ប៉ូលិសបានថ្លែងឲ្យដឹងថា ការផ្ទុះអាវុធដាក់គ្នារវាងក្រុមពីរបានកើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅសួន New Orleans ខណៈដែលមនុស្សរាប់រយនាក់បាននិងកំពុងប្រមូលផ្តុំជួបជុំគ្នាដើម្បីទស្សនាការបញ្ចាំងកុន និងតន្ត្រី ក្នុងកម្មវិធីមួយ បណ្តាលឲ្យមនុស្ស១៦នាក់រងរបួស ។
មូលហេតុដែលនាំឲ្យមានការផ្ទុះអាវុធនៅក្នុងតំបន់ Upper Ninth Ward នោះ គេនៅមិនទាន់ដឹងប្រាកឡើយ ប៉ុន្តែ អ្នកនាំពាក្យស្នងការប៉ូលិសក្រុង New Orleans លោក Lyler Gamble បានប្រាប់រ៉យទ័រថា ក្នុងហេតុការណ៍ផ្ទុះអំពើហិង្សានេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។ លោក gamble បានថ្លែងថា មិនទាន់ដឹងថា តើក្រុមណាមួយដែលពាក់ព័ន្ធក្នុងអំពើហិង្សានេះនៅឡើយទេ ។
លោកបន្តថា យើងគ្រាន់តែបានដឹងតាមរយៈអ្នករងគ្រោះខ្លះៗប៉ុណ្ណោះថា មានមនុស្ស២ក្រុមបានផ្ទុះអាវុធដាក់គ្នាទៅវិញទៅមក ។
សាក្សីឃើញហេតុការណ៍បានប្រាប់ប៉ូលិសថា ក្រុមដែលផ្ទុះអាវុធដាក់គ្នានោះបានរត់ភៀសខ្លួនភ្លាមៗចេញពីទីកន្លែងនោះ បន្ទាប់ពីការបាញ់ប្រហារ ។ មិនទាន់មានជនណាម្នាក់ត្រូវប៉ូលិសចាប់ខ្លួននៅឡើយទេ ។
សេចក្តីថ្លែងការណ៍របស់ប៉ូលិសបញ្ជាក់ថា ជនរងគ្រោះ១០នាក់ត្រូវបញ្ជូនតាមរថយន្តសាមុយទៅកាន់មន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុ និង៦នាក់ផ្សេងទៀតបញ្ជូនចូលកាន់បន្ទប់សង្គ្រោះបន្ទាន់ តាមរយៈរថយន្តឯកជន ។
ជនរងគ្រោះបានរងគ្រាប់កាំភ្លើង បើពុំដូច្នោះទេគឺរងគ្រោះដោយការខ្ទាតអំបែងកញ្ចក់ប៉ះចំ ។ ពួកគេទាំងអស់មានស្ថានភាពធម្មតាវិញហើយ ។
ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ ម៉ោងនៅក្នុងតំបន់ នៅទីតាំងទាត់បាល់ Bunny Friend ។ មនុស្សជាច្រើននាក់បានជួបជុំគ្នានៅទីនោះ ដើម្បីទស្សនាការសម្តែងកុន និងតន្រី្តផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត