ខេត្តកំពង់ចាម ៖ សមត្ថកិច្ចចម្រុះក្នុងស្រុកកងមាសរួមមាន មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម អាជ្ញាធរ កងរាជអាវុធហត្ថ នគរ បាល និងសហគមន៍នេសាទបឹងបេ៦ កាលពីថ្ងៃសៅរ៍ ១៥រោចខែទុតិយាសាឍ ឆ្នាំច ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ បានចុះបង្រ្កាប បទល្មើសជលផល ដោយបានកាប់និងដុតបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់នៅនឹងកន្លែងចំនួន២ករណី ។
សមត្ថកិច្ចឲ្យដឹងថា ការបង្ក្រាបធ្វើឡើងក្នុងឃុំចំនួន៣ ស្ថិតក្នុងស្រុកកងមាស ក្នុងនោះកម្លាំងបានដកហូតឧបករណ៍ប្រព្រឹត្តបទល្មើសនេសាទជាច្រើនរួមមាន ៖
នៅចំណុចបឹងបេ ៦ ឃុំស្ដៅ កងតាណឹង និងឃុំរកាអា ស្រុកកងមាស កម្លាំងដកហូតឧបករណ៍ស្បៃមុង១ លូស្បៃមុងចំនួន២៧មាត់ របាំងស្បៃមុងប្រវែង១៣៥០ម៉ែត្រ បង្គោលចម្រឹងសរុប ៤២៥ដើម និងលែងកូនត្រីម្រុះសរុបទម្ងន់៦៧គីឡូក្រាម ។
នៅចំណុចបឹងបេ ៦ ឃុំរាយប៉ាយ ស្រកកង មាស ខេត្តកំពង់ចាម កម្លាំងដកហូតបានឧបករណ៍ស្បៃមុង១ -លូស្បៃមុងចំនួន១៧មាត់ របាំងស្បៃមុងប្រវែង៨៥០ម៉ែត្រ បង្គោលចម្រឹងសរុប២៥០ដើម លែងកូនត្រីម្រុះសរុបទម្ងន់ ៤២គីឡូក្រាម ។
សមត្ថកិច្ចបញ្ជាក់ថា ឧបករណ៍នេសាទដែលបង្ក្រាបបាន ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង ចំណែកត្រីបានលែងចូលបឹងធម្មជាតិវិញ ៕ វណ្ណៈ