ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ម្ចាស់បទ” គ្រាស្នេហ៍” ដែលទទួលបានការគាំទ្រខ្លាំង ពីយុវវ័យកន្លងមកទើបនឹងបញ្ចេញ បទចម្រៀងOriginal Songថ្មី ទី៧របស់ខ្លួនកាលពីចុងសប្តាហ៍នេះ។ បទថ្មីនេះគឺបទ”មនុស្សទីបី” ដែលចេញមិនបានប៉ុន្មានម៉ោងផងក៏ទទួលបានការគាំទ្រច្រើនមិននឹកស្មានដល់។
ថៃ អតិជាតិបុត្រ តារាចម្រៀងប្រចាំផលិតកម្ម VCine Picture ធ្លាប់ផ្ទុះការគាំទ្រខ្លាំងលើបទចម្រៀងមួយចំនួនដែលបទ ចម្រៀងខ្លះមានការចូលទស្សនាមិនក្រោមជាង១០លានដងនោះទេ។ តារាចម្រៀងវ័យក្មេងរូបនេះក៏កំពុងទទួលបានការគាំទ្របន្ថែមទៀតជាមួយនឹងស្នាដៃសិល្បៈផ្នែកចម្រៀងថ្មីជាមួយនឹងការរៀបចំខ្លួនថ្មីប្លែកខុសពីសិល្បករដទៃ។ បទថ្មី”មនុស្សទីបី” ប្រកាសចេញភ្លាម មានក្រុមយុវវ័យជាច្រើនបានចាប់អារម្មណ៍ខ្លាំងដែលអត្ថន័យនៃបទ ចម្រៀងនេះបានចាក់ចំបេះដូងអ្នកគាំទ្រ និងរឿងរ៉ាវស្នេហារបស់ពួកគេ។
តារាចម្រៀងវ័យក្មេងរូបនេះបានបញ្ជាក់ថា លោកសប្បាយចិត្តដែលស្នាដៃបទចម្រៀងថ្មីដែលលោក និពន្ធបទភ្លេង ទំនុកច្រៀង និងច្រៀងដោយខ្លួនឯងបានចេញជារូបរាងឡើងហើយក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិក ជន។ លោកបញ្ជាក់ថានេះគឺជាកម្លាំងចិត្តដ៏ធំធេញសម្រាប់លោកបន្តការប្រឹងប្រែងបន្ថែមទៀតលើការងារសិល្បៈ។ លោកថាស្នាដៃថ្មីរបស់លោកនឹងបន្តលេចចេញជារូបរាងជាបន្តបន្ទាប់ក្នុងពលេខាងមុខផងដែរ។
គួរបញ្ជាក់ដែរថា ថៃ អតិជាតិបុត្រ ទើបនឹងប្រឡូកក្នុងវិស័យចម្រៀងត្រឹមតែរយៈពេលជាង២ឆ្នាំប៉ុណ្ណោះ។ សិស្សថ្នាក់ទី១០នៃវិទ្យាល័យ ELT រូបនេះ បានចុះកិច្ចសន្យាច្រៀងចំនួន៤ឆ្នាំ៕ វឌ្ឍនា