ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីក្រសួងសុខាភិបាល និងអាជ្ញាធរបើកប្រតិបត្តិការបង្ក្រាប ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានរកឃើញគ្រឿងសម្អាង ក្លែងក្លាយខុសច្បាប់ ទម្ងន់ ៤,៥តោន ដែលស្តុកទុកឃ្លាំងមួយ ស្ថិតនៅផ្ទះលេខ១ ផ្លូវQ6 សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដែលគេស្គាល់ថា ជាគ្រឿងសម្អាងជ្រកក្រោម ក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលកំពុងតែល្បីឈ្មោះ។
មន្ត្រីនគរបាលសេដ្ឋកិច្ចបានថ្លែងប្រាប់ថា ៖ ទីតាំងខុសច្បាប់មួយនេះ មិនត្រឹមតែស្តុកគ្រឿងសម្អាងក្លែងក្លាយប៉ុណ្ណោះទេ ថែមទាំងជាទីតាំងផលិត កែច្នៃ វេចខ្ចប់ និងចែកចាយគ្រឿងសម្អាងក្លែងក្លាយ ក្នុងកន្លែងតែមួយ។ ក្រោមការសម្របសម្រួលនីតិវិធី ពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រតិបត្តិការមួយនេះ បានធ្វើឡើងនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ឈ្មោះ អ៊ុច សម្បត្តិ អាយុ៣៣ឆ្នាំ។ កម្លាំងសមត្ថកិច្ចចម្រុះ ក៏បានរកឃើញ និងដកហូតភស្តុតាងមួយចំនួន រួមមាន៖ ឡេ ក្រែម សាប៊ូ និងវត្ថុធាតុដើមជាច្រើនទៀត សរុបចំនួន១៧មុខ បើគិតជាទម្ងន់ប្រមាណ ៤,៥តោន និងម៉ាស៊ីនលាយ ម៉ាស៊ីនច្រក ម៉ាស៊ីនអ៊ុត ម៉ាស៊ីនកាត់ និងបាញ់ខ្យល់។
ក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួន ម្ចាស់ទីតាំងឈ្មោះ អ៊ុច សម្បត្តិ ត្រូវបាននាំទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មុនបន្តនីតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញ។ បន្ទប់មកមិនបានប៉ុន្មានផង ស្រាប់តែម្ចាស់អាជីវកម្មរូបនេះ ចេញមុខជាសាធារណៈ និងប្រកាសលក់ផលិតផលដូចដើម ទាំងដែលមិនទាន់បានបង្ហាញពីច្បាប់ ពីការបំភ្លឺខាងសមត្ថកិច្ចច្បាស់លាស់ផង បែរជាឆ្លើយថា មិនមានបញ្ហាអ្វី អាចប្រើចរាចរណ៍ធម្មតា ទាំងមិនមានលិខិតបញ្ជាក់ពីគុណភាព ត្រឹមត្រូវទាល់តែសោះ។
តាមរូបភាពនៃការបង្គ្រាប គឺសរបញ្ជាក់ឲ្យឃើញថា អាជីវកម្មមួយនេះ ធ្វើលក្ខណៈទ្រង់ទ្រាយធំ ដែលមានទម្ងន់ដល់ទៅជាង៤តោន តែបែរជាមិនមានបញ្ហាអ្វីទាល់តែសោះ នៅតែអាចចរាចណ៍ធម្មតា តែបើយើងប្រៀបធៀបកាលពីកន្លងទៅ គ្រឿងសំអាង ឈ្មោះ ឆេង ស្រីរត្ន័ ហៅ (Love Riya) ជាករណីអាជីវកម្មខ្នាតតូចទេ តែជាប់យូ ហើយបិទអាជីវកម្មគាត់ឡើងជិត១ខែ តែខាងនេះវិញ២ថ្ងៃ ទាំងគាត់បានលួចផលិតខុសច្បាប់ និងក្លែងបន្លំ ថាផលិតផលក្រៅប្រទេស ទាំងក្បាលកូដប្រទេស តែទិញផលិតផល ក្នុងផ្សារមកលាយលក់ធម្មតា ដោយគ្មានការពិសោធន៍ គ្មានឆ្លងកាត់ត្រួតពិនិត្យគុណភាព មិនច្បាស់លាស់ ហើយមានចែកចាយទូទាំងប្រទេស ដោយមិនមានចំណាត់ការណាមួយត្រឹមត្រូវ ។
ដូច្នេះជាការសំណូមពរ ពីប្រជាពលរដ្ឋ និងម្ចាស់គ្រឿងសម្អាង ដែលរកស៊ីស្របច្បាប់ ស្នើរអោយក្រសួងស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចទាំងអស់ រកយុត្តិធម៌តាមផ្លូវច្បាប់ និងអោយម្ចាស់អាជីវកម្ម ខាងលើបង្ហាញឯកសារ ដែលឆ្លងកាត់តាមក្រសួងស្ថាប័នត្រឹមត្រូវ មុនប្រកាសលក់ផលិតផលរបស់ខ្លួន ដើម្បីបង្ហាញឲ្យម្ចាស់គ្រឿងសម្អាង ស្របច្បាប់ផ្សេងៗជឿជាក់ លើចំណាត់ការសមត្ថកិច្ចថា យុត្តិធម៌ ហើយប្រសិនផលិតផល ចេញចរាចរណ៍ សូមអោយមានបិទឈ្មោះមួយ និងមានច្បាប់ត្រឹមត្រូវដូចម្ចាស់នាំចូលគ្រឿងសម្អាងផ្សេងទៀត ហើយប្រជាពលរដ្ឋក៏ចង់ឃើញចំណាត់ការសមត្ថកិច្ចផងដែរ៕
ដោយ៖ សីលា