើមចេញនូវកំហឹងណាមួយក្នុងមុខជំនួញ ឬក៏ពាក់ព័ន្ធបញ្ហាជីវិតឯកជន? ។
មានអ្នកធ្វើការផ្តន្ទាទោសយ៉ាងធ្ងន់ដោយមិនសំចៃមាត់ ថា អំពើនេះមិនថ្លៃថ្នូរ មិនមែនជាបុរសរឹងប៉ឹង និងមិនគួរកើតមាន ខណៈប្រទេសកំពុងគ្រប់គ្រងដោយច្បាប់ ។ អ្នកបានមើលសកម្មភាពក្នុងវីដេអូឃ្លីបនេះ ពិតជាបង្ហាញនូវការអាណិតអាសូរទៅលើកញ្ញា សាសា ដែលរងកណ្តាប់ដៃបុរសមានទ្រព្យ និងព្រឺឆ្អឹងខ្នងផងដែរ ខណៈឃើញអង្គរក្សរបស់ឧកញ៉ា សុខ ប៊ុន មានកាន់កាំភ្លើងនៅក្នុងដៃ ហាក់ដូចមានចេតនាទុច្ចរិត និងរង់ចាំបញ្ជាពីចៅហ្វាយនាយថា ត្រូវបាញ់សម្លាប់ ឬមិនបាញ់ ក្នុងហេតុការណ៍ដែលចៅហ្វាយរបស់ខ្លួនកំពុងធ្វើសកម្មភាពវាយកញ្ញា សាសា និងចាប់សក់អូស វាយទាត់ធាក់រហូតដល់របូតសម្លៀកបំពាក់ ។ បញ្ហានេះ សមត្ថកិច្ច ពិតជានឹងស្វែងរកមុខជនដៃដល់ ដើម្បីឲ្យទទួលខុសត្រូវតាមផ្លូវច្បាប់ ចៀសវាងរងនូវមតិរិះគន់ថា អ្នកមានទ្រព្យ អ្នកមានអំណាច ធ្វើអ្វីក៏មិនខុសនោះ? ៕ សុខ ខេមរ៉ា