សិស្សប៊ែលធី ២០១២នាក់ ចូលរួមកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី១០

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃ ទី១០  ខែ សីហា ឆ្នាំ ២០១៨ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី “ប្រកួតប្រជែងនិយាយភាសាអង់គ្លេស (English Speaking Contest Program)” វគ្គផ្តាច់ព្រ័ត្រលើកទី១០ សម្រាប់សិស្សភាសាអង់គ្លេស Level3  Level6 Level9 និង Level12 នៅសាលា ប៊ែលធី អន្តរជាតិទី៩(សាខាស្ទឹងមានជ័យ) ដែលមានបេក្ខជន វគ្គផ្តាច់ព្រ័ត្រ ចំនួន ២៤នាក់ មកពី ១៤សាខា ក្រោមអធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប។

តាមរបាយការណ៍លោក ចាន់ ទីតា ប្រធានការិយាល័យ ESL បានអោយដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២១ សាខា ក្នុងនោះ ១៩ សាខា កំពុងដំណើរការ និង០២សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៣៦.៦០៨នាក់ ។ កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ ត្រូវបានរៀបចំសម្រិតសម្រាំងតាមស្តង់ដារអន្តរជាតិ ហើយសៀវភៅសិក្សាត្រូវបានសហការគាំទ្រដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក។ ក្នុងនោះដែរ សាលាក៏បានបន្ថែមកម្មវិធីសិក្សាដូចជាៈ ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ ដល់សិស្សគ្រប់កម្រិតចាប់ពី Preschool 1 ដល់ Level 12 ។ នៅពេលបញ្ចប់ Level 12 សិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេស ទទួលបានពិន្ទុ TOEFL ឬIELTS យ៉ាងតិច 6.5ឡើង ដែលអាចដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។

ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានថ្លែងនូវការកោតសរសើរចំពោះប្អូនៗ ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានជយលាភីនាពេលនេះ។

លោកអគ្គនាយករង ក៏បានបន្ថែមទៀតថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាព ក្នុងការនិយាយផ្នែកភាសាអង់គ្លេស ឲ្យកាន់តែប្រសើរឡើងថែមទៀត ព្រមទាំងផ្តល់ឱកាសឲ្យសិស្សានុសិស្សដើម្បីបង្ហាញនូវសមត្ថភាព ឆ្លាតវៃ និងស្វែងរកអ្នកដែលពូកែបំផុត ឲ្យស្របតាមបាវចនាប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។

លោកអគ្គនាយករង ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំរៀនសូត្រ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ផ្នែកភាសាអង់គ្លេស ហើយអាចបន្តការសិក្សាថ្នាក់មហា វិទ្យាល័យនានា នៅក្នុងនិងក្រៅប្រទេស ដែលអាចមានសមត្ថភាពចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងក្លាយជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។

លោកអគ្គនាយករង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាណាព្យាបាលសិស្សទាំងអស់ ដែលតែងតែគាំទ្រសាលា ប៊ែលធី អន្តរជាតិ ហើយក្នុងឱកាសបវេនសកាលថ្មី ចូលរៀនថ្ងៃទី ០៣ កញ្ញា ២០១៨នេះ សាលានឹងផ្តល់ជូននូវកម្មវិធីពិសេស ដូច​ជា ថ្នាក់ចំណេះទូទៅ បង់ថ្លៃសិក្សា រយៈពេល ១ឆ្នាំ ផ្តល់ជូន ឯកសណ្ឋាន ២កំប្លេ (ផុតកំណត់ថ្ងៃទី ០១ កញ្ញា ២០១៨) និង ថ្នាក់ភាសាអង់គ្លេស បង់ថ្លៃសិក្សា ១វគ្គ ផ្តល់ជូន សៀវភៅគូល័រច្បាប់ដើម ១ឈុត (ផុតកំណត់ថ្ងៃទី ០៨ កញ្ញា ២០១៨) ផងដែរ។

ជាទីបញ្ចប់ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយ   សំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី កម្រិតទី៣ ទី៦ ទី៩ និងទី១២ ចំនួន ១២នាក់ផងដែរ ៕ ដោយ ៖ ស រស្មី

     


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print