ស្គាល់អត្តសញ្ញាណមន្ត្រីយោធា បើករថយន្តស្លាកលេខ “ខេមរភូមិន្ទ” បាញ់មេឃ៣គ្រាប់ ព្រោះជម្លោះក្នុងគ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ដែលបានជិះរថយន្តពាក់ស្លាកលេខ “ខេមរភូមិន្ទ” ហើយបង្កការបាញ់បោះសេរីកាលពីយប់មិញ នៅក្នុងទឹកដីខណ្ឌ៧មករា បន្ទាប់ពីមានជម្លោះជាមួយគ្រួសារនោះ ត្រូវសមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយ។

ជនបង្ក គឺជាមន្ត្រីយោធា ពាក់ស័ក្តិ៤ ដែលបច្ចុប្បន្នកំពុងលាក់ខ្លួនពីការតាមប្រមាញ់របស់សមត្ថកិច្ច។

ប្រភពសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ថា បច្ចុប្បន្នសមត្ថកិច្ចកំណត់បានអត្តសញ្ញាណជនបង្កការបាញ់បោះខាងលើហើយ ហើយកម្លាំងជំនាញក៏កំពុងស្រាវជ្រាវតាមចាប់ខ្លួនជននេះ យកមកផ្តន្ទាទោសតាមច្បាប់ផងដែរ។

ជនបង្ករូបនេះ មានឈ្មោះ រដ្ឋ ប៉ុណ្ណាមីន ជាមន្ត្រីយោធា មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី (ស័ក្តិ៤) អត្តលេខ១៨៨០២០។

យ៉ាងណា រហូតមកទល់នេះ សមត្ថកិច្ចមិនអាចប្រាប់បានឡើយ នូវរឿងរ៉ាវលម្អិតជុំវិញជម្លោះក្នុងគ្រួសាររបស់មន្ត្រីយោធា ឈានទៅកើតជាការបាញ់បោះសេរី បង្កអសន្តិសុខ និងភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ដោយសមត្ថកិច្ចបានត្រឹមអះអាងយ៉ាងខ្លីថា បច្ចុប្បន្នកំពុងតាមប្រមាញ់ជនបង្ក។

សូមជម្រាបថា កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ បុរសម្នាក់ បានបើករថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ មកឈប់មុខផ្ទះនៅចំណុចផ្សារ​ឌុយម៉េច តាមបណ្ដោយផ្លូវ១០៩ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រួចស្រែកឡូឡា និងដកកាំភ្លើងខ្លី១ដើម បាញ់ឡើងលើចំនួន៣គ្រាប់ផ្ទួនៗគ្នា បង្កឲ្យមានការ​ភិតភ័យ និងភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋរស់នៅជិតខាង​យ៉ាងខ្លាំង ហើយបើករថយន្តគេចចេញបាត់ស្រមោល។

ប្រភពព័ត៌មានពីអ្នករស់នៅជិតខាង បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បើករថយន្ត​ពាក់ស្លាកលេខ ខេមរភូមិន្ទ​ 2-6565 មកឈប់មុខផ្ទះ រួចគេឃើញមានទំនាស់ពាក្យសម្ដីជាមួយក្រុមគ្រួសារ ដោយបានស្រែកឡូឡាយ៉ាងខ្លាំង។ លុះមួយសន្ទុះក្រោយមក គេ(ជនបង្ក)ក៏បានដកកាំភ្លើងបាញ់ឡើងលើចំនួន៣គ្រាប់ផ្ទួនៗគ្នា បង្កឲ្យមានការ​ភិតភ័យ និងភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋរស់នៅជិតខាង​យ៉ាងខ្លាំង រួចបើករថយន្តចេញទៅបាត់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print