ភ្នំពេញ៖ តារាចម្រៀងខាត់ សុឃីម និងខេម បានចេញមុខប្រកាសស្វែងរកក្រុមហ៊ុនលក់អង្ករ និងក្រុមហ៊ុនមីកញ្ចប់ឲ្យជួយលក់បញ្ចុះតម្លៃដើម្បីឲ្យពួកគេមានលទ្ធភាពទិញយកទៅចែកជូនដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះប្រមាណ១ពាន់គ្រួសារ។
ការប្រកាសស្នើសុំនេះបានធ្វើឡើងក្រោយពីសិល្បករ៦៦នាក់បានរួមគ្នារៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំមួយនៅថ្ងៃទី១១ខែសីហាខាងមុខនេះប្រយោជន៍ស្វែងរកថវិកាជួយទៅដល់ពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅខេត្តក្រចេះនឹងស្ទឹងត្រែង។
តារាពហុជំនាញខាត់ សុឃីម និយាយថាផ្តើមចេញពីទឹកចិត្តអាណិតស្រលាញ់ប្រជាជនខ្មែរ ពួកយើងសម្រេចចិត្តរៀបចំកម្មវិធីប្រគំតន្ត្រីមួយដែលចូលរួមដោយការស្ម័គ្រចិត្តសុទ្ធសាធដោយបន្ថែមពីលើកនូវការបរិច្ចាកប្រាក់កាក់ផ្ទាល់ខ្លួនពីលើការចូលរួមដោយមិនគិតកម្រៃ។ អ្នកនាងថាតាមគម្រោងនាង និងសិល្បករត្រូវការអង្ករប្រមាណ២តោន និងមីប្រមាណ១ពាន់កេសដើម្បីចែកជូនដល់ពលរដ្ឋក្រីក្រនៅខេត្តក្រចេះ និងស្ទឹងត្រែងដែលបាននឹងកំពុងរងផលប៉ះពាល់ដោយទឹកជំនន់។ នាងបញ្ជាក់ដែរថា អ្វីដែលចង់បានគឺចង់ឲ្យក្រុមហ៊ុនលក់អង្ករ ឬក្រុមហ៊ុនមីកញ្ចប់ណាមួយជួយលក់បញ្ចុះតម្លៃសម្រាប់ក្រុមការងារព្រោះតែបារម្ភនឹងការចំណាយខ្ពស់ ហើយនាងថ្លែងអំណរគុណទុកជាមួយសម្រាប់ក្រុមហ៊ុនដែលមានចិត្តចូលរួមសកម្មភាពមនុស្សធម៌នេះជាមួយសិល្បករ។
តារាចម្រៀងខេម វិញលើកឡើងថា លោកនេះជាឱកាសរួបរួមគ្នារវាងសិល្បករ និងទស្សនិកជនដើម្បីជួយដល់បុព្វហេតុការងារសង្គម។ តារាចម្រៀងរូបនេះលើកឡើងដែរថា សូមផ្តល់ក្តីស្រលាញ់អាណិត ការជួយលើកទឹកចិត្តឲ្យគ្នាទៅវិញទៅមកក្នុងនាមជាកូនខ្មែរតែមួយ ហើយពួកយើងនឹងនៅជិតគ្នាគ្រប់កាលទេសៈ។ តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះបញ្ជាក់ដែរថា កម្មវិធីប្រគំតន្ត្រីដែលចូលរួមដោយសិល្បករប្រមាណ៦៦នាក់នឹងធ្វើឡើងនៅថ្ងៃទី១១ខែសីហានេះនៅភោជនីយដ្ឋានសេវេនប្រាយទួលគោក ដោយចែកចេញជា៣វគ្គ ហើយទស្សនិកជនអាចទិញសំបុត្រក្នុងតម្លៃ១ម៉ឺនរៀលដើម្បីចូលរួមទស្សនាដោយសំបុត្រមានលក់នៅហាងកាហ្វេAmazon ខាងមុខវិទ្យាស្ថានភាសាបរទេស(IFL) និងនៅភោជនីយដ្ឋានសេវេនប្រាយទួលគោកជិតផ្សារមាន់អាំង ។ លោកបន្តថា ក្រៅពីលក់សំបុត្រនេះក៏នឹងមានធុងសប្បុរសធម៌នៅទីតាំងខាងលើដើម្បីទទួលថវិកាសប្បុរសធម៌ទៅតាមសទ្ធារបស់សប្បុរសជនផងដែរ ដែលថវិកាទាំងអស់ដែលទស្សនិកជនទិញសំបុត្រ និងការបរិច្ចាក និងត្រូវប្រើប្រាស់ក្នុងកិច្ចការងារសប្បុរសធម៌ខាងលើ ដូចនេះលោករំពឹងថាទស្សនិកជននិងអ្នកគាំទ្រសិល្បករខ្មែរជួយដល់សកម្មភាពនេះឲ្យបានច្រើនកុះករ៕
ដោយ វឌ្ឍនា