ខេត្តពោធិ៍សាត់៖ រថយន្តកាមរីបាឡែនបុកគូថរថយន្តម៉ាកហ្វតរបស់លោកវរៈសេនីយ៍ត្រីការិយាល័យកងទ័ពជើងគោកប្រចាំព្រំដែនកម្ពុជា-ថៃម្នាក់ ព្យាយាមបើករត់ជិត២០គីឡូម៉ែត្រទើបចាប់បានរកឃើញសុទ្ធតែឈើគ្រញូង ប៉ុន្ដែអ្នកបើកបរគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ប្រែជាការបង្ក្រាបឈើគ្រញូងខុសច្បាប់ខាងលើបានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចលោកឧកញ្ញាឃាំ្លងមឿង ស្ថិតក្នុងភូមិជំរុំសៀម សង្កាត់លលកសក្រុង ខេត្តពោធិ៍សាត់ ។
រថយន្តបង្កហេតុគ្រោះថ្នាក់ចរាចរណ៍ត្រូវបានសមត្ថកិច្ចបង្ក្រាបម៉ាកតូយូតាកាមរីបាឡែនពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2D-5893ដឹកឈើគ្រញូង ។
បើតាមលោកវេរៈសេនីយ៍ត្រី យឹម ប៊ុនធឿន នៅការិយាល័យកងទ័ពជើងគោកប្រចាំច្រកព្រំកម្ពុជាថៃបានឲ្យដឹងថា លោកនិងក្រុមការងារធ្វើដំណើរដោយរថយន្ត ១គ្រឿងម៉ាកហ្វតពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2Y-1035 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចទីរួមស្រុកបាកាន ខេត្តពោធិ៍សាត់រថយន្តបង្កបានបុករថយន្តរបស់ពួកគាត់ពីក្រោយពេញទំហឹង ប៉ុន្តែរថយន្តបង្កព្យាយាមបើករត់គេចខ្លួនរហូតដល់ចំណុចខាងលើដោយមានកិច្ចសហការពីកម្លាំងនគរបាលប្រឆាំងបទលើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ស្ទាក់ចាប់បានតែម្តងប៉ុន្ដែអ្នកបើកបរបានរត់គេចខ្លួនពេលឆែកឆេឃើញសុទ្ធតែឈើក្រញូង។ ក៏បានប្រគល់ឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់រដ្ឋបាលព្រៃឈើសំពៅមាសហើយវត្ថុតាងរថយន្ត និងឈើបានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធ៏សាត់។ក្នុងនោះលោកជា ប៊ុនលីនាយសង្កាត់រដ្ឋបាលព្រៃឈើសំពៅមាសបានឲ្យដឹងដែថាឈើក្រញូងត្រូវបានបង្ក្រាបមានចំនួន 75ដុំមានទម្ងន់ចំនួន452 គីឡូក្រាមស្មើរនិង0,376ម៉ែត្រគូប ៕
ដោយ៖ ប៉ឹមពិន