សង្គ្រាមវាយប្រហារស៊ីរីជាទ្រង់ទ្រាយធំជិតចាប់ផ្តើមឡើងហើយ

ចែករំលែក៖

សារព័ត៌មាន TASS នៅថ្ងៃទី២៨ ខែសីហា បានផ្សាយថា អាមេរិកបានបញ្ជូននាវាចម្បាំងបំពាក់មីស៊ីល និងនាវាផ្ទុកយន្តហោះចម្បាំង ត្រៀមវាយប្រហារទៅលើប្រទេសស៊ីរីជាទ្រង់ទ្រាយធំ ក្នុងការផ្តួលរំលំរដ្ឋាភិបាលរបស់លោក អាល់អាសាដ។ មន្ត្រីរុស្ស៊ីបានបញ្ជាក់ថា អាមេរិកបានឡើងគម្រោងបង្កើត «ល្ខោន» នៃការវាយប្រហារដោយអាវុធគីមីនៅស៊ីរី ដើម្បីជាហេតុផលក្នុងការចាប់ផ្តើមវាយប្រហារ

សកម្មភាពដាក់ពង្រាយយោធាជាទ្រង់ទ្រាយធំ បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានព្រមានថា នឹងមានការវាយប្រហារជាទ្រង់ទ្រាយធំ តាមដែនអាកាសទៅលើស៊ីរី ប្រសិនបើរកឃើញថា រដ្ឋាភិបាលលោក អាល់អាសាដ ប្រើប្រាស់អាវុធគីមីទៅលើពលរដ្ឋស្លូតត្រង់។

ក្រៅពីនាវាផ្ទុកយន្តហោះអាមេរិក ក៏បានបញ្ជូននាវាចម្បាំង USS Ross បំពាក់មីស៊ីលនាមផ្លូវប្រភេទ tomahawk ២៨ដើមទៅកាន់ដែនសមុទ្រមេឌីទែរ៉ាណេ ជាការត្រៀមលក្ខណៈវាយប្រហារជាទ្រង់ទ្រាយធំទៅលើប្រទេសស៊ីរី។ ក្នុងពេលជាមួយគ្នានោះ រុស្ស៊ីក៏បានបញ្ជូននាវាចម្បាំងរបស់ខ្លួននៅកាន់ប្រទេសសុីរី ដើម្បីត្រៀមការពារផងដែរ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានបញ្ជាក់ថា អាមេរិក បានបង្កើនកម្លាំងទាហានសព្វាវុធទៅកាន់តំបន់មជ្ឈឹមបូព៌ា ជាសកម្មភាពគួរឲ្យបារម្ភ។ តាមការលើកឡើងរបស់លោក Igor Konashenkov ការបង្កើនសកម្មភាពយោធារបស់អាមេរិក គឺជាសកម្មភាពឌឺដងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង។

លោក Igor Konashenkov បានព្រមានថា «នាវាចម្បាំង USS Ross របស់អាមេរិក ជាមួយនឹងកាំជ្រួចមីស៊ីល Tomahawk 28 ដើម ចូលទៅកាន់ដែនសមុទ្រមេឌីទែរ៉ាណេ ដែលអាចវាយប្រហារទៅលើទឹកដីស៊ីរីគ្រប់ពេល។ កន្លងមករុស្ស៊ីក៏បានវាយតម្លៃថា អាមេរិកនឹងសម្ពន្ធមិត្តកំពុងតែត្រៀមលក្ខណវាយប្រហារទៅលើទឹកដីស៊ីរី។

បារាំងព្រមានវាយប្រហារស៊ីរី

ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី២៧ ខែសីហាបានព្រមានវាយប្រហារទៅលើគោលដៅនៅក្នុងប្រទេសស៊ីរី ដើម្បីតបតនឹងការប្រើប្រាស់អាវុធគីមីរបស់ទាហានលោក អាល់អាសាដ។

ប្រធានាធិបតីបារាំងបញ្ជាក់ថា «យើងបានត្រៀមលក្ខណៈវាយប្រហារ ប្រសិនបើយើងឃើញមានការប្រើប្រាស់អាវុធគីមីនៅទីនោះ»។ លោកម៉ាក្រុងបញ្ជាក់ទៀតថា តាំងពីដើមមក បារាំងមិនដែលបង្ខំឲ្យលោក អាល់អាសាដ ចុះចេញពីតំណែង ដើម្បីដោះដូរយកជំនួញមនុស្សធម៌នោះឡើយ។ ប៉ុន្តែពេលនេះ ការផ្តល់អំណាចឲ្យលោក អាល់អាសាដ គឺជាកំហុសអាក្រក់បំផុត។

កន្លងមកថ្មីៗ រុស្ស៊ីក៏បានបញ្ជូននាវាចម្បាំងទៅកាន់ដែនសមុទ្រប្រទេសស៊ីរី ក្រោយពេលដែលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានចោទប្រកាន់អាមេរិក អង់គ្លេស និងបារំាង បានត្រៀមលក្ខណៈបើកការវាយប្រហារទៅលើទីតាំងនានារបស់ស៊ីរីតាមដែនអាកាស ដោយប្រើយុទ្ធសាស្ត្រដដែល គឺរដ្ឋាភិបាលស៊ីរីបានប្រើប្រាស់អាវុធគីមីទៅលើពលរដ្ឋ។ នៅពេលនេះដែល រុស្ស៊ីក្តាប់បាននូវព័ត៌មានថាក្រុមខ្មាន់កាំភ្លើងនៅ Idlibត្រៀមវាយប្រហារដោយអាវុធគីមីទៅលើពលរដ្ឋរួមទម្លាក់កំហុសទៅលើរដ្ឋាភិបាល ដើម្បីជាការបើកផ្លូវឲ្យអាមេរិក និងសម្ពន្ធមិត្ត។

នៅពេលនេះដែរ រដ្ឋមន្ត្រីការពារជាតិអុីរ៉ង់បានទៅកាន់ប្រទេសស៊ីរី ក្រោយដឹងថាអាមេរិកត្រៀមវាយប្រហារជាថ្មី។ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Amir Hatami បានធ្វើដំណើរទៅដល់ប្រទេសស៊ីរីហើយ នៅថ្ងៃទី២៦ ខែសីហា ដើម្បីជួបពិភាក្សាការងារជាមួយក្រុមមន្ត្រីជាន់ខ្ពស់ និងយោធាស៊ីរី។

ដំណើរទស្សនៈកិច្ចរបស់លោក Hatami កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃសៅរ៍ កន្លងទៅ បានចោទប្រកាន់សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ថាកំពុងរៀបចំការវាយប្រហារសាជាថ្មី ប្រឆាំងនឹងប្រទេសស៊ីរីដោយប្រើលេសថាកងកម្លាំងរដ្ឋាភិបាលស៊ីរីប្រើប្រាស់អាវុធគីមី៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print