ខេត្តកណ្តាល៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងឃាត់ខ្លួន កាលពីវេលាម៉ោង២០ និង២២នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង បញ្ជូនទៅកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីសមត្ថកិច្ចនគរបាលរកឃើញថាជនសង្ស័យមានលាក់ទុកថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១៧កញ្ចប់នៅក្នុងគូថពិល ។
អធិការនគរបាលស្រុកស្អាងលោកវរសេនីយ៍ទោ សេង សុជាតិ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះ ទី១-ឈ្មោះ ម៉ើ សុខផន ហៅខ្វិន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ ទី២-ឈ្មោះ រ៉េត សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកនេសាទត្រី និងទី៣-ឈ្មោះ ទី គឹមសុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកនេសាទត្រី ។ ជនសង្ស័យទាំង៣នាក់នេះមានទីលំនៅក្នុងឃុំត្រើយស្លា ស្រុកស្អាង ជាមួយគ្នា ។
លោកវរសេនីយ៍ទោ សេង សុជាតិ បានបន្តថា ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើការរឹបអូសវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១៧កញ្ចប់ ក្នុងនោះធំ០១កញ្ចប់ ,ម៉ូតូ០១គ្រឿងម៉ាកហុងដាគុបមូល ធុនសេ៥០ ពណ៌ស្លែ គ្មានស្លាកលេខ ,ពិលចំនួន០១ និងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។
លោកអធិការបានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល លោកបានបញ្ជាឲ្យកម្លាំងនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍ចុះល្បាតតាមគោលដៅសំខាន់ៗ ដើម្បីបង្កនិងបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា ។ ជាក់ស្តែងនៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលស្រុកស្អាងចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ២១B ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ដកហូតវត្ថុតាងខាងលើនេះ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យទាំង៣នាក់បានសារភាពថា ថ្នាំញៀនចំនួន១៧កញ្ចប់នេះពួកគេបានទិញពីមេក្លោងជួញដូរគ្រឿងញៀននៅម្តុំវាលខ្សាច់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងតម្លៃ៣៥០.០០០រៀល ដើម្បីយកទៅទុកប្រើប្រាស់ និងចែកចាយបន្ត ៕
ដោយ៖ ស្អាងជ័យ