តំណាងកាកបាទក្រហមកម្ពុជា​ចុះសួរសុខទុក្ខ​មន្ត្រីនគរបាល ដែលរងគ្រោះថ្នាក់ចរាចរណ៍​ក្នុងពេលចុះបំពេញភារកិច្ច

ចែករំលែក៖

ភ្នំពេញ ​៖​លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា (កក្រក) កាលពី រសៀលថ្ងៃអង្គារ​ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា​ ឆ្នាំ២០១៨​ម្សិលមិញនេះ បាននាំយកស្បៀង​ សម្ភារ​ និងថវិកាមួយចំនួន ក្នុងពេលចុះសួរសុខទុក្ខ​ លោក​ព្រឹន្ទបាល​ទោ​ ផាន់​ ភូមិន្ទ​ អាយុ​២៣ឆ្នាំ​ មន្ត្រីនគរបាលសង្កាត់ប៉ុស្តិ៍ចោមចៅទី​៣​ ដែលបានរងគ្រោះ​ថ្នាក់​ចរាចរណ៍បណ្តាលឱ្យបាក់ឆ្អឹងដងកាំបិតខាងស្តាំ​ នៅពេលលោកកំពុងប្រតិបត្តិការបង្ក្រាបបទល្មើសចោរឆក់​ កាល​ពីយប់ថ្ងៃទី​ ១៩ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

ក្នុង​​ឱកាសនោះលោកស្រីបាននាំប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ​ចំពោះ​លោក​ ផាន់​ ភូមិន្ទ​ ដែលបានរងគ្រោះថ្នាក់នៅក្នុងឧបទ្ទវហេតុខាងលើនេះ​ និងសូមផ្តាំផ្ញើឲ្យថែទាំ​សុខភាព​ ព្យាបាលមុខរបួសឱ្យបានល្អ​ ឆាប់បានជាសះស្បើយវិលត្រឡប់ទៅបំពេញការងារបម្រើប្រជា​ពល​រដ្ឋវិញ ។

លោកព្រឹន្ទបាលទោ​ ផាន់​ ភូមិន្ទ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់​ គិតគូរ​ និងលើកទឹកចិត្តដល់ជនរងគ្រោះគ្រប់ប្រភេទ​ដោយគ្មានការ​រើសអើងអ្វីឡើយ ៕ NKD

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print