យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ នា​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក

ចែករំលែក៖

​ភ្នំពេញ​៖​ កាកបាទក្រហមកម្ពុជា​ បាន​សហការ​ ជាមួយ​ក្រុមហ៊ុន​អេ​ហ្សិត​ និង​មានការ​ចូលរួម​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ក្រុមហ៊ុន​កូកាកូឡា​ អាជ្ញាធរ​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​គ្រូបង្រៀន​ និង​សិស្សានុសិស្ស​ ប្រមាណ​ជាង​ ១០០០​ នាក់​ ធ្វើ​យុទ្ធនាការ​រួម​គ្នា​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍​ ខណៈ​ដែល​ថ្ងៃ​សម្រាក​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​កំពុង​ខិត​ជិត​មក​ដល់​ ។​

5

​យុទ្ធនាការ​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ នៅ​ទីកន្លែង​ពីរ​ផ្សេង​គ្នា​ គឺ​នៅ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត​ និង​នៅ​បញ្ជរ​បង់ប្រាក់​កំ​បូល​ ដែល​ស្ថិត​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​ ៤​ ក្នុង​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​នៅ​ក្នុង​ឱកាស​នេះ​ដែរ​បុគ្គលិក​ និង​តំណាង​មក​ពី​ស្ថាប័ន​នីមួយៗ​បាន​ចែក​កូនសៀវភៅ​សម្រង់​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ ភេសជ្ជៈ​កូកាកូឡា​ និង​សន្លឹក​ស្ទីក​គ័​រ​ ដែល​មាន​សរសេរ​សារ​ “​ពិសារ​គ្រឿង​ស្រវឹង​កុំ​បើកបរ​”​ និង​ខិត្តប័ណ្ណ​អប់រំ​ផ្សេងៗ​ជូន​ដល់​សិស្សានុសិស្ស​ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​បញ្ជរ​កំ​បូល​ ។​

​ក្នុង​នោះ​សៀវភៅ​សម្រង់​ “​ទោស​បញ្ញត្តិ​នៃ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ និង​អនុ​ក្រឹ​ត​ស្ដី​ពី​ការ​ពិន័យ​អន្តរការណ៍​”​ ចំនួន​ ១៥០០០​ ក្បាល​ និង​ស្ទីក​គ័​រ​ចំនួន​ ២​ ម៉ឺន​សន្លឹក​ ដែល​ត្រូវ​ចែកចាយ​ ត្រូវ​បាន​ឧបត្ថម្ភ​បោះពុម្ព​ដោយ​ក្រុមហ៊ុន​អេ​ហ្សិត​ ។​

​យុទ្ធនាការ​នេះ​ បាន​ធ្វើ​ឡើង​ នៅ​មុន​ពេល​ថ្ងៃ​សម្រាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ចូល​មក​ដល់​ ជា​ពេលវេលា​ដែល​ប្រជាពលរដ្ឋ​នឹង​ធ្វើ​ដំណើរ​ច្រើន​ទៅ​កាន់​ស្រុក​កំណើត​ ឬ​រមណីយដ្ឋាន​ផ្សេងៗ​ហើយ​ដែល​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ ក៏​កើត​មាន​ច្រើន​ផង​ដែរ​ ។​

​លោក​ ជួន​ វ៉ា​ន់​ឌ​ន​ នាយក​កិច្ចការ​ធុរកិច្ច​ នៃ​ក្រុមហ៊ុន​ អេ​ហ្សិត​អ៊ិ​ន​វេស​មេន​ បាន​ថ្លែង​ថា​៖​ “​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជា​កង្វល់​មួយ​ដ៏​ធំ​នា​ពេល​បច្ចុប្បន្ន​ និង​ជា​បញ្ហា​រួម​ សម្រាប់​មនុស្ស​ទាំងអស់​គ្នា​ ។​ យើង​មានការ​ប្ដេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការ​ជួយ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​នៅ​តាម​គ្រប់​ដងផ្លូវ​ទាំងអស់​ មិន​ថា​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៤​ ដែល​ក្រុមហ៊ុន​យើង​កំពុង​ដំណើរការ​ ជួសជុល​ ថែទាំ​ នេះ​ទេ​”​ ។​

​លោក​ បាន​ថ្លែង​បន្ត​ថា​៖​ “​ក្រុមហ៊ុន​នឹង​បន្ត​យុទ្ធនាការ​អប់រំ​បែប​នេះ​តទៅ​មុខ​ទៀត​ នៅ​ក្នុង​ពិធីបុណ្យ​ជាតិ​ធំៗ​។​ ខ្ញុំ​សង្ឃឹមថា​ សិស្សានុសិស្ស​ និង​អ្នក​ធ្វើ​ដំណើរ​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ នឹង​ជួយ​ចែករំលែក​ និង​ផ្សព្វផ្សាយ​បន្ត​នូវ​សារ​សុវត្ថិភាព​ចរាចរណ៍​ទាំង​អស់នេះ​ ឧទាហរណ៍​តាម​រយៈ​បណ្ដាញ​សង្គម​ Facebook”​ ។​

​ខ្លឹមសារ​សំខាន់​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​យុទ្ធនាការ​អប់រំ​ពី​ច្បាប់​ និង​សុ​វត្ថ​ភាព​ចរាចរណ៍​នោះ​ គឺ​ “​សុវត្ថិភាព​ផ្ដើម​ចេញពី​អ្នក​”​ និង​ “​ពិសារ​គ្រឿង​ស្រវឹង​កុំ​បើកបរ​”​ ។​

​យោង​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ ការ​បើកបរ​ហួស​ល្បឿន​កំណត់​ និង​ការ​បើកបរ​ដោយ​មាន​ជាតិ​ស្រវឹង​គឺជា​មូលហេតុ​ចម្បង​ធំ​បំផុត​ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជា​មធ្យម​ គ្រោះថ្នាក់​ចរាចរណ៍​បាន​ឆក់​យក​ជីវិត​មនុស្ស​ ៦​នាក់​ក្នុង​មួយ​ថ្ងៃ​ ។​ ក្នុង​មួយ​ឆ្នាំៗ​ គ្រោះថ្នាក់​ចរាចរណ៍​ក៏​បាន​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​ថែម​ទៀត​ផង​ ។​

​លោក​ ប៉ាត​ ប៊ុ​ន​ផា​ជា​ប្រធាន​យុវជន​ សាខា​កាកបាទក្រហម​ រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ថា​៖​ “​ការ​សហការ​គ្នា​អប់រំ​ពី​សុវត្ថិភាព​ចរាចរណ៍​ ជា​កត្តាចាំបាច់​ ដែល​យើង​ត្រូវធ្វើ​ជា​ប្រចាំ​ ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ដល់​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​កំពុង​តែ​បង្ក​គ្រោះភ័យ​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​យើង​”​ ។​ហើយ​គាត់​ក៏​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា​យើង​ទាំងអស់​គ្នា​មិន​ថា​អ្នកបើកបរ​ឬ​អ្នក​រួម​ដំណើរ​នោះ​ទេ​ត្រូវ​ចង់​ចាំ​នូវ​សារ​បី​សំខាន់​គឺ​ការពារ​ជីវិត​អ្នក​ សូម​ពាក់មួក​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ​!​ ការពារ​ជីវិត​អ្នក​សូមកុំ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​!

​មួក​សុវត្ថិភាព​មួយ​ជួយ​បាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​!

​កាកបាទក្រហមកម្ពុជា​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ អាជ្ញាធរ​ រួម​ជាមួយ​ក្រុមហ៊ុន​ ក៏​ដូច​ជា​អង្គការ​ ដៃគូ​ពាក់ព័ន្ធ​សង្ឃឹមថា​ យុទ្ធនាការ​នេះ​នឹង​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ជា​ពិសេស​នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាង​មុខ​នេះ​ ។​

«​រួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា​»​ ៕

...

431

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print