ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ជាបន្តបន្ទាប់ពីស្រាវជ្រាវដឹងថាពួកគេបាន ធ្វើសកម្មភាពលួចរថយន្តប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញនាពេលកន្លងមក។ កិច្ចប្រតិបត្តិការនេះ មានការឯកភាព ពីលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ១-សុខ ចំរើន ហៅណន ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខគឺជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារចំនួន ៦ខែ ក្នុងឆ្នាំ២០០៩ ២- ជា សំណាង ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្ន សង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក ៣- ទូច ចន្ថា ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅ បច្ចុប្បន្ន ផ្ទះលេខ33 ផ្លូវ53 សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ៤- ឃិន សាមុត ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ22 ផ្លូវ53 សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ និង ៥- ប្រឹង ធី ភេទប្រុស អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅបច្ចុប្បន្នផ្ទះជួល ភូមិព្រែកហូរ ឃុំតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចឲ្យដឹងទៀតថាប្រតិបត្តិការនេះយើងបានរកឃើញសម្ភារៈមួយចំនួននិងបានដកហូត ម៉ូតូ២គ្រឿងម៉ាក Pulsa ពណ៌ប្រផេះ ពាក់ស្លាក លេខភ្នំពេញ 1CX-5117 មួយគ្រឿងទៀតម៉ាក សេ-100 កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល1A-2139, ប្រដាប់កាច់សោ កម៉ូតូ ចំនួន៤ និងដែកទីបសម្រាប់ស៊ក ដែកកាច់កមួយ ។
ចំណែកជនរងគ្រោះដែលបានបាត់រថយន្តនាពេលកន្លងមក មាន ទី១-ម៉ាក Toyota Rav4 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2M-0864 នៅចំណុចបុរីញូវថោនផ្ទះលេខ F03 ផ្លូវសហពន្ធ័រុស្សី ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យបាត់កាលពីវេលាម៉ោង២ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ជាកម្មសិទ្ធិរបស់ឈ្មោះ វង់ សាវតុង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរ លក់គ្រឿងសង្ហារឹម ។
ទី២-រថយន្តម៉ាក Toyota HighLander ពណ៌ខ្មៅ ស៊េរី 2001 ពាក់ស្លាកលេខ ភ្នំពេញ 2T-6567 នៅចំណុច មុខក្រុមហ៊ុន MSJASEA សេវាសន្តិសុខឯកជន ស្ថិតនៅផ្ទះលេខ M16 ផ្លូវបេតុង បុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ជាកម្មសិទ្ធរបស់ឈ្មោះ សុភណ្ឌ័ សុភក្រ័ ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ កន្លែងកើតហេតុខាងលើ។ ទី៣-រថយន្ត ម៉ាក កាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-5795 នៅចំណុចមុខផ្ទះលេខ 319 A ផ្លូវលេខ81 ភូមិឬស្សីទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីម៉ោង០០និង៣០នាទីអធ្រាត្រឈានចូល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាកម្មសិទ្ធរបស់ឈ្មោះ ខៀវ រ៉ូយ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ។ រថយន្តដែលពួកគេលួចបាន ជាច្រើនលើក ច្រើនសានៅក្នុងភូមិសាស្ត្រខាងលើ បានយកទៅលក់ឲ្យមនុស្ស ប្រុសម្នាក់ឈ្មោះ ដេអិន នៅខាងត្បូងរបង ក្រសួងការពារជាតិ និងយកទៅលក់នៅខេត្តកំពង់ស្ពឺ ។
សង្ស័យទាំង៥នាក់ខាងលើ កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ដើម្បីកសាង សំណុំរឿងទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
ដោយ៖ អរុណរះ