ខេត្តស្វាយរៀង៖ យុវជនម្នាក់បានស្លាប់ក្រោយពេលបញ្ជូនមកមន្ទីរពេទ្យ បន្ទាប់ពីរត់ដេញចាប់សត្វកណ្ដុរ ហើយចៃដន្យត្រូវអ្នកបើកម៉ាស៊ីនច្រូតស្រូវខ្វះការប្រុងប្រយត្ន័បណ្ដាលអោយកិនយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិត្រពាំងថ្នា ឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគបាលស្រុកកំពុងរោទន៍បានអោយដឹងថា យុវជនដែលស្លាប់មានឈ្មោះសូ កញ្ចារី អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ រីឯអ្នកបើកម៉ាស៊ីនច្រូតស្រូវមានឈ្មោះ ខាន់ សង្ហារ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ក្បែភូមិគ្នា ហើយត្រូវជាបងប្អូនជីដូនមួយ ដោយក្រោយពេលកើតហេតុជនបង្កឃើញសភាពការណ៍មិនស្រួល ក៏បានរត់គេចខ្លួនភ្លាមៗនៅពេលនោះផងដែរ ។
ប្រភពបន្តថា មុនពេលកើតហេតុ មានក្មេងៗជាច្រើនបាននាំគ្នារត់ដេញចាប់សត្វកណ្ដុរ និងសត្វពស់នៅទីស្រែមួយកន្លែងដោយម្ចាស់ស្រែបានជួលអ្នកបើកម៉ាស៊ីនច្រូតស្រូវអោយ ។
ក្រោយពីច្រូតស្រូវបានប្រមាណជាកន្លះម៉ោង ក៏មានយុវជនរងគ្រោះបានរត់ចាប់សត្វកណ្ដុរនៅខាងក្រោយម៉ាស៊ីនច្រូតស្រូវ ខណៈអ្នកបើកបរមិនបានងាកមើលក្រោយ ខ្វះការប្រុងប្រយត្ន័ ស្រាប់តែលឺសូរសំឡេងអូយ ជួយផង! បង្កអោយមានភាពភ្ញាក់ផ្អើលដល់ក្មេងៗ និងអ្នកភូមិនាំគ្នាចោមរោម និងស្រែកហៅក្រុមគ្រួសារជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ ប៉ុន្តែអកុសស ដោយមុខរបួសមានសភាពធ្ងន់ ក៏បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ ។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចនគបាលប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ាស៊ីនច្រូតស្រូវត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ឃុំ រាជមន្ទីរដើម្បីរង់ចាំការដោះស្រាយនាពេលក្រោយ ៕
ដោយ៖ យឹម សុថាន