ឧទ្ធម្ភាគចក្រ Apache របស់កងកម្លាំងយោធាអាមេរិកបានធ្លាក់នៅភាគកណ្តាលកូរ៉េកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ អំឡុងពេលធ្វើបេសកកម្មហ្វឹកហាត់បណ្តាលឲ្យបាត់បង់ជីវិតអាកាសយានិកទាំង២នាក់ដែលនៅក្នុងឧទ្ធម្ភាគចក្រនោះ ។ នេះបើតាមប្រភពព័ត៌មានពីកងកម្លាំងយោធា និងប៉ូលិស ។
មន្ត្រីបានអះអាងថា ឧទ្ធម្ភាគចក្របានហោះធ្លាក់ស្ថិតនៅក្នុងតំបន់ Wonju ខេត្ត Gangwon ។ លោក Jeff Davis អ្នកនាំពាក្យមន្ទីរបង់តាហ្គូនបានថ្លែងថា ឧទ្ធម្ភាគចក្រដែលធ្លាក់នោះស្ថិតនៅក្នុងកងពលធំទី២នៃកងទ័ពអាមេរិក ។
លោក Jeff Davis បានថ្លែងថា ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងអំឡុងពេលធ្វើបេសកកម្មហ្វឹកហាត់ និងបានបណ្តាលឲ្យអាកាសយានិក២នាក់បាត់បង់ជីវិត ។ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កើតឡើងកំពុងស្ថិតក្រោមការស៊ើបអង្កេត។
កងកម្លាំងទាហានអាមេរិកប្រមាណ២៨.៥០០នាក់បាននិងកំពុងឈរជើងនៅកូរ៉េខាងត្បូងដើម្បីចូលរួមសកម្មភាពការពារជាមួយកងកម្លាំងយោធាកូរ៉េខាងត្បូងប្រឆាំងកូរ៉េខាងជើង ។ កូរ៉េទាំងពីរមិនទាន់មានសន្ធិសញ្ញាបញ្ចប់សង្គ្រាមនៅឡើយទេ ប៉ុន្តែជាកិច្ចព្រមព្រៀងឈប់បាញ់ប៉ុណ្ណោះ ក្រោយសង្គ្រាមនៅឧបទ្វីបកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣នោះ ។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងយោធាកូរ៉េខាងត្បូងបានធ្វើសមយុទ្ធដោយបាញ់គ្រាប់ពិត ស្ថិតនៅលើដែនកោះមួយជិតព្រំដែនសមុទ្រដែលមានជម្លោះជាមួយកូរ៉េខាងជើង ។ ទីក្រុងព្យុងយ៉ាងបានគំរាមបាញ់ប្រហារតបតវិញ ប្រសិនបើមានការបាញ់ប្រហារណាមួយរបស់កូរ៉េខាងត្បូងចូលទៅកាន់ទឹកដីកូរ៉េខាងជើង មិនថានៅលើដែនទឹក ដែនគោក និងដែនអាកាសនោះឡើយ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត