ប្រធានាធិបតីវេណេហ្ស៊ូអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ បានរួចផុតពីការប៉ុនប៉ងធ្វើឃាត នៅក្នុងពិធីដង្ហែរក្បួនព្យុះហយាត្រាទ្រង់ទ្រាយធំកាលពីថ្ងៃទី ៤ខែសីហា ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេហ្ស៊ូអេឡា បញ្ជាក់ថា៖ ឃាតករបានប្រើប្រាស់ ដ្រូនជាច្រើនគ្រឿងសម្រាប់វាយប្រហារ ដោយ មួយគ្រឿងៗ ផ្ទុករំសេវផ្ទុះ ១គីឡូក្រាម ។ តាមគម្រោង វាយប្រហារ ដ្រូនទីមួយនិងផ្ទុះនៅក្បាលលោកម៉ាឌូរ៉ូនិងឌ្រូនទីពីរផ្ទុះនៅមុខលោក ប៉ុន្តែកម្លាំងសន្តិសុខវេណេហ្ស៊ូអេឡា បានប្រើប្រាស់ សម្ភារៈអេឡិចត្រូនិច ធ្វើឲ្យដ្រូនទាំងនោះហើខុសគោលដៅ ។ប៉ុន្តែមានមួយគ្រឿង បានហោះចូលទៅគៀកប្រធានាធិបតី ទើប កម្លាំងការពារបាញ់កំទេចនៅចំពោះមុខប្រធានាធិបតីតែម្តង ធ្វើឲ្យពិធីទាំងមូលត្រូវផ្អាក។
ការវាយប្រហារខាងលើ បណ្តាលឲ្យទាហាន៧នាក់រងរបួស និងក្រុមឃាតករ៦នាក់ត្រូវបានចាប់ខ្លួន។ ក្រោយហេតុការណ៍ ធ្វើឃាត៤ថ្ងៃ ប្រធានាធិបតីវេណេហ្ស៊ូអេឡា បានទម្លាយឲ្យដឹងថា៖ ការធ្វើឃាតលោក មានការរៀបចំយ៉ាងល្អិតល្អន់ជាមុន និងជាលក្ខណះក្រុម ។
ឃាតករ១១នាក់ត្រូវបានគេជួលឲ្យធ្វើសកម្មភាពវាយប្រហារខាងលើ ហើយឃាតករទាំងនោះត្រូវបានបណ្តុះបណ្តាលជំនាញនៅក្នុងប្រទេសកូឡំបី ។ទឹកប្រាក់ដែលក្រុមឃាតុករ១១នាក់ទទួលបាន ពីអ្នកនៅពីក្រោយមានរហូតដល់៥០លានដុល្លារ ។
ក្រុមឃាតករបាន ហ្វឹកហាត់នៅក្នុងទីតាំង តំបន់ Chinacota ប្រទេសកូឡំបីចាប់ពីខែមេសាដល់ខែមិថុនា ។ ឃាតករទាំងនោះទទួលបានការសន្យាឲ្យទៅរស់នៅអាមេរិកដោយស្របច្បាប់ ក្រោយការធ្វើឃាតបានសម្រេច។ ការធ្វើឃាតគួរណាសតែត្រូវធ្វើឡើងនៅថ្ងៃទី៥ខែកក្កដាតែត្រូវពន្យាពេលដល់ថ្ងៃទី៤ខែសីហា។
ការវាយប្រហារធ្វើឃាតទៅលើប្រធានាធិបតីវេណេហ្ស៊ូអេឡា ដោយមានការចូលរួមពីរដ្ឋាភិបាលជិតបញ្ចប់អណតិ្តនៅកូឡំបី។ ប្រធានាធិបតីវេណេហ្ស៊ូអេឡាលោកម៉ាឌូរ៉ូបញ្ជាក់ថា លោកនឹង ប្រកាសពីភស្តុតាងក្នុងពេលដ៏ខ្លីខាងមុខ។
នៅក្នុងសន្តរកថា ដែលបានផ្សាយតាមកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីវេណេហ្ស៊ូអេឡា បានចោទប្រកាន់តំណាងរាស្ត្រក្រុមប្រឆាំង មកពីគណបក្ស PJ លោក Juan Requesens នៅពីក្រោយកម្រោងធ្វើឃាតខាងលើ។តំណាងរាស្ត្ររូបនេះត្រូវបានចាប់ខ្លួន ក្រៅពីនេះនៅមានតំណាងរាស្ត្រដែលរស់នៅរសាត់អណ្តែតនៅអាមេរិក និងម្នាក់ទៀតរស់នៅក្នុងប្រទេសកូឡំបី។
ការប៉ុនប៉ងធ្វើឃាតមិនបានសម្រេច ធ្វើឲ្យទំនាក់ទំនង វេណេហ្ស៊ូអេឡា និងកូឡំបី ព្រមទាំងអាមេរិក ប្រឈមមុខតានតឹងដាក់គ្នា ជាថ្មី ។វេណេហ្ស៊ូអេឡា កំពុងតែរងចាំការប្រតិកម្មពីភាគីអាមេរិក ជុំវិញហេតុការណ៍ខាងលើ។
ចំណែកកូឡំបីវិញបានច្រាលចោលរាល់ការចោទប្រកាន់ទាំងឡាយមកលើខ្លួនពីសំណាក់មេដឹកនាំវេណេហ្ស៊ូអេឡា ។ រដ្ឋាភិបាលវេណេហ្ស៊ូអេឡា ចង់ឲ្យអាមេរិក និងកូឡំប៊ីសហការដើម្បីបញ្ជូន អ្នកនៅពីក្រោយមកទទួលទោសតាមច្បាប់។
