ប្រជាពលរដ្ឋឃុំរកាខ្ពស់នៅស្រុកស្អាង ខេត្តកណ្ដាលរារាំងចំណាត់ការវាស់ទឹករកដីរបស់ប្រធានតុលាការខេត្ត

ចែករំលែក៖

ខេត្តកណ្តាល ៖ មន្ត្រីមកពីចម្រុះស្ថាប័ននៅក្នុងខេត្តកណ្តាល ដែលជាសមាជិកគណៈកម្មការចំពោះកិច្ច ដើម្បីវាស់ទឹកលក់ដី បានទទួលបរាជ័យយ៉ាងអាម៉ាស់ ដោយសារអ្នកភូមិជាង១០០នាក់ រស់នៅក្នុងឃុំរកាខ្ពស់ ស្រុកស្អាង បាននាំគ្នារិះគន់យ៉ាងចាស់ដៃ និងនាំគ្នាជិះទូកមករារាំងសកម្មភាពវាស់ទឹករកដីនេះ ដែលស្ទើរតែផ្ទុះអំពើហិង្សាប្រយុទ្ធគ្នាលើផ្ទៃទឹក។

ប្រជាពលរដ្ឋម្ចាស់ដីប្រមាណ១០០នាក់ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ បានលើកគ្នាតវ៉ាមិនឲ្យគណៈកម្មការនេះវាស់វែងដីលិចទឹកដ៏ធំល្ហល្ហាចរបស់ពួកគាត់ ដែលសកម្មភាពនេះធ្វើឲ្យមជ្ឈដ្ឋានទូទៅរាប់ទាំងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផងនោះ សម្តែងការគាំទ្រដល់ប្រជាពលរដ្ឋ រួចហើយបញ្ចេញមតិរិះគន់យ៉ាងខ្លាំងៗ ទៅលើចំណាត់ការរបស់លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល ដែលជាអ្នកបញ្ជាឲ្យក្រុមមន្ត្រីចម្រុះនេះ។

ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ទាំងអស់គ្នាជាង១០០គ្រួសារ បានកាន់កាប់អាស្រ័យផលលើផ្ទៃដីលិចទឹកប្រមាណជាង១០០ហិកតា ត្រង់ចំណុចព្រែកកាហែ និងព្រែកតាជ័យ ស្ថិតក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល តាំងពីជំនាន់ក្រុមសាមគ្គីចែកឲ្យម៉្លេះ ប៉ុន្តែ ក្រោយមកដោយសារតែសត្វកណ្តុរបំផ្លាញផលដំណាំពេក ធ្វើស្រែមិនសូវបានផល ពួកគាត់ក៏បានលក់ទៅឲ្យក្រុមហ៊ុនឯកជនមួយឈ្មោះ ហេង សុខ។

ប៉ុន្តែ មិនដឹងជាយ៉ាងម៉េច ស្រាប់តែគណៈកម្មការចម្រុះមួយក្រុមដឹកនាំដោយប្រធានសាលាដំបូងខេត្តកណ្តាល បានលើកគ្នាជិះទូកយកម៉ាស៊ីនមកវាស់វែងលើដីរបស់ពួកគាត់ តាមការចង្អុលប្រាប់ពីសំណាក់តំណាងរបស់លោក ងូ ហេងជុំ ដោយមិនបានជូនដំណឹងឱ្យពួកគាត់ដឹងឡើយ។

ដោយឃើញដូច្នេះ ទើបបានជាពួកគាត់ប្រមូលជិះទូកគ្នាមករារាំង ព្រោះតែការវាស់នេះ គឺធ្វើឡើងនៅលើដីរបស់ពួកគាត់ និងខ្លាចបាត់បង់ដី ហើយបើគេវាស់យកធ្វើប្លង់រួចមែននោះ តើពួកគាត់មានដីឯណាសងទៅឲ្យក្រុមហ៊ុន ព្រោះពួកគាត់លក់ឲ្យគេយូរហើយ។

ក្រុមប្រជាពលរដ្ឋបានបន្តថា កាលពីរដូវប្រាំងទឹកមិនទាន់លិច ម៉េចក៏មិនចុះមកវាស់ ចុះហេតុអ្វីបានជាដល់ពេលទឹកលិចល្ហល្ហេវ ទើបបាននាំគ្នាចុះមកវាស់វែងដូច្នេះទៅវិញ? មិនតែប៉ុណ្ណោះ នៅពេលដែលអ្នកសារព័ត៌មានដឹងរឿង គេចុះមកថតយកព័ត៌មាន ហេតុអ្វីបានជាប្រធានសាលាដំបូងខេត្តកណ្តាល បែរជាហាមមិនឲ្យថត និងហាមមិនផ្សាយព័ត៌មានទៅវិញ? ឬក៏មានអ្វីជាអាថ៌កំបាំង?

ដោយប្រឈមនឹងបញ្ហាបែបនេះ ប្រជាពលរដ្ឋក៏បានសំណូមពរអភិបាលខេត្តកណ្តាល សូមជួយអន្តរាគមន៍ និងទប់ស្កាត់សកម្មភាពវាស់ទឹករកដីនេះផង ព្រោះបើមិនដូច្នេះទេ ពួកគេនឹងអាចឆ្មក់ចុះមកធ្វើសកម្មភាពវាស់វែងនៅពេលណាមួយជាក់ជាមិនខាន។

