ព័ត៌មាន​លម្អិត​ ៖​ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករកម្មការិ​នីជិត២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖ នៅព្រឹកថ្ងៃពុធទី៨ ខែសីហា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនី សរុប១៨,៤៦៧នាក់ ដែល ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ រោងចក្រ សហគ្រាសទាំង១៤ ដែលអនុញ្ញាតឲ្យកម្មករ កម្មការនីចូលរួមកិច្ចសំណេះសំណាលនេះ គឺវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន៩ កូរ៉េចំនួន៤ និងជប៉ុនចំនួន១។

រោងចក្រទាំង នោះរួមមាន រោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផលិតកាបូប និងរោងចក្រផលិតចំណីសត្វ។ ផលិតផលដែលផលិតក្នុងរោងចក្រ សហគ្រាសទាំងអស់នេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រែលែង និងបានអំណរគុណយ៉ាងជ្រាលជ្រៅផង ដែរចំពោះកូនក្មួយទាំងអស់ ដែលបានគោរពស្រលាញ់ សម្តេចតេជោរហូតមក។ ទន្ទឹមនឹងនេះ សម្តេច តេជោ ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ ដែលបានអនុញ្ញាតឲ្យកូនក្មួយកម្មករ បានឈប់សំរាក នៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញដែលនេះគឺបានបង្ហាញពីក្តីស្រឡាញ់និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពគ្នារវាងកម្មករ និងម្ចាស់រោងចក្រ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកពីការកសាងប្រទេសជាតិតាំងពីបាតដៃទទេ ពីទីក្រុងភ្នំពេញ ជាទីក្រុងខ្មោច ទីក្រុងដែលគ្មានមនុស្សនៅ ក្លាយមកជាទីក្រុងភ្នំពេញដែល មានការអភិវឌ្ឍ មានអគារខ្ពស់ៗ និងមានកំណើនមនុស្សយ៉ាងច្រើនណែនតាន់តាប់ដូចពេលបច្ចុប្បន្ននេះ។ កម្ពុជាទើបតែ ចាប់ ផ្តើមអភិវឌ្ឍន៍រីកចម្រើនពេញលេញត្រឹមរយៈពេល២០ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានមោទនភាពយ៉ាងខ្លាំងចំពោះវឌ្ឍនភាពរីកចម្រើន នៃខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នមានរោងចក្រ សហគ្រាវិញគឺមានចំនួន ២២៨ រោងចក្រដែលមានកម្មករធ្វើការ ប្រមាណ ១០២,៧៣៦ នាក់ និងដែលមានប្រាក់ចំណូលសរុបប្រមាណជាង ២៤៧លានដុល្លារអាមេរិកក្នុង មួយឆ្នាំ។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកូនក្មួយ កម្មករកម្មការនីក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតដែលមានអត្រាខ្ពស់រហូតដល់ ៨២% ដែលជាអត្រាខ្ពស់ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសប៊ែលហ្សិកដែល មានអត្រា ប្រជាពលរដ្ឋទៅបោះឆ្នោតមានប្រមាណ ៨៣%។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយក រដ្ឋមន្ត្រីក៏បានអរគុណផងដែរដល់បងប្អូនកូនក្មួយកម្មករកម្មការនីទាំងអស់ដែលបានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។ ការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺមានតំលៃស្មើនឹងការចូល រួមរក្សាសន្តិភាព និងការអភិវឌ្ឍ។

ដើម្បីជំរុញការអនុវត្តការងារអោយមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ ចេញនូវអនុសាសន៍សំខាន់ៗ១០ចំណុចដូចខាងក្រោមៈ

១)ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ បើក្រុមហ៊ុនបើកជូនកម្មករលើសនេះគឺរិតតែល្អប្រសើរ។

២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្ម ការិនី រោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។

៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។

៤.ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀលនិងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបាន កូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លី ខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។

៥)ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅ ឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំ អោយមានការ ឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។

៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អ ប្រសើរ។

៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួល ជាបន្ទាន់ដល់កម្មករដែលបានធ្វើការក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះ ស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់ក ម្មករ កម្មការិនីអោយបានឆាប់បំផុត។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពកម្មកក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួល ដឹកកម្មករ ទាំងអស់ត្រូវតែមានការប្រុង ប្រយ័ត្នខ្ពស់ក្នុងការធានាដល់ សុវត្ថិភាព កម្មកររួមដំណើរក្នុងពេលបើកបរ។

១០)ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេសធ្វើយ៉ាងណាអោយកម្មករធ្វើការបានស្របច្បាប់។ សូមបងប្អូនកុំយល់ច្រឡំឬគិតថាខុស ក្នុងពេលដែលបងប្អូនកូនក្មួយទៅធ្វើការ នៅប្រទេសគេ។ សូម្បីប្រទេសថៃក៏គេបញ្ជូនកម្មករទៅធធ្វើការនៅបរទេសដូចជានៅប្រទេសកូរ៉េ ជប៉ុន រីឯប្រទេសហ្វីលីពីនក៏បានបញ្ជូនពលរដ្ឋអោយទៅធ្វើការនៅបរទេសដូចជានៅកម្ពុជា និងនៅសហរដ្ឋ អាមេរិកជាដើម។ ពលរដ្ឋគេបាននាំមកវិញនូវប្រាក់ចំណូលជាច្រើនសម្រាប់ប្រទេសគេ គឺមិនមែនជា ការខ្មាសអៀនឬអាក្រក់អ្វីទេ។

បច្ចុប្បនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងបានខិតខំស្វែករកទីផ្សាការងារក្រៅប្រទេសផងដែរដូចជាកូរ៉េ ជប៉ុន និងប្រទេសមជ្ឍឹមបូព៌ា ដូចជាប្រទេសអារ៉ាប់ជាដើម ដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរឥស្លាម បានទៅធ្វើការនៅទីនោះ។ កន្លងរាជរដ្ឋាភិបាលក៏បានជួយដោះស្រាយនឹងនាំយកកាន់ប្រទេសវិញចំពោះបងប្អូនកម្មករមួយវចំនួនដែលចាញ់បោកមេខ្យល់បោកយកទៅធ្វើការងារដោយខុសច្បាប់។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (៧៣៥) នាក់ សម្រាប់ដោះស្រាយនៅពេលសម្រាលកូនក្នុងពេលដ៏ខ្លីខាងមុខនេះ៕

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print