ខេត្តកណ្តាល ៖ បុរសម្នាក់ដែល ព្យាយាមគេចខ្លួនពួនអាត្មារយៈពេល៨ឆ្នាំមកហើយនោះ ឥឡូវនេះត្រូវកម្លាំង នគរបាលព្រហ្មទណ្ឌស្រុកសហការជាមួយនគរបាលប៉ុស្តិ៍កំពង់ស្វាយស្វែងរក ចាប់ខ្លួនបាននៅវេលាម៉ោង ៩១០នាទី ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ក្នុងភូមិ ព្រែកទំនប់ ឃុំកំពង់ស្វាយ ស្រុកកៀន ស្វាយ ។ ជនជាប់ចោទមានឈ្មោះ ស្រស់ សោភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិព្រែកទំនប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ។
លោក វង សែ អធិការរងព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាលស្រុកបានប្រាប់នគរវត្តថា ករណីចាប់ខ្លួនជនសង្ស័យរូប នេះធ្វើឡើងទៅតាមដីការបង្គាប់អោយចាប់ខ្លួនលេខ៣០៨ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តកណ្តាល ចេញដោយលោកគឹម ម៉េង ចៅក្រមសេឺបសួរសាលាដំបូងខេត្ត ចោទប្រកាន់ជនល្មើសឈ្មោះ ស្រស់ សោភ័ណ្ឌ ហៅស្រួច ភេទប្រុស អាយុ៣៣ឆ្នាំ ពីបទ ប៉ុនប៉ងមនុស្សឃាត ប្រព្រឹត្តិធ្វើឡើងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៨ នៅកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
លោកអធិការរងបានបន្តថា ជន សង្ស័យបានធ្វើសកម្មភាពមុនពេលលោកចូលកាន់តំណែងតាំងពី៨ឆ្នាំមុននៅក្នុងភូមិសាស្ត្រស្រុកស្អាង ហើយគេចមកសម្ងំលាក់ខ្លួននៅផ្ទះក្នុងភូមិព្រែកទំនប់ ឃុំកំពង់ស្វាយ ធ្វើដូចជាគ្មានរឿងអ្វីឥញ្ចឹង ។ បន្ទាប់មកភាគីខាងរងគ្រោះបានដាក់ពាកក្យបណ្តឹងមកសាលាដំបូងខេត្ត ហើយត្រូវបានចៅក្រមសេឺបសួរចេញដីការអោយចូលខ្លួនទៅបំភ្លឺចំនួន៣ដង តែជនសង្ស័យគេចខ្លួនរហូត ។ ដោយការគេចវេចមិនព្រមចូលខ្លួនទើបលោកចៅក្រមសេឺបសួរសាលាដំបូងខេត្តចេញដីការបង្ក្រាបអោយស្វែងរកចាប់ខ្លួន ហើយត្រូវសមត្ថកិច្ចអនុវត្តដីការ ឈានដល់ការចាប់ខ្លួនបាននៅគ្រាដែលជនសង្ស័យលាក់ខ្លួនក្នុងផ្ទះ ។ បច្ចុប្បន្ន ជនល្មើសត្រូវ បញ្ជូន ទៅសាលាដំបូង ខេត្តដើម្បីបន្តនីតិវិធី ៕ សណ្តោស
ប៉ុនប៉ងធ្វើមនុស្សឃាតឆ្នាំ២០០៨ត្រូវសមត្ថកិច្ចចាប់ខ្លួនឆ្នាំ២០១៥
...