ផឹកស្រាស្រវឹងមានទំនាស់ពាក្យសម្ដី ធ្វើឲ្យបុរសម្នាក់ទ្រាំពុំបាន យកពូថៅកាប់ទៅលើដៃគូរបស់ខ្លួន បណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ផឹកស្រាជាមួយគ្នារហូតស្រវឹងមានទំនាស់ពាក្យសម្ដី ធ្វើឲ្យបុរសម្នាក់ទ្រាំពុំបានយកពូថៅទៅលើដៃគូរបស់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល ។ ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៦និង០៥នាទី ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថុន សុខលី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង (របួសធ្ងន់) ។ ចំណែកជនសង្ស័យឈ្មោះ សៀន ហ៊ីម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ជនសង្ស័យ និងជនរងគ្រោះមានទីលំនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ដកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមានពូថៅចំនួន១ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ វេលាម៉ោង១៥ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះនិងជនសង្ស័យបាននាំគ្នាផឹកស្រានៅផ្ទះជនរងគ្រោះ លុះផឹកបានបន្ដិច ក្រោយមក ជនរងគ្រោះ និងជនសង្ស័យបាននិយាយឌឺដងដាក់គ្នា ភ្លាមនោះ ជនរងគ្រោះក៏បានយកសំបកកំប៉ុងស្រាបៀរគប់ទៅលើជនសង្ស័យ ជាហេតុធ្វើឲ្យជនសង្ស័យខឹងយ៉ាងខ្លាំង ក៏ទៅប្ដឹងប្រធានភូមិ រីឯជនរងគ្រោះបានដេកលើអង្រឹងក្រោមផ្ទះរបស់ខ្លួន ។

លុះមកដល់វេលាម៉ោង១៦ ស្រាប់តែជនសង្ស័យបានយកពូថៅ បន្ទាប់មកទៅកាប់ជនរងគ្រោះ ខណៈកំពុងដេកក្នុងអង្រឹង បណ្ដាលឲ្យចំទ្រូង២ពូថៅ ដៃស្តាំ១ពូថៅ រងរបួសធ្ងន់ រីឯជនសង្ស័យក្រោយពីធ្វើសកម្មភាពរួច ក៏បោះពូថៅចោល ហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។ ចំណែកជនរងគ្រោះ ត្រូវបានបងប្អូនក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ ។ ចំពោះករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីស្រាវជ្រាវចាប់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print