ជាង​សំណង់នៅខេត្តកំពង់ធំចូលរួម​​ប្រកួតស្នាដៃគ្នា​​រៀបចំ​ដោយអេស​ស៊ីជី

ចែករំលែក៖

ខេត្តកំពង់ធំ៖ ជាង​សំណង់ចំនួន ១២ រូប​មកពីខេត្ត​កំពង់ធំ និង​កំពង់ចាម បានចូលរួម​នៅ​ក្នុង​ការ​ប្រកួតជុំជម្រុះ​ថ្នាក់តំបន់ នៃកម្មវិធីប្រកួតជាង​សំណង់​របស់ក្រុមហ៊ុន​អេស​ស៊ីជី (SCG) កាលពីពេលថ្មីៗ ហើយ​ក្នុងនោះជ័យលាភី ដែលជាប់​វគ្គ​ជម្រុះ​​ មាន​សិទ្ធិ​​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​ថ្នាក់ជាតិ​ ដែលនឹង​ប្រារព្វ​ឡើងនៅ​ចុង​ឆ្នាំនេះ។

បេក្ខជន​ត្រូវបាន​បែង​ចែកជា ៦ ក្រុម ដែលមួយក្រុម​មានគ្នា​ពីរនាក់ ដោយត្រូវ​​ប្រកួត​លើ​ផ្នែក​បូកស៊ីម៉ង់ត៍។ ការ​ប្រកួត​នេះ​បានធ្វើឡើង​នៅ​ឯដេប៉ូ​សំណង់ គីវ អៀង ដែលជា​​តំណាង​ចែក ចាយ​របស់​ក្រុមហ៊ុន​អេសស៊ីជី​ប្រចាំខេត្ត​កំពង់ធំ។

អ្នកស្រី គីវ ម៉េងលី ដែលជា​អ្នកគ្រប់គ្រង​ដេប៉ូសំណង់ គីវ អៀង​ បាន​ថ្លែងថា៖ “ខ្ញុំ​គិតថា ការ​ប្រកួតជាង​សំណង់នេះ​គឺល្អខ្លាំង ដែលក្រុមហ៊ុន​អេស​ស៊ីជីបាន​សហការ​ជាមួយក្រសួង​ការ​ងារ​ ក្នុងការ​បណ្ដុះបណ្ដាលជាង​​ឲ្យ​មាន​សមត្ថ ភាព​កាន់តែ​ខ្ពស់ និង​អាច​រក​ប្រាក់ចំណូលបាន​ច្រើន​ជាង​មុ​ន​ផងដែរ។ …ខ្ញុំ​សូមជូនពរ​ជាង​ដែលចូលរួម​ប្រកួត​ថ្ងៃនេះ​ឲ្យគាត់បានជោគ ជ័យ​ក្នុងការ​ប្រកួត ហើយ​មាន​ឱកាស​​ទៅ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ​នៅភ្នំពេញ​នាចុង​ឆ្នាំនេះ​ផងដែរ។​”

ការ​ប្រកួត​នេះ គឺជា​​ផ្នែក​មួយ​នៃ​​កម្មវិធីបណ្ដុះបណ្ដាល​ជាង​សំណង់​ ​ផ្ដួច​ផ្ដើម​ដោយ​ក្រុមហ៊ុនអេស​ស៊ីជី ដែលជា​ពហុសាជីវកម្ម​ឈាន​មុខ​គេ​មួយ​នៅក្នុង​តំបន់អាស៊ាន​ ដើម្បី​ផ្ដល់​វគ្គបណ្ដុះបណ្ដាល​ដល់​ជាង​សំណង់​លើ​ការ​ងារ​​បូក​ស៊ីម៉ង់ត៍ និង​ការងារ​ប្រក់​ដំបូល ដែល​ការ​បណ្ដុះបណ្ដាល​នេះ​ប្រព្រឹត្តទៅនៅឯ​​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈពីរកន្លែង​គឺ​ ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​​កម្ពុជា (NPIC) និង​វិទ្យាស្ថាន​អភិវឌ្ឍន៍មុខ​ជំនាញ កម្ពុជា-ថៃ (CTSDI)​។

លោក ពង់ថាណា​ ដេវីតា​យ៉ាផន (Pongdhana Dejvittayaporn) នាយក​ផ្នែក​លក់ និងទីផ្សារ​របស់​ក្រុមហ៊ុន អេស​ស៊ីជី បាន​មាន​ប្រសាសន៍ថា៖ “តាមរយៈការ​ប្រកួតទាំងនេះ យើង​មាន​ក្តីសោមនស្សរីករាយ​ ដែល​បាន​ចូលរួម​​បង្កើនជំនាញ​យ៉ាង​​ច្រើន​ដល់​ជាង​សំណង់ បន្ទាប់ពីពួកគាត់​បាន​ចូលរួម​វគ្គបណ្ដុះបណ្ដាល​ក្រោម​កម្មវិធីរបស់ក្រុមហ៊ុន។ យើង​សង្ឃឹមថា ជាមួយនឹងការ​កើនឡើងនូវជំនាញនេះ ពួកគេ​នឹងមាន​ឱកាស​ច្រើន​ក្នុងការ​ប្រកប​អាជីពរបស់​ខ្លួន​ ហើយ​អាច​រក​ប្រាក់​ចំណូលបានកាន់តែ​ច្រើនថែមទៀត។”​