គ្រោះថ្នាក់ ពីការវាយប្រហារដោយដ្រូន បញ្ជាពីចម្ងាយ ការវាយប្រហារដោយដ្រូននៅក្នុងប្រទេសវេណេហ្ស៊ូអេឡា ធ្វើឲ្យមានសំនួរជាច្រើន ស្តីពីអាវុធថ្មី ក្នុងសម័យកាលបច្ចេកវិទ្យាទំនើប ជារឿងមួយដ៏គ្រោះថ្នាក់ នៅពេលបច្ចេកវិទ្យាទំនើបៗទាំងនោះធ្លាក់ចូលក្នុងដៃក្រុមភេរវកម្ម។ នៅមុនហេតុការណ៍ធ្វើឃាតប្រធានាធិបតីវេណេហ្ស៊ូអេឡា ក្រុមភេរវកម្ម ក៏បានប្រើប្រាស់យន្តហោះដ្រូន បំពាក់រំសេវផ្ទុះវាយប្រហារអាកាសយានដ្ឋានអន្តរជាតិ Abu Dhabi ប៉ុន្តែមិនមានអ្នកណារបួសឡើយ។
ឧបករណ៍ហោះហើរគ្មានមនុស្សបើក គឺជាការគំរាមកំហែងមួយយ៉ាងធំ អាចក្លាយទៅជាអាវុធយុទ្ធសាស្ត្រមួយ ដោយហោះហើរក្នុងកម្ពស់ទាប ធ្វើឲ្យប្រព័ន្ធរាដាមិនអាចចាប់បានឡើយ។ បណ្តាយន្តហោះពាណិជ្ជកម្មដឹកអ្នកដំណើរគឺជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេ នៅពេល ហោះហើរនឹងចុះចត ធ្វើឲ្យអាកាសយានឹកមិនអាច ធ្វើអ្វីបានឡើងនៅពេលវាយប្រហារបែបនេះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺបច្ចុប្បន្ន គេផលិតបានយន្តហោះរ៉ូបឺត ដោយមិនមានការបញ្ជាពីមនុស្សឡើយ ដោយផលិតឡើងតាមចំណង់ចំណូលចិត្តរបស់ម្ចាស់កម្មសិទ្ធ។ ដូច្នេះការការពារ ប្រមុខដឹកនាំប្រទេសនិមួយៗ រួចផុតពីការវាយប្រហារ ធ្វើឃាតដោយឧបករណ៍ហោះហើរគ្មានមនុស្សបើក ជារឿងមួយដ៏លំបាកបំផុត។ ភាគច្រើន ក្រុមសន្តិសុខការពារតែនៅលើដីប៉ុណ្ណោះ ពិបាកក្នុងការការពារពីលើអាកាស ។
ពាក់ព័ន្ធនិង សាក្ស៊ីភស្តុតា មួយចំនួនជុំវិញសកម្មភាពធ្វើឃាតប្រធានាធិបតីវេណេហ្ស៊ូអេឡា នៅពេលសួរចំលើយ ជនម្នាក់ដែលជាអតីតទាហាន ហើយត្រូវគេចាប់ខ្លួនបានក្រោយកើតហេតុ បាននិយាយបញ្ចេញឈ្មោះ មនុស្ស២នាក់ គឺលោក Julio Borges និង លោក Juan Requesens ដែលជាសមាជិកសភាគណបក្សប្រឆាំងដែរ។ យ៉ាងណាមិញ បើយោងតាមទំព័រTwitter របស់គណបក្សប្រឆាំង បានអះអាងថា លោក Juan Requesens ព្រមទាំងប្អូនស្រី ត្រូវបានមនុស្សរបស់ក្រុមស៊ើបការសម្ងាត់វ៉េណេស៊ុយអេឡា មានគ្នា១៤នាក់ ចាប់ឃាត់ខ្លួន និងវាយដំយ៉ាងដំណំ កាលពីថ្ងៃអង្គារ ទី៧សីហា។
ដោយឡែក លោក Diosdado Cabello មនុស្សមានអំណាចលំដាប់ទី២ នៅវ៉េណេស៊ុយអេឡា និងបច្ចុប្បន្ន ជាប្រធានសភាធម្មនុញ្ញនោះ បានប្រកាសថា សភាធម្មនុញ្ញ នឹងបើកការប្រជុំ ដើម្បីសម្រេចដកអភ័យឯកសិទ្ធិសភា របស់សមាជិកសភារូបណា ដែលជាប់ចោទពីបទប្រព្រឹត្តិអំពើភេរវកម្ម ប៉ុនប៉ង សម្លាប់លោកម៉ាឌុយរ៉ូ។
គួររំលឹកថា សភាធម្មនុញ្ញវ៉េណេស៊ុយអេឡា ត្រូវបានបង្កើតឡើង ក្រោយការបោះឆ្នោតថ្ងៃទី៣០កក្កដា ឆ្នាំ២០១៧ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញថ្មី។ សភាធម្មនុញ្ញនេះ មានអំណាចចាត់តាំង សឹងតែគ្មានដែនកំណត់។ សភាធម្មនុញ្ញ ដែលមានតែមនុស្ស របស់បក្សលោកម៉ាឌុយរ៉ូ ជាសមាជិកនេះ ត្រូវបានក្រុមគណបក្សប្រឆាំង ចាត់ទុកថា ជាការប្រជែងអំណាច ជាមួយសភាជាតិ ព្រោះក្នុងសភាជាតិ ក្រុមគណបក្សប្រឆាំងមានសម្លេងភាគច្រើន៕
ដោយ៖ មែវ សាធី