ភ្នំពេញ៖ កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៨ នេះ មូលនិធិសម្រាប់អាជីវកម្មបែបឌីជី ថល (SADIF) របស់ក្រុមហ៊ុន Smart Axiata បានទិញហ៊ុនភាគតិចរបស់ ក្រុមហ៊ុន Nham24 ដែលជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូន និងបញ្ជាទិញម្ហូបអាហារតាម អនឡាញឈានមុខគេក្នុងក្នុងប្រទេសកម្ពុជា។ គិតត្រឹមពេលនេះ ក្រុមហ៊ុនNham24 បានក្លាយជាក្រុមហ៊ុនទីបីហើយ ដែល ទទួលទុនវិនិយោគពីមូលនិធិ SADIF ជាគម្រោងប្រមូលផ្ដុំទៅដោយអាជីវកម្មឌីជីថលក្នុងស្រុក និងមានសក្តានុពល។
ការបោះទុនពីមូលនិធិ SADIF ទៅក្នុងក្រុមហ៊ុន Nham24 នេះត្រូវបានរំពឹងថា នឹងជួយដល់ការពង្រីកវិសាលភាពដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន តាមរយៈការបង្កើនដៃគូ និងការអភិវឌ្ឍកម្មវិធីផ្ទៃក្នុងរបស់ក្រុមហ៊ុន។
លោក ចាន់ បូរីមា៉ ស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Nham24 បានមានប្រសាសន៍ថា៖ “យើងទន្ទឹងរង់ចាំសហការជាមួយមូលនិធិ SADIF ដើម្បីជួយឲ្យអាជីវកម្មរបស់យើងលូតលាស់ និងពង្រឹងតំណែងរបស់យើងក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារ។ ជាមួយនឹងការបញ្ចូលមូលនិធិ និងការផ្ដល់យុទ្ទសាស្រ្តពីសំណាក់វិនិយោគិនថ្មីរបស់យើងនេះ យើងនឹងបន្តផ្ដោតការយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាឲ្យបានប្រសើរបំផុតតាមដែលអាចធ្វើបាន ដល់អតិថិជនរបស់យើង ក៏ដូចជាភោជនីយដ្ឋានដែលជាដៃគូរបស់យើងផងដែរ។”
មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល SADIF ដែលមានថវិកាសរុបចំនួន ៥ លានដុល្លាសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងកាលពីខែមីនា ឆ្នាំ២០១៧ ដោយក្រុមហ៊ុន Smart ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេក្នុងប្រទេស។ មូលនិធិនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនផ្ដល់ប្រឹក្សា និងវិនិយោគ ដែលមានឈ្មោះហៅថា Mekong Strategic Partner )MSP)។ កាលពីចុងឆ្នាំមុន ក្រុមហ៊ុន Forte ជាក្រុមហ៊ុនផ្ដល់សេវាធានារ៉ាប់រងក្នុងតំបន់ត្រូវបានប្រកាសជាសហវិនិយោគិននៃមូលនិធិ SADIF ស្របពេលជាមួយការប្រកាសអំពីក្រុមហ៊ុនទទួលទុនវិនិយោគថ្មីពីរដំបូងគេ គឺក្រុមហ៊ុនដឹកជញ្ជូន “ជូនអ្នក” Joonaak Delivery Co., Ltd និង ក្រុមហ៊ុន “មរកត ថេកណឡជី” Morakot Technology។
