ជិះម៉ូតូល្បឿនលឿនដល់ផ្លូវកោង រេចង្កូតធ្លាក់ទឹកព្រែក លាចាកលោកម្នាក់ និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានជិះម៉ូតូប្រើប្រាស់ល្បឿនលឿន ដល់ផ្លូវកោងខ្វះប្រុងប្រយត្ន័ បណ្ដាលឲ្យរេចង្កូតធ្លាក់ផ្លូវចូលទឹកព្រែក បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិជួយសង្គ្រោះ ប៉ុន្តែអកុសលស្លាប់ម្នាក់ ម្នាក់ទៀត រងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃសៅរ៍ ៦រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវទំនប់គយត្របែក ស្ថិតក្នុងភូមិ តារាងបាល់ សង្កាត់ គយត្របែក ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ចាន់ ប៊ុនសេន អាយុ ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ ទឹកកក រស់នៅភូមិ ចុងព្រែក សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀង ។

ចំណែកអ្នករងរបួសមានឈ្មោះផូ សំភស្ស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រទឹកកក រស់នៅភូមិ ធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាក្ស ស៊ុយស៊ូគីនិច ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង ១K ១៣៨៦ ខូចខាតយ៉ាងដំណំ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូម៉ាក្ស ស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ១K ១៣៨៦ ដោយធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿនខ្វះប្រុងប្រយ័ត្ន ខណៈដល់ផ្លូវកោង ស្រាប់តែរេចង្កូតធ្លាក់ផ្លូវចូលទឹកព្រែកបង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិជួយសង្គ្រោះ ប៉ុន្តែអកុសលស្លាប់ម្នាក់ម្នាក់ទៀតរងរបួសធ្ងន់ ។

ក្រោយមក អ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកវាស់វែង និងអូសយកមធ្យោបាយម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់ និងបានប្រគល់សពទៅឲ្យក្រុមគ្រួសាររងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងសោកសង្រេងបំផុត ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print