ពាក់ព័ន្ធនឹងការលើកឡើងនេះ អ្នកសារព័ត៌មានមិនអាចសុំការបកស្រាយពីលោក ងូ ហេងជុំ និងតំណាងបាននោះទេ ប៉ុន្តែ លោក ឆិល ទុំ ដែលជាមនុស្សម្នាក់ក្នុងចំណោម៤នាក់ ដែលបានលក់ដីលិចទឹកទៅឲ្យលោក ងូ ហេងជុំ បានអះអាងថា លោក និងក្រុមរបស់លោក បានលក់ដីលិចទឹកនេះប្រមាណជាង៤០ហិកតា ទៅឲ្យលោក ងូ ហេងជុំ ប្រាកដមែន ដែលមានព្រំប្រទល់ជាប់នឹងដីលិចទឹក ដែលប្រជាពលរដ្ឋជាង១០០គ្រួសារ បានលក់ទៅឲ្យក្រុមហ៊ុន ហេង សុខ ផ្នែកខាងលិចរួចហើយ។ ប៉ុន្តែ នៅពេលតំណាងលោក ងូ ហេងជុំ នាំមន្ត្រីចុះមកវាស់មិនបានប្រាប់ប្រជាពលរដ្ឋនោះទេ និងមិនវាស់ដីដែលខ្លួនបានទិញទេ បែរជាទៅវាស់ដីរបស់ប្រជាពលរដ្ឋ ដែលក្រុមលោកមិនបានលក់ឱ្យទៅវិញ។

ម្យ៉ាងវិញទៀត សូម្បីតែហៅគ្នាមកបង្ហាញប្រាប់អំពីព្រំដី ក៏តំណាងរបស់លោក ងូ ហេងជុំ មិនបានធ្វើដែរ ដោយគ្រាន់តែពីប្រាប់មន្ត្រីភូមិបាលឲ្យវាស់តាមតែខ្លួនចង្អុលបង្ហាញ ទើបធ្វើឲ្យប្រជាពលរដ្ឋផ្ទុះការតវ៉ាឡើងតែងម្តង ព្រោះខ្លាចបាត់ដីលិចទឹករបស់ពួកគេ។

ចំណែកមេឃុំរកាខ្ពស់ លោក ឈឿង ឆូ បានប្រាប់ថា ការចុះវាស់ដី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ គឺដោយសារភាគីលោក ងូ ហេងជុំ បានប្តឹងសុំឲ្យវាស់រកព្រំដី ដែលគាត់បានទិញ ទើបបានជាគណៈកម្មការចម្រុះមួយត្រូវបានបង្កើតឡើង ដែលដឹកនាំបញ្ជាដោយប្រធានតុលាការខេត្តកណ្ដាល។

ប៉ុន្តែ តំណាងរបស់លោក ងូ ហេងជុំ បានចង្អុលខុសទីតាំងដី ដោយប្រាប់ឲ្យមន្ត្រីជំនាញទៅវាស់ដីរបស់ប្រជាពលរដ្ឋទើបផ្ទុះការតវ៉ាឡើង ហើយគណៈកម្មាធិការចម្រុះដកថយវិញយ៉ាងអាម៉ាស់ បន្ទាប់ពីមានតវ៉ាពីសំណាក់ប្រជាពលរដ្ឋ ហើយរង់ចាំការជជែកគ្នារកដំណោះស្រា
យបន្តនៅពេលក្រោយទៀត។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ខណៈដែលដឹកនាំកម្លាំងចម្រុះទៅវាស់វែងដីនៅចំណុចខាងលើ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល បានគំរាមមិនឲ្យក្រុមអ្នកសារព័ត៌មានថតរូប និងផ្សាយអំពីសកម្មភាពរបស់គណៈកម្មការនេះទេ ដោយលោកបញ្ជាក់យ៉ាងខ្លីថា លោកដឹកនាំកម្លាំងមកពេលនេះ គឺក្នុងនាមជាចៅក្រមស៊ើបសួរ ហើយប្រសិនបើហ៊ានថត និងចេញផ្សាយលោកនឹងចាត់វិធានការតាមផ្លូវច្បាប់។

នាពីរដូវប្រាំងឆ្នាំ២០១៨នេះ សកម្មភាពទន្ទ្រានយកដីបឹង, ដីលិចទឹក និងដីព្រៃលិចទឹក ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ នៅក្នុងខេត្តកណ្ដាល បានរីករាលស្ទើរគ្មានសល់ចន្លោះដីទំនេរ ដោយសារក្រុមឈ្មួញមានលុយ និងមានអំណាចបក្ខពួក បានឃុបឃិតគ្នាចូលទៅកាន់កាប់ដីទាំងនេះ តាមរូបភាពចាប់លើកទំនប់ព័ទ្ធជាព្រំដី ឬតាមរូបបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យផ្តិតមេដៃក្លែងបន្លំជាការលក់-ទិញ ដើម្បីថ្នូរនឹងទឹកប្រាក់បន្តិចបន្តួច។

ដោយសារឃើញសកម្មភាពបែបនេះហើយ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ លោក មបណ្ឌិត  ម៉ៅ  ភិរុណ អភិបាលខេត្តកណ្ដាល បានសម្រេចរក្សាទុកបឹងធម្មជាតិយ៉ាងហោចណាស់ចំនួន៩ នៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដើម្បីបញ្ចៀសឲ្យផុតពីកណ្ដាប់ដៃឈ្មួញដីទុច្ចរិត ដែលចង់មកកាន់កាប់ដោយតាមរូបភាពលក់-ទិញដោយខុសច្បាប់ បន្ទាប់ពីក្រុមឧកញ៉ាប្រថុយមួយក្រុម តាមរយៈមេខ្យល់ ខិលខូច បានប្រមូលស្នាមមេដៃអ្នកភូមិឲ្យផ្តិតដោយខុសច្បាប់ ដើម្បីបានកាន់កាប់បឹង១កន្លែងទំហំជាង១០០ហិកតា ឈ្មោះថា បឹងខ្យង ស្ថិតនៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល៕ ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print