លោក​បាន​បន្ថែមទៀតថា៖ “ការ​រីក​ចម្រើន​នូវជំនាញរបស់ជាងសំណង់ គួបផ្សំ​នឹង​ផលិតផល និង​សម្ភារ​សំណង់​ថ្មីៗ​ ដែល​កំពុង​ដាក់​លក់​នៅលើ​ទីផ្សារ​បច្ចុប្បន្ន ជាពិសេស​គឺផលិតផល និង​សម្ភារ​សំណង់​ដែល​មាន​គុណភាព​ពីអេស​ស៊ីជី មានន័យថា បទដ្ឋាន​ និង​គុណភាព​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​បន្ត​កើនឡើងជាប់​ជានិច្ច។”

ការ​ប្រកួតជម្រុះថ្នាក់តំបន់​​សម្រាប់​ផ្នែក​បូកស៊ីម៉ង់ត៍ កំពុង​ត្រូវបានរៀបចំនៅតាម​បណ្ដាខេត្ត និងទីក្រុង​នានា​ទូទាំង​ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ ជ័យលាភីពី​វគ្គជម្រុះតាមខេត្ត​ នឹង​ចូលរួម​ការ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ​​ ដែល​រៀបចំដោយ​ក្រុមហ៊ុន​អេសស៊ីជី នៅរាជធានីភ្នំពេញ នា​ចុង​ឆ្នាំនេះ។

ក្នុងនោះ ជាង​សំណង់​ប្រើប្រាស់​ផលិតផល​មានគុណភាព​ខ្ពស់ គឺ​ស៊ីម៉ង់ត៍ ខេ-ស៊ីមេន របស់​អេស​ស៊ីជី សម្រាប់​ការ​ប្រកួត​​ផ្នែក​បូក​ស៊ីម៉ង់ត៍ ហើយ​ប្រើ​ប្រាស់​ក្បឿង​អេស​ស៊ីជី​ក្នុង​ការ​ប្រកួត​ប្រក់​ដំបូល។ រាល់​បេក្ខជន​ដែល​ចូលរួម​នឹងទទួល​បាន​វិញ្ញាបនប័ត្រ​ពី​កម្មវិធីបណ្ដុះបណ្ដាល ហើយក្រុមដែលទទួលជ័យ​ជំនះ​​សម្រាប់ការ​ប្រកួត​វគ្គផ្ដាច់​ព្រ័ត្រ​​នឹង​ទទួល​បាន​រង្វាន់ជាទឹកប្រាក់ ២ លាន​រៀល និង​​បានចូលរួមក្នុង​ដំណើរ​ទស្សនកិច្ចអប់រំ​ទៅកាន់ប្រទេស​ថៃ ដែល​រៀប​ចំដោយ​ក្រុមហ៊ុន​អេស​ស៊ីជីផងដែរ។

ជ័យលាភីក្នុងការ​ប្រកួត​នៅឯខេត្ត​កំពង់ធំបាន​ទៅលើក្រុម​​លោក ខាន់ តូ និង សេង សំណាង។

លោក ខាន់ តូ បាន​ថ្លែងថា៖ “នៅពេលយើង​ឈ្នះ យើងមានអារម្មណ៍រំភើប​​សប្បាយ​ចិត្ត​ណាស់។ ទៅថ្ងៃអនាគត សង្ឃឹមថា ខ្ញុំ​នឹង​ក្លាយជា​មេជាង​ដ៏ធំមួយ​ប្រចាំខេត្ត​កំពង់ធំនេះ។ ខ្ញុំ​នឹង​សូម​ផ្ដាំផ្ញើ​ដល់​ពុកម៉ែ​មីង​មា​នៅខេត្ត​កំពង់ធំហ្នឹង​សូមជួយគាំទ្រ​ជាង​តូផង ។ ជាង​តូនឹង​ខំប្រឹង​ជួយធ្វើ​ផ្ទះ​ឲ្យ​កាន់តែ​ស្អាត​ឥត​ខ្ចោះ។” បន្ថែម​លើ​ការ​ប្រកួត និង​ការ​បណ្ដុះបណ្ដាល​ជាង​សំណង់ ក្រុមហ៊ុន​អេស​ស៊ីជី ក៏បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវា​កម្ម​ផ្គូផ្គងជាង​សំណង់ ដែល​ជួយ​ឲ្យ​ម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោង​អាច​ស្វែង​រកជាង​សំណង់​បាន​កាន់តែ​ងាយ​ស្រួលជាង​មុន តាមរយៈការទូរស័ព្ទទៅកាន់ការិយាល័យព័ត៌មាន​របស់​អេស​ស៊ីជី លេខ ០៩៥-៩៩៩-៥០០ ឬ​ចុះឈ្មោះនៅលើគេហទំព័រ​របស់អេសស៊ីជី www.scgbuildingmaterials.com/contractor-matching

អេស​ស៊ីជី​បាន​បង្កើត​កម្មវិធីបណ្ដុះបណ្ដាលជាង​សំណង់​កម្ពុជា​កាលពីខែកុម្ភៈ ឆ្នាំនេះ ដោយ​សហការ​ជាមួយនឹងក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​បាន​​អភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាល​ស្ដីពីការ​ប្រើប្រាស់​ផលិតផល និង​សម្ភារ​​សំណង់ថ្មីៗ ឲ្យ​បានត្រឹមត្រូវ។ កម្មវិធីបណ្ដុះបណ្ដាល​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញាចិត្ត​របស់​អេស​ស៊ីជី​ក្នុង​ការ​ជួយគាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​យូរអង្វែង​​របស់​ប្រទេស​កម្ពុជា តាមយៈ​កម្មវិធីបណ្ដុះបណ្ដាល ការ​អប់រំ និង​ការ​លើក​កម្ពស់​បទដ្ឋាន​សំណង់ ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print