ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ លោក ថោង ខុន ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលពានរង្វាន់ នៅមុខប្រាសាទអង្គរវត្ត ពីអ្នកស្រី Sarah Mathews នាយកភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor)។ ពានរង្វាន់នេះបញ្ជាក់ថា ប្រាសាទអង្គរវត្តបានជាប់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យបំផុតលើពិភពលោក ប្រចាំឆ្នាំ២០១៨ (The Very Best of Landmarks) ពីវិបសាយទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ TripAdvisor។
ឆ្លើយតបចំពោះអ្នកស្រី Sarah Mathews លោក ថោង ខុន បានថ្លែងអំណរគុណចំពោះ TripAdvisor ដែលតែងតែជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមរយៈការស្ទង់មតិលើចំណាប់អារម្មណ៍ និងទស្សនៈរបស់ភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក។ លោកថា ជ័យលាភីសម្រាប់អង្គវត្ត គឺជាមោទនភាពដ៏មានអត្តន័យវិសេសវិសាលថ្មីមួយបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល និងរាជរដ្ឋាភិបាលកម្ពុជា។
លោកបញ្ជាក់បន្ថែមថា នេះជាឆ្នាំទី៥ហើយ ដែលប្រាសាទអង្គរវត្ត ត្រូវបានភ្ញៀវទេសចរទូទាំងពិភពលោក បោះឆ្នោតគាំទ្រថាជាសំណង់ប្រាសាទដ៏អស្ចារ្យបំផុតក្នុងលោក។ ក្រៅពីជាប់នៅលើ Trip Advisor ប្រាសាទអង្គរវត្ត ក៏ជាប់ចំណាត់ថ្នាក់កំពូលនៅវិបសាយល្បីៗផ្សេងទៀតផងដែរ ចាប់តាំងពីឆ្នាំ ២០១៤ មក ដូចជានៅលើវិបសាយ Archeao Madness និង Lonely Planet ជាដើម ៕