ឃាត់ខ្លួនមុខសញ្ញាចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ៣នាក់ រួមទាំងវត្ថុតាង និងសម្ភារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី ញឹក សុគា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដោយមានការសម្របសម្រួលពីលោក ព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងជំនាញក្រោមឱវាទចុះឆែកឆេផ្ទះសំណាក់យីហោ(៥៩) ដោយឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣នាក់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៩និង២៦នាទីព្រឹក ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះសំណាក់យីហោ(៥៩) ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរឃើញថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចំនួន ៣នាក់ រួមទាំងវត្ថុតាង និងសម្ភារ ទី១ ឈ្មោះ អៀ ប៊ុនលី ហៅប៊ុន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ ង៉ែត ដា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ និងទី៣ ឈ្មោះ ឃីម ដានី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យជាមុខសញ្ញាចែកចាយទាំង ៣នាក់ បច្ចុប្បន្ន រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍ខាងលើបន្តថា ករណីឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ពាក់ព័ន្ធគ្រឿងញៀន កម្លាំងដកហូតនូវវត្ថុតាងរួមមាន ម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀន ម៉ូតូម៉ាក ស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1N 7443 ចំនួន ១គ្រឿង ទូរស័ព្ទដៃចំនួន ៥គ្រឿង លុយបរទេសចំនួន ១០៦ដុល្លារ លុយខ្មែរចំនួន ១០,៥០០០០រៀល កាបូបស្ពាយចំនួន ១ បាឡូស្ពាយ ពណ៌ខ្មៅចំនួន ១ និងសម្ភារសង្ស័យសំរាប់ប្រើប្រាស់គ្រឿនញៀនមួយកំប្លេផងដែរ ។

ក្នុងរបាយការណ៍ដដែលបន្តទៀតថា ចំពោះជនសង្ស័យចំនួន ៣នាក់ រួមទាំងវត្ថុតាង និងសម្ភារ បាននាំយកទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរៀបចំសំណុំឯកសារពាក់ព័ន្ធបញ្ជូនបន្ត ទៅការិយា​ល័យជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print