ភ្នំពេញ ៖ បុរសម្នាក់ដេកស្លាប់ផ្កាប់មុខនៅលើគ្រែពូកនៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោ បេ៩ សង្ស័យជាករណីឃាតកម្ម។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ជិត២រសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ43B9 ផ្លូវលេខ៨៦ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ជី ពៅ អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតារ័ត្ន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល (យោងតាមអត្តសញ្ញាណប័ណ្ណ)។
ប្រភពពត៌មានពីបុគ្គលិកដែលបំរើការនៅក្នុងផ្ទះសំណាក់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុម៉ោង ១និង០០នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ មានបុរសម្នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GB-4355 បានឌុបនារីម្នាក់មករកបន្ទប់ស្នាក់នៅ ភ្លាមៗនោះ បុគ្គលិកដែលបំរើការនៅទីនោះ បានយកសោរបន្ទប់ឡៅតឿន ជាន់ទី១ ឲ្យទៅបុរសនោះ ដើម្បីចូលទៅស្នាក់នៅ។
លុះដល់ម៉ោង ១និង៣០នាទីរសៀល ស្រាប់តែនារីរូបនោះបានចុះមកខាងក្រោមតែម្នាក់ឯង រួចចេញទៅខាងក្រៅបាត់ ដោយមិនឃើញត្រឡប់មកវិញសោះ។ ដោយមានការសង្ស័យបុគ្គលិកដែលបំរើការនៅទីនោះ បានឡើងទៅមើល ស្រាប់តែឃើញបុរសរងជនគ្រោះរូបនេះ បានដេកផ្កាប់មុខស្លាប់នៅលើគ្រែពូកតែម្នាក់ឯង ដោយមិនមានស្លៀកសំលៀកបំពាក់អ្វីទាំងអស់ រីឯសំភារៈរបស់ជនរងគ្រោះបានបាត់បង់មួយចំនួនរួមមាន ទូរស័ព្ទដៃ មួយគ្រឿង និងកាបូបលុយ។
ក្រោយមក បុគ្គលិកដែលបំរើការងារនៅទីនោះ បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យនៅក្នុងផ្ទះសំណាក់។ នៅពេលដែលសមត្ថកិច្ចមូលដ្ឋានចុះមកដល់ផ្ទះសំណាក់ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យមើលសាកសពបុរសរងគ្រោះ។
បច្ចុប្បន្ន សាកសពត្រូវសមត្ថកិច្ចយកដឹកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំស្រាវជ្រាវ និងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត រឺឯម៉ូតូរបស់បុរសរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្រះចក៕ជ្រោយពេជ្រ