ជិះម៉ូតូបុកគោយន្តកន្រ្តៃដឹកឈើស្លាប់ម្នាក់ទៀតហើយនៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានជិះម៉ូតូបុកគោយន្តកន្រ្តៃដឹកឈើពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងផ្លុកឈាមយ៉ាងរន្ធត់ នៅគ្រាដែលគោយន្តកន្រ្តៃដឹកឈើនោះចតនៅលើផ្លូវគ្មានតំរ៉ុយជាសញ្ញា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្តដឹកឈើខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃអង្គារ៍ ១២កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចចំណតភ្នំចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មូលដ្ឋានកងរាជអារវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ដោយគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ អុឹង ភារម្យ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំស្ដុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បច្ចុប្បន្ន ស្នាក់នៅភូមិ..ឃុំកើតហេតុខាងលើ។

ប្រភពខាងលើបន្តថា មុនដំបូងគេឃើញជនរងគ្រោះធ្វើដំណើរម្នាក់ឯងដោយម៉ូតូ ១គ្រឿង ប៉ុន្តែគេមិនបានបញ្ជាក់អំពីភិនភាគម៉ូតូនោះទេ ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានបុកគោយន្តកន្រ្តៃដឹកឈើពីក្រោយទំហឹង ដែលគោយន្តដឹកឈើខាងលើចតមិនដាក់តំរ៉ុយជាសញ្ញានៅលើផ្លូវ បណ្ដាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងផ្លុកឈាមមួយរំពេច ម្ចាស់គោយន្តឃើញសភាពការណ៍បែបនេះក៍គេចខ្លួនបាត់។

ប្រភពដដែលបន្តទៀត សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធបានឯកភាពគ្នាធ្វើកំណត់ហេតុ ប្រគល់សាកសព ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងម៉ូតូ និងគោយន្តកន្រ្តៃដឹកឈើ បានយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅផ្នែកសណ្ដាប់ធ្នាប់ នៃអធិការនគរបាលស្រុកវាលវែង បន្តធ្វើការស្រាវជ្រាវស្វែងរកម្ចាស់គោយន្តកន្រ្តៃ ដើម្បីដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ។

គួររំលឹកផងដែរថា៖ ករណីមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូឬរថយន្តបុកគោយន្តកន្រ្តៃដឹកឈើពេលយប់អធ្រាត្រ នៅលើកំណាត់ផ្លូវកៅស៊ូឬផ្លូវជាតិខាងលើនេះ កើតមានច្រើនស្ទើររាប់មិនអស់ទៅហើយ ពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំ គេសង្កេតឃើញមន្រ្តីជំនាញឬអាជ្ញាធរគ្មានវិធានការទាល់តែសោះ រឿងរ៉ាវកើតឡើងដដែលៗតែប៉ុណ្ណោះ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print