ភ្នំពេញ៖ គ្រឿងញៀនលាក់បង្កប់ជាមួយចំណីសត្វ ផ្ញើមកពីប្រទេសអាល្លឺម៉ង់ តាមប្រៃសណីយ៍កម្ពុជា ត្រួវកម្លាំងសមត្ថកិច្ចបង្ក្រាបបានជិត១០០គីឡូក្រាម និងចាប់ខ្លួនជនជាតិចិនម្នាក់ក្នុងបទល្មើសជាក់ស្តែង។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ប្រតិបត្តិការបង្ក្រាបការលាក់បង្កប់គ្រឿងញៀន ផ្ញើមកពីប្រទេសអាល្លឺម៉ង់នេះ បានធ្វើឡើងដោយ មានកិច្ចសហការគ្នារវាង កម្លាំងជំនាញនៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ជាមួយកម្លាំងចម្រុះប្រចាំការនៅប្រៃសណីយ៍កម្ពុជា ដឹកនាំសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា៖ បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនតាមប្រៃសណីយ៍ ផ្ញើចេញពីប្រទេសអាល្លឺម៉ង់ មកប្រទេសកម្ពុជា ដោយលាក់បង្កប់ជាមួយចំណីសត្វ នៅចំណុចប្រៃសណីយ៍កម្ពុជា ផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ លទ្ធផល ឃាត់ខ្លួនជនជាតិចិនម្នាក់ ឈ្មោះ YAO ZEYE ភេទប្រុស អាយុ៣៣ឆ្នាំ និងរឹបអូសវត្ថុតាង គ្រឿងញៀនប្រភេទថ្នាំគ្រាប់ (Logo LV) អ៊ិចស្តាស៊ី (MDMA) ទម្ងន់សរុបទម្ងន់សរុប 98kg 043.55g។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបាននគរបាលបញ្ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕
ដោយ៖ សហការី