ខេត្តកំពង់ចាម ៖ បើទោះបីជាអំឡុងពេលនេះជារដូវត្រីពង និងជារដូវបិទនេសាទផង ក៏សង្កេតឃើញបទល្មើសនេសាទនៅតែកើតឡើងជាបន្តបន្ទាប់ បើទោះអាជ្ញាធរពាក់ព័ន្ធបន្តចុះបង្ក្រាបយ៉ាងណា ខណៈក្រុមជនទុច្ចរិតលួចប្រើប្រាស់ឧបករណ៍គ្រប់រូបភាព និងនៅទីតាំងនានានៅលើទឹកដីខេត្តកំពង់ចាម។
កន្លងមកក៏ដូចជាពេលនេះ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកកុយ បានបន្តការងារចុះបង្រ្កាបបទល្មើសជលផល បានចំនួន ០២ករណី និងបំផ្លាញចោលវត្ថុតាង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិសាស្ត្រ នៅចំណុចបឹងរូងរាំង គោកបន្ទាយ និងបឹងអង្កត់ខ្មៅ ឃុំកងតាណឹង និងឃុំរកាអា ស្រុកកងមាស ខេត្តកំពងចាម។
មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាមឲ្យដឹងថា ក្រោយកម្លាំងចុះបង្ក្រាប និងដកហូតឧបករណ៍នេសាទល្មើសច្បាប់ដោយកាប់បំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងតែម្តង ។ មន្ត្រីថា ករណីទី១ ធ្វើនៅចំណុចក្រោយវត្តកងតាណឹង ឃុំកងតាណឹងស្រុកកងមាស ខេត្តកំពងចាម ។ ក្នុងនោះកម្លាំងដកហូតលូស្បៃមុងចំនួន២៥មាត់ របាំងស្បៃមុងប្រវែង១២៥០ម៉ែត្រ បង្គោលចម្រឹងសរុប៣៧៥ដើម លែងកូនត្រីម្រុះសរុបទម្ងន់៧៥គីឡូក្រាម ។
មន្ត្រីដដែលឲ្យដឹងបន្តថា ចំពោះករណីទី២ធ្វើឡើងនៅចំណុចបឹងរូងរាំង គោកបន្ទាយ និងបឹងអង្កត់ខ្មៅ ឃុំកងតាណឹង និងឃុំរកាអា ស្រុកកងមាស ខេត្តកំពងចាម ។ នៅគ្រានោះ កម្លាំងបានដកហូតលូស្បៃមុងចំនួន ៣៧មាត់ របាំងស្បៃមុងប្រវែង ១៨៥០ម៉ែត្រ បង្គោលចម្រឹងសរុប ៥៥៥ដើមលែងកូនត្រីចម្រុះសរុបទម្ងន់១១០គីឡូក្រាម ។
មន្ត្រីជនផលខេត្តកំពង់ចាមបញ្ជាក់ថា រដូវបិទនេសាទគឺចាប់ពីថ្ងៃ១មិថុនា ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៨ ហើយឧបករណ៍ដែលហាមឃាត់មិនឲ្យប្រជានេសាទប្រើប្រាស់មានដូចជា លូស្បៃមុង អួន ម៉ាញ់ ឆៃរ៉ា នាម ឆ្លួក ឧបករណ៍ឆក់ រួមទាំងឧបករណ៍ហាមឃាត់មួយចំនួនទៀត ហើយឧបករណ៍ដែលអនុញ្ញាតឲ្យប្រើប្រាស់មានតែរាយសន្ទូច ដាក់មងទើបអនុញ្ញាត៕ វណ្ណៈ