បញ្ចប់គម្រោងដាក់ភ្លើងស្តុបនៅផ្លូវជាតិលេខ១ក្នុងខណ្ឌច្បារអំពៅហើយ

ចែករំលែក៖

ភ្នំពេញ៖ គម្រោងស្ថាបនាភ្លើងស្តុបដាក់នៅតាមបណ្តោយផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ពេលនេះបានបញ្ចប់គម្រោងជំហ៊ានទី១ហើយ នៅសល់គម្រោងជំហ៊ានទី២ទៀត មិនទាន់ដឹងថាចាប់ផ្តើមអនុវត្តនៅពេលណានោះទេព្រោះម្ចាស់ជំនួយដែលជាដៃគូអភិវឌ្ឍន៍ពុំទាន់សម្រេចនៅឡើយទេ ។

ការអនុវត្តន៍គម្រោងដាក់ភ្លើងស្តុបជំហ៊ានទី១ដាក់ចំនួន៥គោលដៅ ដោយចាប់ផ្តើមអនុវត្តគម្រោងចាប់ពីផ្លូវបំបែកជាបួនរវាងផ្លូវលេខ៣៦៣ កែងជាមួយផ្លូវជាតិលេខ១ គល់ស្ពានព្រះមុនីវង្សត្រើយខាងកើតរហូត ទៅ ដល់ ផ្លូវបំបែកជា៤ច្រកចូលបុរីប៉េងហួតផ្នែកខាងកើតឆ្លងកាត់ទៅផ្លូវចូលដេប៉ូអេតចាយក្នុងភូមិបឹងស្នោ សង្កាត់និរោធ ចំពោះការអនុវត្តន៍គម្រោងជំហ៊ានទី២ ចាប់ពីច្រកចេញចូលក្រុមហ៊ុនផាន អ៊ីមិចទៅដល់ផ្លូវបំបែកចូលរោងចក្រស្រាបៀថៃហ្គ័រមិនទាន់ដឹងថាចាប់ផ្តើមនៅពេលណានោះទេ ។

លោកវរៈសេនីយ៍ឯក ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរបានឲ្យដឹងថា ការអនុវត្តន៍គម្រោងដាក់ភ្លើងស្តុបនៅតាមបណ្តោយផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ក្រុមការងារចាប់ផ្តើមធ្វើតាំងពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ស្ថាបនាដោយក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការរាជធានីភ្នំពេញ សហការជាមួយក្រុមការងារបច្ចេកទេសមកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលហៅកាត់ថា JICA ។ គោលដៅទី១ដាក់ភ្លើងស្តុបនៅផ្លូវបែកជាបួនចំណុចផ្លូវលេខ៣៦៣ កែងជាមួយផ្លូវជាតិលេខ១ ក្នុងសង្កាតច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

គោលដៅទី២ដាក់នៅចំណុចផ្លូវលេខ៣៦៧ មុខសាលាបឋមសិក្សាច្បារអំពៅ កែងជាមួយផ្លូវជាតិលេខ១ មុខវត្តច្បារអំពៅ និង គោលដៅទី៣ ដាក់នៅចំណុចផ្លូវបែកជាបួន រវាងផ្លូវចូលវត្តប្រជុំវង្សកែងជាមួយផ្លូវជាតិលេខ១ ចូលទៅកោះនរា ។ គោលដៅទី៤ ដាក់នៅច្រកចេញចូលអគ្គនាយកដ្ឋានវិទ្យុុនិងទូរទស្សន៍បាយ័ន្តកែងផ្លូវជាតិលេខ១ ។ គោលដៅទី៥ ដាក់នៅច្រកចេញចូលបុរីប៉េងហួតទល់មុខអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ គោលដៅទី៦ ដាក់នៅចំណុចផ្លូវបំបែកជា៤រវាងច្រកចេញចូលបុរីប៉េងហួតផ្នែកខាងកើតទៅកាន់ច្រកចេញចូលដេប៉ូលក់ខ្សាច់ខាងក្រោយដេប៉ូលក់អេតចាយក្នុងភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បាបារអំពៅ ។

ដោយឡែកជំហ៊ានទី២ក្រុមការងារបច្ចេកទេសនិងរៀបចំដាក់ភ្លើងស្តុបនៅពេលខាង ចាប់ពីចំណុចច្រកចេញចូលដីឧកញ៉ា ស៊ុយ សុផាន ទៅដល់ចំណុចផ្លូវជាតិលេខ១ ចូលទៅផ្លូវរោងចក្រថៃហ្គ័រ ។

លោក អធិការរងបានបន្តថា បើតាមគម្រោងដែលបានស្នើសុំទៅម្ចាស់ជំនួយមានចំនួន៩គោលដៅ ចាប់ពីគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត រហូតទៅដល់ផ្លូវបំបែកចូលរោងចក្រស្រាបៀថៃហ្គ័រ ។

តាមរយៈការស្នើសុំ ក្រុមការងារបច្ចេកទេសមកពីមន្ទីរសាធារណការរាជធានីភ្នំពេញនិងក្រុមការងាររបស់JICa បានចុះមកសិក្សាទើបឈានដល់ការដាក់ភ្លើងស្តុបទៅតាមគោលដៅដែលជាចំណុចស្មុគ្រស្មាញ់ក្នុងការធ្វើចារាចរ ។

ជាលទ្ធផលជំហ៊ានទី១ក្រុមការងារដាក់ភ្លើងស្តុបបានចំនួន៦គោលដៅហើយ នៅសល់៣គោលដៅទៀតមិនទាន់ដឹងថាចាប់ផ្តើមអនុវត្តគម្រោងនៅពេលណានោះទេ ។

លោកអធិការរងបានសង្កត់ធ្ងន់ថា ពេលនេះមិនទាន់ដាក់ឲ្យដំណើរការនោះទេគ្រាន់តែរៀបចំដាក់បង្គោលភ្លើងស្តុបនិងរៀបបណ្តាញភ្លើងឲ្យរួចរាល់យ៉ាងយូសប្តាហ៍ក្រោយនិងដាក់ឲ្យដំណើរការហើយ ។ បន្ទាប់ពីដាក់ឲ្យដំណើរការ លោកមានការជឿជាក់ថានិងសម្រួលចរាចរបានល្អប្រសើរជាសព្វថ្ងៃនេះ ព្រោះមិនសូវប្រើកម្លាំងនគរបាលចរាចរឈរនៅលើផ្លូវដើម្បីសម្រួលចរាចរនោះឡើយ ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print