លោក Gordon Peters ដៃគូក្នុងក្រុមហ៊ុន Mekong Strategic Partners បានមានប្រសាសន៍ថា៖ “យើងបានមើលឃើញនូវការចាប់អារម្មណ៍ច្រើនក្នុងទីផ្សារដឹកជញ្ជូនម្ហូបអាហារតាមអនឡាញក្នុងប្រទេសកម្ពុជា ហើយយើងជឿថា និន្នាការវិជ្ជមាននេះនឹងបន្តទៅថ្ងៃអនាគតដ៏យូរអង្វែង។ សមត្ថភាពក្រុមការងាររបស់ក្រុមហ៊ុន Nham24 ក្នុងការពង្រីកខ្លួន និងផ្ដោតការយកចិត្តទុកដាក់លើប្រតិបតិ្តការ ព្រមទាំងសេវាបម្រើអតិថិជន បានធើ្វឲ្យពួកគេខុសប្លែកពីគូប្រជែងដទៃទៀតនៅក្នុងឧស្សាហកម្មរបស់ខ្លួន។ យើងទន្ទឹងរង់ចាំស្វាគមន៍ក្រុមហ៊ុន Nham24 ចូលមកក្នុងគ្រួសារមូលនិធិ SADIF។”ការវិនិយោគរបស់មូលនិធិ SADIF ជាទូទៅ មានទំហំទឹកប្រាក់ចន្លោះពី ២៥,០០០ ទៅ ៥០០,០០០ ដុល្លារ អាស្រ័យទៅតាមដំណាក់កាលនៃអាជីវកម្ម លក្ខខណ្ឌតម្រូវផ្នែកឧស្សាហកម្ម និងលក្ខខណ្ឌហិរញវត្ថុរបស់ក្រុមហ៊ុនអ្នកទទួលទុនវិនិយោគទាំងនោះ។ ក្រៅពីការផ្ដល់ទុន មូលនិធិ SADIF ក៏គាំទ្រដល់សហគ្រិនលេចធ្លោ និងអាជីវកម្មបែប ICT ដែលមានសក្ដានុពល តាមរយៈការប្រឹក្សាយោបល់ ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍន៍អាជីវកម្ម។
លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “ការវិនិយោគក្នុងក្រុមហ៊ុន Nham24 ពិតជាផ្តល់ឲ្យក្រុមហ៊ុន Smart នូវឱកាសសហការជាច្រើន ជាពិសេសវាស្របតាមគោលដៅរបស់ក្រុមហុ៊នក្នុងការផ្តល់ជូនអតិថិជនរបស់យើង នូវសេវាកម្មដ៏សម្បូរបែបសម្រាប់ការរស់នៅ។ ការលូតលាស់យ៉ាងលឿនរបស់ក្រុមហ៊ុន Nham24 ក៏ដូចជាគោលបំណងរបស់ក្រុមហ៊ុនដែលចង់អភិវឌ្ឍសេវាដឹកជញ្ជូន និងបញ្ជាទិញម្ហូបអាហារគឺពិតជាកត្តាដែលធ្វើឲ្យមានការរំភើបចិត្តពិតប្រាកដមែន។ ខ្ញុំទន្ទឹងរង់ចាំមើលការលេចចេញជារូបរាងនូវការវិនិយោគរបស់មូលនិធិ SADIF ក្នុងក្រុមហ៊ុន Nham24 នេះ។”
គួរបញ្ជាក់ដែរថាក្រុមហ៊ុន Nham24 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ និងបានរីកលូតលាស់ក្លាយទៅជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនម្ហូបអាហារធំជាងគេ និងលូតលាស់លឿនជាងគេមួយក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន Nham24 ប្រតិបត្តិការក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយសហការជាមួយភោជនីយដ្ឋានជាង ៥៥០ កន្លែងក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានគម្រោងពង្រើកខ្លួននៅតាមបណ្ដាខេត្តធំៗផ្សេងទៀត ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
ក្រៅពីសេវាដឹកជញ្ជូនម្ហូបអាហារ ដែលអាចបញ្ជាទិញតាមទូរស័ព្ទចល័ត ឬនៅលើគេហទំព័រប្រកបដោយភាពច្នៃប្រឌិត កាលពីពេលថ្មីៗ ក្រុមហ៊ុន Nham24 ក៏បានដាក់ឲ្យដំណើការកម្មវិធី Nham24 Fresh ដែលអនុញ្ញាតឲ្យអតិថិជន បញ្ជាទិញគ្រឿងទេសគ្រប់មុខ និងដឹកជញ្ជូនដល់កន្លែងក្នុងរយៈពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ៕ ដោយ វឌ្ឍនា