សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឡាវ ប្រចាំនៅកម្ពុជាដែលផុតអាណត្តិ

ចែករំលែក៖

ភ្នំពេញ​៖​នៅព្រឹក​ថ្ងៃទី​១៧​ ខែ​សីហា​ នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោកស្រីឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Prasith Sayasith ឯកអគ្គរដ្ឋទូតឡាវ ប្រចាំនៅកម្ពុជាដែលផុតអាណត្តិ។ 

ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ ផ្សាយ​ថា​ លោក ឯកអគ្គរដ្ឋទូតឡាវ បានគោរពសម្តែងនូវការសោកស្តាយ ចំពោះអ្វីដែលបានកើតឡើង លើប្រជាជនកម្ពុជា ដែលជួបគ្រោះទឹកជំនន់ ដោយសារបាក់ទំនប់វារីអគ្គីសនី នៅប្រទេសឡាវ។ 

លោកក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបាន​បរិច្ចាគប្រាក់ជំនួយដល់ឡាវ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយថ្នាក់ជាតិ នៅឡាវកន្លងមកនេះផងដែរ។ លើសពីនេះទៅទៀត លោកក៏បានសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោត នៅប្រទេសកម្ពុជា ហើយការបោះឆ្នោតនោះ លោកក៏បានធ្វើជាអ្នកសង្កេតការណ៍ផងដែរ ដោយបានសង្កេតឃើញថាការបោះឆ្នោតនោះ មានតម្លាភាព និងការរៀបចំល្អ។ 

ក្នុងន័យនេះ លោកបានសម្តែងការអបអរសាទរ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដោយក្តីគោរព។ លោកបានជម្រាបជូន សម្ដេចពីបេសកកម្មរបស់ លោក ក្នុងរយៈពេល៤ឆ្នាំ២ខែ នៅកម្ពុជា ដោយលោកបានឃើញ នូវការអភិវឌ្ឃរបស់ប្រទេសកម្ពុជា យ៉ាងឆាប់រហ័សជាទីបំផុត ប្រជាជនមានជីវភាពរស់នៅយ៉ាងល្អ និងមានការរីកចម្រើន ហើយការអភិវឌ្ឍទៀតសោត គឺមានការលេចធ្លោរតែម្តង។

លោក ក៏បានជម្រាបជូន សម្តេចតេជោផងដែរ អំពី​ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កន្លងមកនេះ មានការកើនឡើង១ជា២ គឺពី១០លានដុល្លារ ទៅ២៤លានដុល្លារអាមេរិក នៅឆ្នាំ២០១៨នេះ។

  

ជាការឆ្លើយតប សម្តេច​បានសម្តែងនូវការកោតសរសើរ ចំពោះលោក ឯកអគ្គរដ្ឋទូត ដែលបានចូលរួមពង្រឹង និងពង្រីកចំណងមិត្តភាព រវាងកម្ពុជា-ឡាវ និងជំរុញទំហំសេដ្ឋកិច្ចរវាងប្រទេសពីរផង។ សម្តេចតេជោ​ ក៏បានសម្ដែងនូវការចូលរួមសោកស្តាចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់​ ដោយសារគ្រោះទឹកជំនន់កន្លងមកនេះ។ 

សម្តេចតេជោ បានមានប្រសាសន៍ថា ថ្លែងអំណរគុណផងដែរ ចំពោះលោក Prasith Sayasith ដែលបានអបអរសារទរ ចំពោះលទ្ធផល នៃការបោះឆ្នោត និងបានចូលរួមសង្កេតការណ៍ ក្នុងដំណើរការបោះឆ្នោតកន្លងទៅនេះ។ សម្តេចបានបន្ថែមថា ទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ គឺមានការកើនឡើងទ្វេរដង ប៉ុន្តែយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មនេះ មិនទាន់មានការសមស្របទៅនឹង សក្តានុពល ដែលប្រទេសទាំងពីរមាននោះឡើយ ដូច្នេះសម្តេចបានស្នើសុំ ឲ្យមានការប្រឹងប្រែងបន្ថែមទៀត ចំពោះកិច្ចការនេះ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print