លោក លឹម គានហោ ៖ ព្រៃវែងមានទឹកគ្រប់គ្រាន់សម្រាប់ការផលិតស្រូវប្រាំង

ចែករំលែក៖

ខេត្តព្រៃវែង៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ឲ្យដឹងថា តាមរយៈការចាត់វិធានការនានា ដូចជាការបូមទឹកបញ្ចូលអាង ព្រែក បឹងបួ និងប្រព័ន្ធធារាសាស្ត្រតូចធំដើម្បីប្រមូលទឹកទុក សម្រាប់បម្រើឲ្យការងារបង្កបង្កើនផល មកដល់ពេលនេះខេត្តព្រៃវែង អាចធានាបានទាំងស្រុងលើបញ្ហាទឹក ។

12282127_925315510856843_1787303838_o

លោករដ្ឋមន្ត្រីបានថ្លែងដូចនេះ ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផល របស់បងប្អូនប្រជាកសិករនៅក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ ។ លោករដ្ឋមន្ត្រីបន្តទៀតថា ព្រៃវែងជាខេត្តជង្រុកស្រូវមួយរបស់កម្ពុជា មានផ្ទៃដីផលិតស្រូវច្រើន ទាំងស្រូវវស្សា និងស្រូវប្រាំង ។ ក្នុងឆ្នាំនេះ ផែនការស្រូវវស្សារបស់ខេត្តមានចំនួនប្រមាណ ២៥០.០០០ ហិកតា តែបងប្អូនផលិតបានរហូតដល់ទៅ ២៦៨.៣១៥ ហិកតា មានន័យថា បានផលិតលើសពីផែនការដែលបានដាក់ចុះ ។ ចំពោះស្រូវប្រាំងវិញ ខេត្តព្រៃវែងមានផែនការផលិត ៧៥.០០០ ហិកតា ដូចខេត្តតាកែវដែរ ។

លោករដ្ឋមន្ត្រីបន្ថែមថា នៅកម្ពុជាយើង ខេត្តដែលផលិតស្រូវប្រាំងច្រើនជាងគេ គឺខេត្តព្រៃវែង និងខេត្តតាកែវ ។ មកដល់ពេលនេះ បើនិយាយពីសក្តានុពលទឹក គឺយើងអាចធានាបានទាំងស្រុងឲ្យខេត្តទាំងពីរនេះផលិតស្រូវប្រាំង បានទៅតាមផែនការ ។

លោក ជុំ សុភី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា បើទោះបីជាឆ្នាំនេះ មានភ្លៀងតិច និងរអាក់រអួល ប៉ុន្តែខេត្តរបស់លោកមិនមានបញ្ហាចោទលើរឿងទឹកទេ ដោយសារយើងមានប្រព័ន្ធធារាសាស្ត្រតូចធំជាច្រើនកន្លែង ពិសេសដូចជាប្រព័ន្ធធារាសាស្ត្រវ៉ៃកូ អាងទឹកស្នហ៏ ប្រព័ន្ធធារាសាស្ត្រកំពង់ត្របែក ។ល។

លោកបន្តថា សម្រាប់ស្រូវវស្សាខេត្តផលិតបាន ២៦៨.៣១៥ ហិកតា និងកំពុងប្រមូលផលបានប្រមាណ ៣៥ ភាគរយហើយ ។ ឯស្រូវប្រាំង ខេត្តមានផែនការផលិតចំនួន ៧៥.០០០ ហិកតា មកដល់ពេលនេះ បងប្អូនប្រជាកសិករអនុវត្តបានប្រមាណ ៣០.០០០ ហិកតា ហើយ និងកំពុងមមាញឹកដាំដុះបន្ត ។ ចំពោះបញ្ហាទឹក គឺយើងធានាបានទាំងស្រុង៕

12271471_925315530856841_100814369_o

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print