ខេត្ដពោធិ៍សាត់ៈ លោកតាអាយុ ៦១ឆ្នាំម្នាក់បានលួងលោមក្មេងស្រីអាយុ ១២ឆ្នាំ រំលោភចំនួន ៥ដងទើបបែកការ ត្រូវឪពុកម្ដាយរបស់ក្មេងស្រីដាក់ពាក្យបណ្ដឹងឱ្យសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបន្ដតាមនីតិវិធី ។
ហេតុការណ៍កម្លាំងនគរបាលធ្វើការឃាត់ខ្លួនលោកតាល្មោភកាមរំលោភក្មេងស្រីជាអនិតិជន ប្រព្រឹត្ដិឡើងកាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៥ ត្រង់ចំណុចលើផ្ទះ ក្មេងស្រីរងគ្រោះស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។
នគរបាលប៉ុស្ដិ៍រដ្ឋបាលអន្សាចំបក់បានប្រាប់តាមទូរស័ព្ទថា លោកតាល្មោភកាមត្រូវកម្លាំង ឃាត់ខ្លួនត្រូវបានគេស្គាល់ឈ្មោះ ចាន់ សារិន អាយុ ៦១ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ខ ស ឃ អាយុ ១២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុជាមួយគ្នា ។
នគរបាលប៉ុស្ដិ៍បន្ដថា តាមពាក្យបណ្ដឹងឪពុកម្ដាយក្មេងស្រីរងគ្រោះ គាត់បានរៀបរាប់ថា ពួកគាត់ប្រកបរបរពុះអុសនៅក្បែរផ្ទះលោកតាសង្ស័យខាងលើ ហើយនៅពេលថ្ងៃខ្លួនតែងតែបានប្រើកូនស្រីឱ្យទៅផ្ទះមុន ដែលមានចម្ងាយប្រហែល ៣៥០ម៉ែត្រ ពីកន្លែងប្រកបមុខរបរ ដើម្បីឱ្យកូនទៅដាក់បាយឱ្យឆ្កែ រួចមុជទឹកស្លៀកពាក់ទៅរៀនដូចសព្វដង លុះថ្ងៃមួយប្អូនស្រីរបស់គាត់មានការ សង្ស័យដោយឃើញតា ចាន់ សារិន ឧស្សាហ៍មកផ្ទះបងរបស់ខ្លួនស្របពេលក្មួយស្រីគាត់នៅផ្ទះ ក៏ចាប់ដៃក្មួយលួងលោមសួរទើបបែកធ្លាយរឿងឡើង ដោយក្មេងរងគ្រោះបានរៀបរាប់ថា តា រិន បានរំលោភខ្ញុំ ៥ដងហើយ ប៉ុន្ដែគាត់គំរាមមិនឱ្យប្រាប់ឪពុកម្ដាយ ប្រយ័ត្នតាសម្លាប់ចោល ក្មេងរងគ្រោះរៀបរាប់បន្ដទៀតថា មុនដំបូងតា រិន ជិះកង់មកហើយនិយាយលួងលោមថា ចៅឯងចង់បានលុយ ចង់បានសំពត់ខោអាវ ឬកាតាបប្រើប្រាស់អត់? ខ្លួនមិនបានឆ្លើយតបទេ ស្រាប់តែតា រិន ចាប់ដៃខ្លួនជាប់ រួចសង្កត់ពីលើយកដៃសម្រាតខោរំលោភតែម្ដង ។
នគរបាលប៉ុស្ដិ៍រដ្ឋបាលបន្ដទៀតថា នៅក្នុងពាក្យបណ្ដឹងសុំឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីនិងទាមទារសំណងជម្ងឺចិត្ដចំនួន ៥០០០ដុល្លារសហរដ្ឋអាមេរិក ករណីខាងលើនេះ សមត្ថកិច្ចនគរបាលកំពុងបំពេញនីតិវិធីបញ្ជូនខ្លួនលោកតាសង្ស័យមកស្នងការដ្ឋាននគរបាលខេត្ដពោធិ៍សាត់ ដើម្បីបន្ដតាមនីតិវិធី នៅថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ ២០១៥ នេះ ។
តាអាយុ ៦១ឆ្នាំ ចាប់ក្មេងស្រីអាយុ ១២ឆ្នាំរំលោភ ៥ដង ប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួនទារជម្ងឺចិត្ដ ៥០០០ដុល្លារ
...