អាមេរិកចាំបាច់ត្រូវតែកៀរគរប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ា ព្រោះខ្លាចងាកទៅរកប្រទេសរុស្សុី

ចែករំលែក៖

ប្រទេសជាច្រើននៅជុំវិញពិភពលោក ពិសេសគឺប្រទេសតំបន់មជ្ឈិមបូព៌ា មួយ ចំនួនបានងាកទៅកាន់ប្រទេសរុស្ស៊ី ដោយសារតែពួកគេលែងទុកចិត្តអាមេរិក។ ទាំង នោះហើយបានជាអាមេរិក ចាំបាច់ត្រូវតែបង្កើនការអូសទាញប្រទេស ទាំងនោះមកវិញបើមិនចង់ឲ្យបាត់បង់ជាបន្តទៀត ។

បច្ចុប្បន្នប្រទេសដែលដើរតួនាទីយ៉ាងសំខាន់ទាំងនៅតំបន់អារ៉ាប់ក៏ដូចជានៅមជ្ឈិមបូព៌ា នោះគឺប្រទេសអេហ្ស៊ីប ។ កន្លងមកសហរដ្ឋអាមេរិកបានសម្រេចផ្អាកជំនួយយោធា ដែលមានតម្លៃជាទឹកប្រាក់ចំនួន ១៩៥លានដុល្លារអាមេរិកដល់ប្រទេស អេហ្ស៊ីប ដើម្បីជាការឆ្លើយតបចំពោះការ បង្កើនកិច្ចសហប្រតិបត្តិការរវាងអេហ្ស៊ីប ជាមួយនឹងប្រទេសកូរ៉េខាងជើង និងចំពោះវិធានការបង្ក្រាបរបស់ប្រធានាធិបតី លោក ស៊ីស៊ី (Sisi) ទៅលើក្រុមសង្គមស៊ីវិល។ មិនតែប៉ុណ្ណោះ អាមេរិកថែមទាំងបានដាក់លក្ខខណ្ឌមួយចំនួន ទៅលើប្រទេសដែលខ្លួនចោទថាផ្ដាច់ការមួយនេះ ក្នុងនោះមាន ដូចជា ការបង្ខំឱ្យបញ្ឈប់ទំនាក់ទំនងការ ទូតជាមួយប្រទេសកូរ៉េខាងជើងជាដើម។

ប៉ុន្តែថ្មីៗកន្លងទៅនេះរដ្ឋាភិបាលលោក ដូណាល់ ត្រាំ បែរជាផ្លាស់ប្តូរឥរិយាបថ ដោយបានប្រកាសថា ខ្លួននឹងផ្ដល់ជំនួយ ដល់អេហ្ស៊ីបវិញ បើទោះបីជារដ្ឋាភិបាល លោក Sisiមិនបានបំពេញតាមលក្ខខណ្ឌដែលបានកំណត់ក្តី ដោយបានបញ្ជាក់ថា ការរឹតបន្តឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអេហ្ស៊ីប គឺជារឿងសំខាន់សម្រាប់សន្តិសុខអាមេរិក។ តើហេតុផលនេះវា គ្រប់គ្រាន់ដែរឬទេ? ហេតុអ្វីបានជាអាមេ រិកបែរជាផ្លាស់ប្តូរភ្លាមៗ ដោយមិនបន្តដាក់សម្ពាធលើរដ្ឋាភិបាលអេហ្ស៊ីប ដែលរបប ខ្លួនចោទថាផ្ដាច់ការតែបែងជាបន្តផ្ដល់ ជំនួយទៅវិញ?

ក្រុមអ្នកឯកទេសបានលើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិកមិនផ្តល់ជំនួយនោះ អេហ្ស៊ីបអាចនឹងងាកទៅរករុស្ស៊ី ហើយទំនាក់ទំនងសន្តិភាពរវាងអេហ្ស៊ីប-អុីស្រាអែល ក៏អាចប្រឈមមុខនឹងគ្រោះ ថ្នាក់ដែរ។

