ខេត្តកណ្តាល៖ កម្មការីនីចំនួន៣៥០នាក់ ក្នុងចំណោមកម្មការីនីសរុបជិត៤ពាន់នាក់ បម្រើការងារនៅក្នុងរោងចក្រកាត់ដេរសម្លៀនបំពាក់ចំនួន៤ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស7NGស្រុកខ្សាច់កណ្តាល បានដួលសន្លប់ជាបន្តបន្ទាប់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ករណីកម្មការីនីដួលសន្លប់នេះបានកើតឡើង កាលពីវេលាម៉ោង៩រហូតដល់ម៉ោង១០ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ទ្រីមថយ ,រោងចក្រខេមតេកាង ,រោងចក្រខេមបូនីសូល និងរោងចក្រជីនវីន ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ក្រុមកម្មការីនីដែលដួលសន្លប់ជាបន្តបន្ទាប់នោះមានចំនួនសរុប៣៥០នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តរបស់ក្រុមហ៊ុនរោងចក្រដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រតិបត្តស្រុកខ្សាច់កណ្តាល ,មន្ទីរពេទ្យប្រតិបត្តិស្រុកមុខកំពូល និងខ្លះទៀតសង្គ្រោះនៅគ្លីនិកឯកជនក្បែរនោះ ។
ប្រភពដដែលបានបន្តថា កម្មការីនីទាំងអស់សុទ្ធសឹងតែមានអការៈអស់កម្លាំង ទន់ដៃ ទន់ជើង បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានព្យួរសេរ៉ូមជំនួយកម្លាំងឲ្យម្នាក់មួយប្លោក រហូតមកដល់វេលាថ្ងៃត្រង់ថ្ងៃដដែលនេះមានអការៈធូស្រាលជាធម្មតាវិញ ហើយត្រូវបានខាងរោងចក្រអនុញ្ញាតិឲ្យឈប់សម្រាករយៈពេលមួយថ្ងៃពេញ ។ ដោយឡែកកម្មករ-កម្មការីនីដែលមិនបានពុលដួលសន្លប់ ទន់ដៃ ទន់ជើង ក៏ត្រូវបានអនុញ្ញាតិឲ្យឈប់សម្រាករយៈពេលមួយថ្ងៃផងដែរ ។ ពាក់ព័ន្ធករណីកម្មការីនីដួលសន្លប់នេះដែរសមត្ថកិច្ចនៅពុំទាន់រកមូលហេតុឃើញនោះទេ ៕
ដោយ៖ ស្អាងជ័យ