លោក អ៊ុន ចាន់ដា ៖ ផ្លូវប្រវែង៤គីឡូម៉ែត្រនៅស្រុកជ័យសែនដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនឹងជួសជុលឡើងវិញ ក្រោយផុតពីរដូវភ្លៀងធ្លាក់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ផ្លូវមួយខ្សែមានប្រវែងប្រមាណ៤គីឡូម៉ែត្រតភ្ជាប់ពីទីរួមស្រុកជយ័សែន ទៅឃុំខ្យង ឃុំធ្មា និងឃុំច្រាច់ បានរងការខូចខាតធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង និងមួយចំណែកទៀតរថយន្តផ្ទុកលើសទម្ងន់ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិឃុំខាងលើនេះ ជួបការលំបាករក្នុងការប្រើ ប្រាស់ផ្លូវមួយខ្សែនេះ ។

លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ លោកបាន ដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពផ្លូវផ្ទាល់ ឃើញថាផ្លូវពិតជាទទួលរងខូចខាតធ្ងន់ធ្ងរ​មែន ។ លោកថា រដូវនេះជារដូវវស្សា ទឹកភ្លៀងតែងតែធ្លាក់ជាញឹកញាប់និងមានរថយន្ដដឹកហួសទម្ងន់ឆ្លងកាត់ផងនោះបានធ្វើឲ្យផ្លូវ១ខ្សែរខាងលើរងការខូចខាតពិបាកក្នុងការធ្វើដំណើរ ហើយក្រុមការងារក៏មិនអាចធ្វើការជួសជុល និងស្តារឡើងវិញនៅផ្លូវ១ខ្សែរនេះបានទាន់ពេលវេលានោះទេព្រោះភ្លៀងកំពុង​ធ្លាក់ជាបន្តបន្តាប់។ ហេតុដូច្នេះហើយមធ្យោបាយដែលល្អបំផុតសម្រាប់ ដោះស្រាយការលំបាកក្នុងធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្រុមការងារបានរៀបចំដាក់ក្តាឲ្យប្រជាពលរដ្ឋ ដើរឆ្លងកាត់ និងបើកបរម៉ូតូបណ្តោះអាសន្នបាន។

លោកបានបញ្ជាក់ថា ផុតពីរដូវភ្លៀងធ្លាក់ អាជ្ញាធរខេត្ត និងស្នើសុំទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជួសជុលផ្លូវ១ខ្សែរខាងលើនេះឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងយានយន្តគ្រប់ប្រភេទឆ្លងកាត់បានស្រួល ។

លោកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមសាមគ្គីក្នុងការការពារថែរក្សាផ្លូវទាំងអស់គ្នា ព្រោះផ្លូវថ្នល់គឺជាសសៃឈាមនៃសេដ្ឋកិច្ចជាតិនិងប្រជាពលរដ្ឋ ។ លោកក៏បានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់អាជ្ញាធរមូលដ្ឋានត្រូវរឹតបណ្តឹងរាល់រថយន្ដដឹកហួសទម្ងន់ ត្រូវមានវិធានការបង្ក្រាបឲ្យខានតែបាន ព្រោះផ្លូវដែលរងការខូចខាតភាគច្រើនបណ្ដាលមកពីរថយន្ដដឹកលើសទម្ងន់នេះតែម្តង ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print