អេហ្ស៊ីបកំពុងប្រើប្រាស់មធ្យោបាយ ញុះញង់ឱ្យសហរដ្ឋអាមេរិក និងរុស្ស៊ីប្រជែង គ្នាទៅវិញទៅមក ដើម្បីបង្កើនអានុភាព រៀងៗខ្លួន។ អេហ្ស៊ីបប្រើប្រាស់យុទ្ធសាស្ត្រកំញើញ ដោយចង់ដោះដៃពីអាមេរិក សហរដ្ឋ ហើយឈោងចាប់យករុស្ស៊ី។ តែអេហ្ស៊ីបនឹងបន្តធ្វើកិច្ចសហការជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីទទួលបានអ្វីដែលខ្លួនមិនអាចយកបាន ពីរដ្ឋាភិបាល ទីក្រុងមូស្គូ ជាក់ស្តែងដូចជាគ្រឿងសព្វាវុធផ្សេងៗជាដើម និងដើម្បីទទួលបានឱកាសចូលទៅកាន់ទីផ្សារអន្ដរជាតិ ស្របពេល ដែលខ្លួនក៏កំពុងរក្សាទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលក្រឹមឡាំង ដើម្បីពង្រឹងជំហរក្នុងការចរចាសន្តិភាព។

បើនិយាយពីសន្ធិសញ្ញាសន្តិភាពរវាងអេហ្ស៊ីប នឹងអុីស្រាអែលវិញអាមេរិកហាក់លែងមានប្រយោជន៍សម្រាប់អេហ្ស៊ីបទៀតហើយ អេហ្ស៊ីបមិនត្រូវការកិច្ចអន្តរាគមន៍ ឬសម្របសម្រួលពីអាមេរិកទៀតនោះទេ។ មូលហេតុដោយសារតែអេហ្ស៊ីប មិនមាន ចំណាប់អារម្មណ៍ ក្នុងការប្រឈមមុខជា មួយអុីស្រាអែលតទៅទៀត។ ផ្ទុយទៅវិញអុីស្រាអែលអាចក្លាយជាដៃគូមួយក្នុងតំបន់ ដ៏សំខាន់បំផុតរបស់រដ្ឋាភិបាលក្រុងគែរ។

រយៈពេលកន្លងមកអាមេរិកបានដាក់សម្ពាធទៅលើប្រទេសអេហ្ស៊ីប ប៉ុន្តែការ ដាក់សម្ពាធ គ្មានប្រសិទ្ធភាពដូចការផ្ដល់ ជំនួបនោះឡើយ ។ ថ្មីៗនេះការផ្អាកជំនួយ អាមេរិក ជំរុញឱ្យរដ្ឋាភិបាលអេហ្ស៊ីបចាប់ផ្តើមសើរើឡើងវិញនូវរឿងក្ដីកាលពីឆ្នាំ ២០១៣ កន្លងទៅ ព្រមទាំងបានបង្កើន ទំនាក់ទំនងល្អ ជាមួយកូរ៉េខាងជើងថែម ទៀតផង។ ការដាក់គំនាប ដោយការផ្អាក ជំនួយជាដើម ដើម្បីផ្លាស់ប្តូរឥរិយាបថមេ ដឹកនាំអេហ្ស៊ីបជារឿងមួយ ដែលត្រូវខាត ពេលវេលាច្រើន។ ហេតុនេះជំនួសឲ្យការដាក់ទណ្ឌកម្មដែលមិនសូវទទួលបានផលចំណេញ អាមេរិកសម្រេចប្រើប្រាស់ធម៌ ត្រជាក់ដោយការផ្ដល់ជំនួយជំនួសវិញ។

នៅពេលនេះសហរដ្ឋអាមេរិកផ្ដល់ជំនួយដល់អេហ្ស៊ីប ដើម្បីទទួលបានសិទ្ធិសំខាន់ៗ ដូចជាការឆ្លងកាត់ព្រែកជីកស៊ុយអេ និង សិទ្ធិហោះហើរលើដែនអាកាសអេហ្ស៊ីបជាដើម។ ការផ្ដល់ជំនួយខាងលើនេះ បាន ផ្ដល់ឱកាសដល់កងនាវាជើងទឹកអាមេរិក ទទួលបានសិទ្ធិក្នុងការឆ្លងកាត់ព្រែកជីកស៊ុយអេ ដែលជាច្រកនាវាដ៏សំខាន់សម្រាប់អាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា។ ជាមួយគ្នា នេះដែរ អេហ្ស៊ីបមិនបានគិតប្រាក់ពីសហ រដ្ឋអាមេរិក លើថ្លៃបើកបរយន្តហោះឆ្លងកាត់ដែនអាកាសរបស់ខ្លួនដូចគ្នា។ ប៉ុន្តែសិទ្ធិ ក្នុងការឆ្លងកាត់ដែនអាកាសអេហ្ស៊ីប ហាក់មិនសូវមានអត្ថប្រយោជន៍ច្រើនដូចមុនឡើយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងដកកងកម្លាំង សហរដ្ឋអាមេរិកពីក្នុងតំបន់ ហើយកងទ័ពអាមេរិកងាកទៅពឹងផ្អែកកាន់តែខ្លាំងលើ មូលដ្ឋានអាកាស យូដេដ (Udeid) នៅ ប្រទេសកាតារជំនួសវិញ។

