ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ លោកសន វី ប្រធានគណៈពង្រឹងមូលដ្ឋានឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល ដែលជាតំណាងលោកប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកស្អាង បានអញ្ជើញចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ និងបេក្ខជនត្រៀមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ។
នៅក្នុងពិធីនោះ លោកសន វី បានមានមតិសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ចំនួន៣៩នាក់ និងបេក្ខជនត្រៀមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន៤៤០នាក់ ដោយលោកបានបញ្ជាក់ប្រាប់ថា គណបក្សប្រជាជនកម្ពុជា តែងបានយកចិត្តទុកដាក់បំផុតចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ជាពិសេស សិស្សរៀនថ្នាក់ទី១២ ដែលត្រៀមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតែម្តង ។ គណបក្សប្រជាជនកម្ពុជា ខុសពីគណបក្សដទៃ ដែលបានត្រឹមតែសន្យាខ្យល់ ថាហើយមិនធ្វើ មិនយកចិត្តទុកដាក់នឹងប្រជាជននោះទេ ។
លោកសន វីបានផ្តាំផ្ញើថា សូមប្អូនៗជាបេក្ខជនត្រៀមប្រឡងយកសញ្ញាបត្របាក់ឌុបនាពេលខាងមុខនេះ ប្រឹងប្រែងរៀនសូត្រយកចំណេះដឹងគ្រប់មុខវិជ្ជាដើម្បីទទួលបានជ័យជំនះក្នុងការប្រឡងយកសញ្ញាបត្រឲ្យមាននិទ្ទេសល្អគ្រប់ៗគ្នា ។ ប្អូនៗ គឺជាទំពាំងស្នងឫស្សីសម្រាប់ទ្រទ្រង់ប្រទេសជាតិនាពេលអនាគត ដោយធ្វើយ៉ាងណាឲ្យក្លាយខ្លួនជាធនធានមនុស្សដ៏ល្អ សម្រាប់ស្តារ និងកសាងប្រទេសជាតិបន្តវេនពីរៀមច្បងរបស់យើង ។
ជាមួយនេះដែរ លោកសង្ឃឹមថា ប្អូនៗ បានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចដើម្បីចូលរួមប្រឡង យកសញ្ញាបត្រ បំពេញមុខក្រុមគ្រួសារ ក៏ដូចជាប្រទេសជាតិ ដោយទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ។ ជាមួយនេះដែរ លោកសន វី បានសម្តែងការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ទាំងកម្លាំងកាយ កម្លាំងចិត្តបង្រៀនគ្រប់មុខវិជ្ជាដល់សិស្សានុសិស្សទាំងអស់ និងសូមជូនពរចំពោះលោកគ្រូ អ្នកគ្រូ និងបេក្ខជនត្រៀមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងទទួលបានជ័យជំនះក្នុងការប្រឡងនាពេលខាងមុខនេះ ។
បន្ទាប់មក លោកសន វី ដែលជាតំណាងរបស់លោកប្រាក់ សុខុន បានឧបត្ថម្ភថវិកាដល់លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២នៅស្រុកស្អាង៣៩នាក់ ថវិកាចំនួន៥ម៉ឺនរៀលក្នុងម្នាក់ៗ ហើយក្នុងនោះដែរ ថវិការបស់លោកទេសរដ្ឋមន្ត្រីប្រាក់ សុខុន ឧបត្ថម្ភក្នុងម្នាក់ៗ ៤០.០០០រៀល និងថវិកាលោកសន វី ឧបត្ថម្ភលោកគ្រូ អ្នកគ្រូក្នុងម្នាក់ៗ ១០.០០០រៀល ព្រមទាំងឧបត្ថម្ភសិស្ស ចំនួន៤៤០នាក់ ក្នុងម្នាក់ៗ៣ម៉ឺនរៀល
ក្នុងនោះថវិកាលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ២០.០០០រៀល និងលោក សន វី ១០.០០០រៀល ។ ជាមួយនេះដែរ ក៏បានឧបត្ថម្ភសម្រាប់កម្មវិធីជួបចុំសំណេះសំណាលថវិកាចំនួន៨៥០.០០០រៀលផងដែរ ៕ ប្រាថ្នា