ភ្នំពេញ៖យុវជនមួយក្រុមផឹកស៊ីលើកញ្ចុះបណ្តែតទឹក ធ្លាក់ពីលើបង្កាន់ដៃបណ្ដាលឱ្យស្លាប់ពីរនាក់ ដែលហេតុការណ៍នេះ កើតឡើងកាលពីព្រលប់ថ្ងៃទី០៣ ខែសីហា នៅចំណុចហាងជំនោរស្ទឹងព្រែកត្នោត ភូមិបឹងធំទី១ សង្កាត់នបឹងធំ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ជង់ តុងសាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ វិស្វករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិសាគរ «ក» ឃុំសាគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និង ឈ្មោះ ជួង រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ វិស្វករសំណង់ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ជនរងគ្រោះទាំងពីតនាក់ ធ្វើការជាមួយគ្នា នៅក្រុមហ៊ុន ក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញ ។
សមត្ថកិច្ច អះអាងថា មុនកើតហេតុជនរងគ្រោះទាំងពីរនាក់ រួមជាមួយមិត្តភក្តិរសរុបគ្នា៥នាក់ បានទៅជួលកញ្ចុះបណ្តែតទឹកស្ទឹងព្រែកត្នោត នៅហាងជំនោរស្ទឹងព្រែកត្នោត អង្គុយហូប បាយទឹក ផឹកសុី ។
លុះរហូតដល់វេលាម៉ោង១៧៖៣០នាទីទៅហើយមាននមិត្តភក្តិ ម្នាក់បានទៅផ្ទះមុនបាត់ សល់គ្នា៤នាក់អង្គុយផឹកសុីបន្ត ហើយជនរងគ្រោះទាំងពីរនាក់ អង្គុយលើបង្កាន់ដៃកញ្ចុះ ស្រាប់តែពេលទឹករលក ធ្វើឱ្យកញ្ចុះយោលទៅមក បែរជាធ្លាក់ជនរងគ្រោះទាំងពីរនាក់ចូលក្នុងទឹកស្ទឹង មិនចេះហែលទឹក រកជួយមិនទាន់ ម្យ៉ាងទឹកហូរផង ធ្វើឱ្យលង់លិចបាត់ក្នុងទឹក ទើបបង្កឱ្យភ្ញាក់ផ្អើល ទាំងសមត្ថកិច្ច ប្រជាពលរដ្ឋ រកវិធីចុះរាវ រហូតដល់វេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែសីហា ទើបរកឃើញសាកសពជនរងគ្រោះម្នាក់ ឈ្មោះ ជួង រដ្ឋា ស្រង់ឡើងគោក សមត្ថកិច្ចពិនិត្យរួច ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ដោយក្រុមគ្រួសារ មិនបានប្តឹងផ្តល់អ្វីឡើយ ។
ក្រោយពីក្រុមអ្នកមុជទឹករាវរកសាកសពឃើញម្នាក់ហើយ នៅបន្តរាវតាមស្វែងរកសពម្នាក់ទៀត លុះរហូតដល់វេលាម៉ោង៧៖៣០នាទី ថ្ងៃទី០៤ ខែសីហា បានរាវរកឃើញសពជនរងគ្រោះម្នាក់ទៀត ឈ្មោះ ជុង តុងសាន ក្រោមវត្តមានឪពុក ម្តាយ ក្រុមគ្រួសារ យំសោកបោកខ្លួន នឹកសង្វេគកូនប្រុសជាទីស្រលាញ់ ៕