អេហ្ស៊ីបត្រូវការជំនួយ ១,៣ពាន់លាន ដុល្លារជាចាំបាច់ សម្រាប់ប្រតិបត្តិការប្រឆាំងភេរវកម្មនៅតំបន់ស៊ីណៃ។ យោធាអេហ្ស៊ីប បាន និងកំពុងតស៊ូដើម្បីកម្ចាត់ក្រុមឧទ្ទាមចំនួន ១,០០០នាក់ ដែលជាបណ្ដាញនៃ រដ្ឋអ៊ិស្លាម និងមានមូលដ្ឋាននៅតំបន់ ស៊ីណៃ អស់រយៈពេល៥ឆ្នាំមកហើយ។ យុទ្ធនាការយោធា បានបរាជ័យដោយមិនអាចបង្រ្កាបពួកសកម្មប្រយុទ្ធបានឡើយ។ ឆ្នាំ២០១៧ ត្រូវបានចាត់ទុកជាឆ្នាំបង្ហូរឈាមដ៏ខ្លាំងក្លាបំផុត ក្នុងប្រវត្តិសាស្រ្ត អេហ្ស៊ីបសម័យទំនើប ព្រោះមានមនុស្សស្លាប់ច្រើនបំផុតដោយសារភេវរកម្ម។ អេហ្ស៊ីបត្រូវការជំនួយជាចាំបាច់ពីសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាប្រឈម ប៉ុន្តែអ្វីដែលត្រូវការបំផុតនោះ គឺការបណ្តុះបណ្តាលបែបយុទ្ធសាស្ត្រ មិនមែនអាវុធ នោះទេ។

តាមពិតទៅប្រទេសអេហ្ស៊ីបមានអាវុធគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងពួកឧទ្ទាមរដ្ឋអ៊ិស្លាម។ ប៉ុន្តែអ្វីដែលជាបញ្ហាពិតប្រាកដ គឺយោធាអេហ្ស៊ីបមិនទាន់មានភាពស្ទាត់ ជំនាញ ក្នុងការប្រើប្រាស់អាវុធទំនើបៗទំាងនោះទេ។ ជំនួសឱ្យការទទួលយកយុទ្ធ សាស្ដ្រទំនើប មានប្រសិទ្ធភាពដើម្បីកម្ចាត់ ពួក IS ចេញពីប្រទេសអុីរ៉ាក់ និងស៊ីរី កង កម្លាំងប្រដាប់អាវុធរបស់អេហ្ស៊ីប បែរជា បន្តពឹងផ្អែកលើយុទ្ធសាស្រ្តសាមញ្ញៗ ដោយការដឹកនាំកម្លាំងដ៏លើសលប់ប្រឆាំងនឹង ពួកសកម្មប្រយុទ្ធ ដែលបានបង្កប់នៅក្នុង សហគមន៍ តែគ្មានប្រសិទ្ធភាពទាល់តែ សោះ។

យុទ្ធសាស្ត្របែបនេះមិនត្រឹមតែមិនជោគជ័យប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ ដល់ប្រជាជនស៊ីណៃថែមទៀត ហើយជ័យជម្នះប្រឆាំងនឹងពួករដ្ឋអ៊ិស្លាម គឺជារឿង មិនអាចទៅរួចទេ។ ហេតុនេះហើយបាន ជារហូតមកទល់ពេលនេះ អេហ្ស៊ីបនៅតែត្រូវការប្រាក់ច្រើនសន្ធឹកសន្ធាប់ ដើម្បីទប់ទល់នឹងពួកឧទ្ទាមទាំងនោះ។ ទាំងនេះ ជាមូលហេតុដែលជំរុញឱ្យអាមេរិក ផ្ដល់ ជំនួយដល់រដ្ឋាភិបាលអេហ្ស៊ីបដែលខ្លួនចោទថាផ្ដាច់ការ បើទោះបីជាអេហ្ស៊ីបមិនបានបំពេញតាមលក្ខខណ្ឌ ដែលអាមេរិក បានកំណត់ទុកក្តី៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print