ខេត្តព្រះវិហារ ៖ បុរសម្នាក់ដែលជាម្ចាស់ហាងខារ៉ាអូខេ ត្រូវបានកម្លាំងអាវុធហត្ថស្រុកជាំក្សាន្តចាប់ឃាត់ខ្លួនបញ្ជូន ទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ ដោយចោទប្រកាន់ពាក់ព័ន្ធការរក្សាទុក និងចែកចាយនូវសារធាតុញៀន ។ ការឃាត់ខ្កួនធ្វើឡើងនៅស្រុកជាំក្សាន្ត កាលពីអំឡុងម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ។
លោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាកាកងរាជអាវុធហត្ថស្រុកជាំក្សាន្តឲ្យដឹងថា ដោយមានការសម្របសម្រួលពី លោកព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ កម្លាំងរបស់លោកបានចុះចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឃុន តុលាហៅ រិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរម្ចាស់ហាង ខារ៉ាអូខេ ស្នាក់នៅភូមិជាំក្សាន្ដ ឃុំ ជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ។ លោកថា ក្រោយមាន កាឃាត់ខ្លួនសមត្ថកិច្ចដកហូតបាននូវសារធាតុញៀនម្សៅក្រាមពណ៍សថ្លាហៅ « ម៉ាទឹកកក » ចំនួន៥កញ្ចប់ ។ ក្នុងនោះមាន៣កញ្ចប់ធំ ដែលមានទម្ងន់សរុប៣០,៣៥គីឡូក្រាម និងទូរស័ព្វដៃ ១គ្រឿង ព្រមទាំងកំប៉ុងសម្រាប់ដាក់គ្រឿងញៀនមួយផងដែរ ។
លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិពិធី ។
គួរកត់សម្គាល់ថា តំបន់ខាងលើនេះជាតំបន់ជាប់ព្រំដែន រវាងកម្ពុជា-ថៃ ការប្រើប្រាស់គ្រឿង ញៀន ការជួញដូរ និងជនចំណាកស្រុកលួចឆ្លងដែននៅតែបន្តធ្វើខុសច្បាប់ បើទោះជាមានការមមាញឹកក្នុងការបង្ក្រាប តែក្រុមទាំងនោះ ហាក់បីដូចមិនខ្លាចពីអំណាចនៃច្បាប់នោះទេ ៕ វណ្ណៈ