ខេត្តព្រះវិហារ ៖ អ្នកបើកបររថយន្តម្នាក់ សង្ស័យដេកមួយភាំងបានរេចង្កូតទៅបុកអ្នកបើក ម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។ បន្ទាប់ពីបុកហើយបានរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៦ ខែ សីហា ឆ្នាំ២០១៨ ត្រង់ចំណុចគីឡូម៉ែត្រលេខ២០៥-២០៦ ស្ថិតក្នុង ភូមិត្រពាំងសង្កែខាង លិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
លោកវរសេនីយ៍ត្រីយ៍ ឱ សេង អធិការ ស្រុកជាំក្សាន្តបានឲ្យដឹងថា ជនរងគ្រោះ (សព) ឈ្មោះ ត្រក អឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរជាទាហាន ។ បច្ចុប្បន្នរស់នៅភូមិ សុខសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បម្រើការក្នុងវរសេនាតូចលេខ ៣៧២ ចំណុះកងពលតូចអន្តរាគមន៍លេខ៧ ។ លោកថាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយអ្នកបើករថយន្តខ្វះការប្រុងប្រយ័ត្ន ។ រថយន្តបង្កម៉ាកអ៊ីហ្ស៊ុយសុយ ពណ៌ស ១គ្រឿង ពាក់ស្លាកលេខរតនគីរី 3A 0086 ។
លោកបានឲ្យដឹងទៀតថា រថយន្តបង្កហេតុបើកក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយ ផ្លូវជាតិលេខ៦២ ពីខេត្តព្រះវិហារមកស្រុកជាំក្សាន្ត ក្នុងល្បឿនលឿនបានរេចង្កួតទៅ បុកជាមួយនឹងម៉ូតូម៉ាកសង់កូរេ ពណ៌ក្រហម១គ្រឿង ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុ ។ លោក បញ្ជាក់ថា ក្រោយកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ។
ករណីនេះ សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើកាវាស់វែងនិងពិនិត្យ ។ ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី ។ ឯវត្ថុតាងខាងលើបានយកមករក្សាទុកនៅអធិការស្រុកជាំក្សាន្ត ដើម្បីចាត់កាបន្តទៅតាមនិតិវិធី ៕ វណ្ណៈ