ភ្នំពេញ៖ក្រុមហ៊ុន Asia Property Cambodia Limited មានទីតាំងស្ថិតនៅក្បាលដីលេខ៣២៧ មហាវិថីព្រះនរោត្តម (៤១) ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានតុលាការសម្រេចឱ្យផ្អាកការសាងសង់ជាបណ្ដោះអាសន្ន រង់ចាំតុលាការសម្រេចដល់រឿងអង្គសេចក្ដីចប់ជាស្ថាពរ ។
ក្រុមហ៊ុននេះ ត្រូវបានគេរិះគន់ថា អាងអំណាច និង ទឹកលុយ រត់ការឆ្វេចឆ្វាច ពឹងអ្នកធំ ទប់ស្កាត់ការអនុវត្តរបស់តុលាការ ។ ប៉ុន្តែទីបំផុត តុលាការនៅតែអនុវត្តបានសម្រេច ផ្តល់ភាពយុត្តិធម៌ដល់ម្ចាស់ហាង Today Cafe ដដែល ។
ការអនុវត្តដីកាចាត់ចែងជាបណ្ដោះអាសន្ននេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ដឹកនាំដោយលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង ជាមន្ត្រីទទួលបន្ទុកកិច្ចការអាជ្ញាសាលា ។
មន្ត្រីចូលរួមការអនុវត្ត បញ្ជាក់ថា លោក ម៉ង វិរុត ជាមេការគ្រប់គ្រងការដ្ឋានសំណង់ មិនមានការជំទាស់នឹងការសម្រេចរបស់តុលាការទេ គ្រាន់តែសំណូមពរឱ្យមានការចេញចូលធម្មតា ដើម្បីមើលថែសម្ភារៈដែលមានក្នុងការដ្ឋាន ហើយឯកភាពផ្អាកមិនដំណើរការសាងសង់អ្វីទៀតទេ បើមានករណីលួចសង់ គឺលោកទទួលខុសត្រូវមុខច្បាប់
ប្រភពព័ត៌មាន បញ្ជាក់ថា ការសម្រេចផ្អាកការសាងសង់នេះ គឺ បន្ទាប់ពីក្រុមហ៊ុន Asia Property Cambodia Limited បានសាងសង់ប៉ះពាល់ដល់ហាង Today Cafe យ៉ាងធ្ងន់ធ្ងរ បណ្តាលអោយប្រេះស្រាំសំណង់ហាង ។
តាមការរៀបរាប់របស់លោក ហេង បញ្ញាតេជសីហ៍ មេធាវីតំណាងដោយអាណត្តិរបស់ម្ចាស់បំណុលឈ្មោះ ហេង សុភារ៉ា បញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមហ៊ុន Asia Property Cambodia Limited បានបើកការដ្ឋានសាងសង់អគារការិយាល័យ ។
ការសាងសង់នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហាង Today Cafe មានការប្រេះជញ្ជាំង ឥដ្ឋ ធ្នឹម និងធ្វើឱ្យខូចខាតគ្រឿងបង្គុំសំណង់ជាដើម ធ្វើឱ្យហាងកាហ្វេមិនអាចដំណើរការរកស៊ីរយៈពេលជាង៤ខែ និង ខាតបង់ផលប្រយោជន៍ជាច្រើន។ លោកបន្តថា៖ ហាងកាហ្វេនេះត្រូវបានបង្ខំចិត្តបិទអាជីវកម្មរបស់ខ្លួនចំនួន៤ខែមកហើយ បើគិតចាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨មក ដោយខ្លាចប៉ះពាល់ដល់អាយុជីវិត សុវត្ថិភាព អតិថិជន ដោយសារគ្រឹះ កំទេច បាក់ ធ្លាក់មក។
មិនតែប៉ុណ្ណោះ ភាគីខាងក្រុមហ៊ុនបានបំពាក់ទៅនឹងលក្ខខណ្ឌទី២ នៃលិខិតស្នើសុំសាងសង់អគារការិយាល័យ របស់អភិបាលរាជធានីភ្នំពេញ ថែមទៀតផង ។
ក្រោយពីមានបញ្ហាកើតឡើង ម្ចាស់ហាង Today Cafe បានធ្វើការចរចាររកដំណោះស្រាយជាមួយក្រុមហ៊ុន Asia Property Cambodia Limited ដោយក្រុមហ៊ុនសន្យាធានាជុសជុលហាងឡើងវិញ និង បានធ្វើលិខិតទទួលខុសត្រូវសាងសង់ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ។
ប៉ុន្តែក្រោយមក ក្រុមហ៊ុនមិនបានអនុវត្តកាតព្វកិច្ចនេះទេ ចេះតែគេចវេស ហើយនៅតែបន្តការសាងសង់អគារ និង ធ្វើឱ្យហាងខូចខាតធ្ងន់ធ្ងរទៅៗ ៕
ដោយ៖ ចេស្តា