គ្មាន​ប្រសិទ្ធភាព​ បិទ​ហើយ​បើក​វិញ​ ,​ សិប្បកម្ម​ផលិត​ស្ករ​ត្នោត​ផ្ទុក​សារធាតុ​គីមី​ នៅ​ខណ្ឌ​ច្បារ​អំពៅ​

ចែករំលែក៖

ភ្នំពេញ​៖ មជ្ឈដ្ឋាន​ជា​ច្រើន​រស់នៅ​ខណ្ឌ​ច្បារ​អំពៅ​ បង្ហើប​ប្រាប់ថា​ ៖ សិប្បកម្ម​ផលិត​ស្ករ​ត្នោត​ផ្ទុក​សារធាតុ​គីមី​មួយ​កន្លែង​ ដំណើរ​ការ​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​អាជ្ញាធរ​ចុះ​បង្ក្រាប​កាលពី​ពេល​កន្លង​ទៅ​ ។ 

ប្រជាពលរដ្ឋ​ ហាក់​អស់​ជំនឿ​លើ​អាជ្ញាធរ​ ដែល​មាន​វិធានការ​ដូច​ភ្លើង​ចំបើង​ ដោយ”បិទ​អាជីវកម្ម​ហើយ​ ក្រោយ​មក​បើក​វិញ​យ៉ាង​រំភើយ​ គ្រាន់​តែ​បានបញ្ជូន​​សំណុំរឿង​ជា​ក្រដាស​ទៅ​តុលាការ​ចាត់​ការ​បន្ត​តាម​នីតិវិធី​ ប៉ុណ្ណោះ​ ។ 

មជ្ឈដ្ឋាន​ជា​ច្រើន​ ដឹង​យ៉ាង​ច្បាស់​ថា​ ស្ករ​ត្នោត​ផ្ទុក​សារធាតុ​គីមី​នេះ​ គឺ​ បាន​ប៉ះពាល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ ទើប​អាជ្ញាធរ​ខិតខំ​ចុះ​បង្ក្រាប​ តែ​ក្រោយ​មក​ហាក់​ប្រលែង​ដៃ​វិញ​ ធ្វើ​ឱ្យ​អាជីវកម្ម​ខុសច្បាប់​មួយ​នេះ​ ដំណើរការ​ឡើង​វិញ​ យ៉ាង​ងាយស្រួល​ ។ 

គេ​នៅ​ចាំ​បាន​ថា​ ទីតាំង​ដ៏​ធំលួចលាក់​ផលិត​ស្ករ​ត្នោត​ផ្ទុក​សារធាតុ​គីមី​ នេះ​ គឺ​ មាននៅ​ស្រុក​បាទី​ ខេត្ត​តាកែវ​ ហើយ​បាន​ចែកចាយ​បន្ត​ស្ទើរ​ទូទាំង​ប្រទេស​ ។ បញ្ហា​នេះ​ លោក​ ចម​ ប្រសិទ្ធិ​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ បាន​បញ្ជា​ឱ្យ​បិទ​ទីតាំង​នេះ​ចោល​ហើយ​។ 

ប៉ុន្តែ​ មហាជន​មាន​ចម្ងល់​ថា​ បើ​ទីតាំង​ដ៏​ធំ​នៅ​ស្រុក​បាទី​ ខេត្ត​តាកែវ​ បិទ​ហើយ​ ចុះ​ស្ករ​ត្នោត​ផ្ទុក​សារធាតុ​គីមី​ ដែល​ចែកចាយ​នៅ​កន្លែង​ផ្សេង​ទៀត​ បាន​មក​ពី​ណា​វិញ​ ? ។ ប្រជាពលរដ្ឋ​ សំណូមពរ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ស៊ើបអង្កេត​ករណី​នេះ​ផង​ ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​ដែល​ទទួល​ទានស្ករ​ត្នោត​ ច្រឡំ​ថា​ ជា​ស្ករ​ត្នោត​ពិត​ប្រាកដ​នេះ​ តាម​ការ​ពិត​ជា​ស្ករ​ត្នោត​ក្លែងក្លាយ​សោះ។ 

គួរ​បញ្ជាក់​ថា​ សិប្បកម្មផលិតស្ករត្នោតមួយកន្លែងនៅខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចរកឃើញថា មានផ្ទុកសារធាតុគីមីក្នុងស្ករជិត៤០តោន។

ការរកឃើញរោងសិប្បកម្មផលិតស្ករត្នោតដែលមានផ្ទុកសារធាតុគីមីនេះ បន្ទាប់ពីសមត្ថកិច្ចចម្រុះដឹកនាំផ្ទាល់ដោយលោកហ៊ឹង ប៊ុនថន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និងក្រោមបទបញ្ជារបស់លោក​ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ​ បានឆ្មក់ចូលឆែកឆេរសិប្បកម្មកែឆ្នៃស្ករ​ត្នោត​ខាង​លើនេះ​ ។ 

ប្រតិបត្តិការ​ឆែកឆេរ​​ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ ស្ថិត​នៅផ្ទះ​លេខ​២១៣​និង​២១៩​ ផ្លូវ​៣៦៩​ ភូមិ​ម៉ាក់​គ្លឿ​ សង្កាត់​ច្បារ​អំពៅ​១​ ខណ្ឌ​ច្បារ​អំពៅ​រាជធានី​ភ្នំពេញ​ ដោយ​មាន​កម្លាំង​ចម្រុះ​មក​ពី​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​ក្រសួងមហាផ្ទៃ​ មន្ត្រី​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​ និង​មន្ត្រី​មក​ពី​ក្រសួងសុខាភិបាល​ ជាដើម​ ។​

លោក​ គង់​ វុ​ទ្ធី​ អនុប្រធាន​សាខា​កាំ​កុង​ត្រូល​ផែស្ងួត​ ​លើក​ឡើង​ថា​ ការ​ចុះ​ប្រតិបត្តិការ​ឆែកឆេរ​នូវ​សិប្បកម្ម​កែ​ច្នៃ​ស្ករ​ ត្នោត​នេះ​ឡើង​ដោយ​សង្ស័យ​ថា​ សិប្បកម្ម​នេះ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ និង​លួច​លាយ​នូវ​សារ​ធាតុគីមី​ ។​

​​តាម​របាយការណ៍​របស់​ក្រុម​ប្រតិបត្តិ​ការ​បង្ក្រាបនេះ ​ វត្ថុ​តាង​ទាំងអស់​ខាងលើ​ លោក​ព្រះរាជអាជ្ញា​រង​បាន​សម្រេច​ឱ្យ​​បិទ​ខ្លុំបេ​រក្សា​ដាក់​ទុក​ក្នុង​អា​ស័​យ​ដ្ឋា​ន​ខាងលើ​ និង​សម្រេច​ មិន​ឱ្យ​បើក​ធ្វើ​អាជី​វ​កម្ម​បន្ត​ ហើយ​បាន​អញ្ជើញ​ម្ចាស់​ទី​តាំង​ឈ្មោះ​ ឆែ​ គី​ម​ ភេទ​ស្រី​ អាយុ​៥៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មក​នាយកដ្ឋាន​ ដើម្បី​បន្ត​នីតិវិធី​ ។ ប៉ុន្តែ​ជាក់ស្ដែង​ ម្ចាស់​ទីតាំង​រូប​នេះ​ ពុំ​ត្រូវ​បាន​ឃាត់ខ្លួន​ឡើយ​ គ្រាន់​តែ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​តែ​ប៉ុណ្ណោះ​ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print