ភ្នំពេញ៖ ជម្លោះបន្តិចបន្តួចមិនសម្រុះសម្រួល ក៏បង្កទៅជាហិង្សាវាយតប់គ្នា បណ្តាលឲ្យភាគីម្ខាងសន្លប់ ហើយភាគីបង្ករត់គេចខ្លួន តែរត់មិនផុត ក៏ត្រូវបានប្រុសជនរងគ្រោះតាមរកឃើញ ហើយឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចដោះស្រាយតាមផ្លូវច្បាប់។
ការឃាត់ខ្លួនជនបង្កនោះ បានធ្វើឡើយនៅចំណុចផ្ទះល្វែងកំពុងសាងសង់ តាមបណ្ដោយផ្លូវ២០០២ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥។
តាមសំដីជនរងគ្រោះឈ្មោះ ងួន ច័ន្ទ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតនៅខេត្តស្វាយរៀង បានប្រាប់ថា មុនដំបូងនៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ម៉ោងប្រហែល១០យប់រូបគេបានឡើងទៅដេកនៅជាន់លើ ក្នុងការដ្ឋានសំណង់។ ពេលនោះស្រាប់តែជនបង្កមានគ្នាចំនួន២នាក់ បានព្រួតវាយសង្គ្រប់លើខ្លួនរហូតសន្លប់ ដោយមិនដឹងមូលហេតុ ហើយក៏បាននាំគ្នារត់គេចខ្លួនបាត់អស់។
ប្រភពបន្ដថា លុះវេលាទៀបភ្លឺថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បងប្រុសរបស់ជនរងគ្រោះ ក៏បានរកឃើញជនបង្ក ហើយក៏នាំគ្នីគ្នាចាប់ជនបង្កឲ្យសមត្ថកិច្ចតែម្ដង។
ជនបង្កឈ្មោះ ប៉ែ លិន ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ ហុង ស៊ីធន ភេទប្រុស អាយុ២៧ឆ្នាំ បានបដិសេធនៅពេលឃាត់ខ្លួនភ្លាមៗនោះថា ខ្លួនមិនបានវាយជនរងគ្រោះនោះទេ និងចោទថា ជនរងគ្រោះទៅវិញទេបានលួចទូរស័ព្ទខ្លួន និងវាយគេ២-៣ដៃទៀត។ តែពេលមកដល់ប៉ុស្តិ៍នគរបាល ជនសង្ស័យទាំងពីរនាក់បែរជាសារភាពវិញថា ពួកគេពិតជាបានព្រួតវាយជនរងគ្រោះមែន ដោយសារខឹងបន្តិចបន្តួច៕
ដោយ៖ វិបុល