បុរសម្នាក់ប្រើអំពើហិង្សាទៅលើប្រពន្ធខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបាននគរបាលខណ្ឌដង្កោចាប់ដាក់ខ្នោះ

ចែករំលែក៖

​ភ្នំពេញ៖ ​បុរសម្នាក់បានប្រើ​អំពើ​ហិង្សា​វាយ​​ទៅលើប្រពន្ធខ្លួនឯង បណ្តាល​ឲ្យ​រង​របួស​ខ្លួន​ប្រាណធ្ងន់ធ្ងរ និងក្បាលដេរចំនួន៨ថ្នេរត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លុួនកសាងសាណុំរឿងចាត់ការតាមផ្លូវច្បាប់ ។

image2

​ជនសង្ស័យដែលប្រើអំពើហិង្សាទៅលើប្រពន្ធខ្លួនឯងនោះឈ្មោះ គឹម វ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិទំពូង ឃុំល្វែ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ចំណែកប្រពន្ធ រងគ្រោះឈ្មោះ កេត លីសៀង អាយុ៤៥ឆ្នាំ មុរបរលក់ដូរ បច្ចុប្បន្នរស់នៅជាមួយគ្នា និងមាន ស្រុកកំណើតនៅភូមិរលាំង ឃុំរំលិច ស្រុកស៊ីធរកណ្តាល ខេត្តកណ្តាល រងរបួសជាំភ្លៅទាំងសងខាង ដើមដៃឆ្វេង កំភួនជើងខាងស្តាំ និងរបួសក្បាលដេរ ចំនួន ៨ថ្នេរ ។

បើតាមប្រភពព័ត៌មានពី​សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ជន​រង​​គ្រោះបានជួលជាងមកធ្វើផ្ទះ នៅលើដីឡូត៍មួយកន្លែងលេខ៣៨ ស្ថិតក្នុងភូមិប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រហូតដល់វេលាម៉ោង ៩ព្រឹក  ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនរងគ្រោះបាន ឆុងកាហ្វេឲ្យជាងធ្វើផ្ទះហូបដូចសព្វមួយដង ខណៈនោះស្រាប់តែមានប្អូនថ្លៃប្រុសរបស់ជន​រង​គ្រោះឈ្មោះ សែ សឺង បានជិះម៉ូតូមកលេង និងមើលជនរងគ្រោះធ្វើផ្ទះថ្មី ដោយនិយាយថា បើបងឯងធ្វើផ្ទះ ត្រូវធ្វើឲ្យខ្ពស់ ដើម្បីកុំឲ្យលិចទឹក ។ ពេលដែលឮការផ្តាំផ្ញើរពីប្អូនថ្លៃបែបនេះ ធ្វើ​ឲ្យ​ជនសង្ស័យជាប្តី មានការខឹងសម្បាយ៉ាងខ្លាំងដោយគិតថា  ប្អូនថ្លៃនិយាយបង្គាប់​មក​លើរូបគេជាបងថ្លៃ ភ្លាមនោះជនសង្ស័យបានស្ទុះទៅយកដំបងឈើមូលប្រវែងប្រហែល ៥០ សង់ទីម៉ែត្រ វាយទៅលើជនរងគ្រោះជាប្រពន្ធជាច្រើនដំបង បណ្តាលឲ្យរងរបួសជាំភ្លៅទាំងសងខាង ដើម​ដៃឆ្វេង កំភួនជើងខាងស្តាំ និងរងរបួសបែកក្បាលហូរឈាមពេលខ្លួន ។

ប្រភពដដែលប្រាប់បន្តឲ្យដឹងថា ដោយមិនអស់ចិត្ត ជនសង្ស័យបានដើរទៅយកពូថៅ ដើម្បីយកមកគម្រាមកាប់ជនរងគ្រោះថែមទៀត តែត្រូវបានអ្នកជិតខាងឃើញទាន់ជួយ​ចាប់​បំបែក និងបានដឹកជនរងគ្រោះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដេរក្បាល ចំនួន ៨ថ្នេរ ។ លុះដល់វេលាម៉ោង ៩ និង៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនរងគ្រោះបានធូរស្បើយពីមុខរបួសបន្តិច ក៏ប្តឹង​សមត្ថ​កិច្ច​ឲ្យ​ឃាត់​​ខ្លួនជនសង្ស័យជាប្តីតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរ​បាល​ខណ្ឌ​ដង្កោ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print